ជាតិ
សេដ្ឋកិច្ច
វៀតណាម សម្រេចបើកឱ្យមានជើងហោះហើរត្រង់ មកកាន់ ខេត្តសៀមរាប
12, Dec 2023 , 2:38 pm        
រូបភាព
កម្ពុជា-វៀតណាម ឯកភាពឱ្យមានការហោះហើរត្រង់ពីទីក្រុងហាណូយមកកាន់ខេត្តសៀមរាប។ ជើងហោះត្រង់រវាងរដ្ឋធានីហាណូយ និងខេត្តសៀមរាបនេះ ត្រូវបានចុះហត្ថលេខាលើកិច្ចព្រមពៀង ក្រោមវត្តមានសម្តេច ហ៊ុន ម៉ាណែត និង លោកផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ក្នុងវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ​កម្ពុជា​-វៀត​ណាម ឆ្នាំ២០២៣ នាថ្ងៃទី១១ធ្នូ។

 
ក្រសួងទេសចរណ៍បានបញ្ជាក់ថា ការបើកឱ្យមានជើងហោះហើរត្រង់នេះ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា តាមរយៈការទាក់​ទាញ​ភ្ញៀវទេសចរ ពីប្រទេសវៀតណាម លំហូរធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយ​ធ្វើ​ដំណើរ និងការដឹកជញ្ជូន ជាដើម។ ជនជាតិវៀតណាម ជាទេសចរធំលំដាប់ទី២បន្ទាប់ថៃ ដែលបានមកលេងកម្សាន្ត នៅទឹកដីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល១០ខែ​នៃឆ្នាំ២០២៣។​
 
របាយការណ៍ពីក្រសួងទេសចរណ៍បានបង្ហាញថា ១០ខែមកនេះ  កម្ពុជាទទួលបានទេសចរជនជាតិវៀតណាមចំនួន ៩៥​​ ៨៩៥នាក់ កើនបាន៦៨,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលឆ្នាំ២០២២។ 
 
ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ គឺជាខួបទី៥៦ឆ្នាំនៃទំនងការ​ទូតផ្លូវ​ការ ​រវាងកម្ពុជា និងវៀតណាម។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងទាំងពីរនេះ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់៕
 

Tag:
 ទេសចរណ៍
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com