សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
វៀតណាមជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន
12, Dec 2023 , 3:25 pm        
រូបភាព
រថភ្លើងដឹកទំនិញចិន-វៀតណាម ចេញពីកំពង់ផែអន្តរជាតិ Xi
រថភ្លើងដឹកទំនិញចិន-វៀតណាម ចេញពីកំពង់ផែអន្តរជាតិ Xi'an ភាគពាយព្យខេត្ត Shaanxi របស់ចិន។ រូបភាព ៖ Xinhua
ចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំ។ ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងចិនមានចំនួន១ភាគ៤ នៃទំហំពាណិជ្ជកម្មសរុបរបស់វៀតណាមជាមួយពិភពលោក។ លើសពីនេះ វៀតណាមក៏ជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិននៅក្នុងអាស៊ានផងដែរ។

 
វៀតណាម និងចិន ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរវាងគ្នា។ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាទីផ្សារនាំចេញធំទី២ របស់វៀតណាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទន្ទឹមនេះ វៀតណាមបន្តកាន់តំណែងជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ចិនក្នុងអាស៊ាន។
 
ទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មរវាងវៀតណាម និងចិនសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ខ្លាំង។ បន្ថែមពីលើទំហំពាណិជ្ជកម្មទ្វេភាគីដែលកើនឡើងជាបន្តបន្ទាប់ វៀតណាមនៅតែបន្តជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់អាជីវកម្មចិន។
 
អស់រយៈពេល ១៥ឆ្នាំដែលវៀតណាម-ចិនបង្កើតទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចំណូលពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់។ នៅឆ្នាំ ២០០៨ ទំហំពាណិជ្ជកម្មភាគីទាំងពីរមានត្រឹមតែ​ ២០,៨ពាន់លានដុល្លារ ខណៈនៅឆ្នាំ២០២២ តួលេខនេះកើនឡើងដល់ជាង ១៧៥,៥ពាន់លានដុល្លារ(ដែលកើនឡើងជាង ៨ដង)។ ក្នុងនោះកំណើននៃការនាំចេញរបស់វៀតណាមទៅចិនគឺខ្ពស់ជាងការនាំចូល។ 
 
​ទន្ទឹមនេះ ចិនបាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ​ក្នុង​ទីផ្សារ​នាំ​ចេញ​របស់​វៀតណាម។ បច្ចុប្បន្នចិនជាទីផ្សារតែមួយគត់ក្នុងចំណោមទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាមដែលសម្រេចបាននូវកំណើនវិជ្ជមាន។ ការនាំចេញរបស់វៀតណាមទៅកាន់ចិនបានកើនដល់ ៦,២ភាគរយ នៅ១១ខែឆ្នាំនេះ ខណៈពេលដែលទីផ្សារសំខាន់ៗផ្សេងទៀតបានធ្លាក់ចុះ។ ការរំពឹងទុកនៃការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារមួយនេះនឹងបន្តកើនឡើង។
 
លើសពីនេះ ការ​នាំ​ចូល​របស់​វៀតណាម​ពី​​ចិន​មាន​ច្រើន​ជាង​គេ​ក្នុងចំណោមទីផ្សារ​ទាំង​អស់។ អត្រានៃការនាំចូលពីចិនក្នុងឆ្នាំ ២០១៨ មានចំនួន២៧,៦ភាគរយ  ខណៈឆ្នាំ ២០២០ និងឆ្នាំ ២០២១ បានកើនឡើងដល់ ៣២ភាគរយ និង៣៣,១ភាគរយរៀងគ្នា។​ នៅឆ្នាំ ២០២២ វាថយចុះបន្តិចមកត្រឹម ៣២,៨ភាគរយ ប៉ុន្តែក្នុងរយៈពេល ១០ខែឆ្នាំ២០២៣ វាបានកើនឡើងរហូតដល់ ៣៣,៥ភាគរយ។ 
 
យោងតាមស្ថិតិចុងក្រោយ ១១ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មវៀតណាម-ចិនបានឈានដល់១៥៥,៥៨ពាន់លានដុល្លារ។ ការនាំចូលរបស់វៀតណាមមានទំហំធំជាងការនាំចេញ ដូច្នេះចិនភាគច្រើនស្ថិតក្នុងស្ថានភាពអតិរេកពាណិជ្ជកម្មជាមួយវៀតណាម។
 
លោក ណុង ឌឹកឡាយ ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅចិនបានប្រាប់សារព័ត៌មានវៀតណាម VOV ថា ចំណូលពាណិជ្ជកម្មវៀតណាម-ចិនកំពុងកើនឡើងឥតឈប់ឈរ ហើយភាគីទាំងពីរ បានបើកទូលាយទីផ្សារសម្រាប់ផលិតផលទំនិញជាមួយគ្នាយ៉ាងច្រើន។ 
 
បើតាមលោក ណុង ឌឹកឡាយ ការវិនិយោគផ្ទាល់ពីបរទេសរបស់ចិននៅវៀតណាមមានការរីកចម្រើនខ្លាំង។ ក្រោយរយៈពេលជិត ១៥ឆ្នាំ ការវិនិយោគរបស់ចិននៅវៀតណាមបានកើនឡើងជិត១០ដង ដែលបច្ចុប្បន្នចិនជាប់ចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេស និងដែនដីជាង១៤០ ដែលវិនិយោគនៅវៀតណាម។
 
យោងតាមទិន្នន័យពីនាយកដ្ឋានវិនិយោគបរទេសរបស់ក្រសួងផែនការ និងវិនិយោគវៀតណាម គិតត្រឹម១១ ខែឆ្នាំនេះ ការវិនិយោគផ្ទាល់របស់ចិននៅវៀតណាមមាន ៤២០៣គម្រោងជាមួយទឹកប្រាក់ ២៧,២២៤ពាន់លានដុល្លារ៕ 

Tag:
 វៀតណាម
  ចិន
  អាស៊ាន
 ​ ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com