កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ten Hag ប្រឈមរបូតតំណែង ខណៈ Man Utd សល់ក្តីសង្ឃឹមតិចតួចបន្តនៅ UCL
12, Dec 2023 , 5:19 pm        
រូបភាព
ដោយ៖ជា យូគៀង អន្តរជាតិ កីឡាអន្តរជាតិ (Manchester United, Erik ten Hag)
អនាគតរបស់លោក Erik ten Hag នៅក្នុងក្រុម Manchester United កំពុងតែប្រឈមមុខនឹងការបណ្តេញចេញពីតំណែង ខណៈការប្រកួតនៅក្នុងពានរង្វាន់ក្លិបកំពូលអឺរ៉ុប UEFA Champions League នៅត្រឹមវគ្គចែកពូល ក្នុងជំនួបសំខាន់ចុងក្រោយត្រូវប៉ះ Bayern Munich នៅក្នុងទឹកដី Old Trafford វេលាម៉ោង ៣យប់ ឈានចូលថ្ងៃទី១៣ ខែធ្នូ។ 
បើទោះ ក្រុមរហស្សនាមបិសាចក្រហមបានប្រកួតយកឈ្នះលើក្រុម Chelsea ដោយលទ្ធផល ២-១ កាលពីសប្តាហ៍មុខនៅក្នុងក្របខណ្ឌ Premier League ក៏ដោយ ប៉ុន្តែការវិលត្រឡប់មកប្រកួតលើកចុងក្រោយទល់នឹងក្រុម AFC Bournemouth ក្រុមរបស់លោក Ten Hag បែរជាប្រកួតចាញ់ដោយលទ្ធផល ៣-០ ទៅវិញ។
ចំពោះលទ្ធផលចាញ់ការប្រកួតក្រោមថ្វីជើង Bournemouth នៅក្នុងទឹកដី Old Trafford អ្នកចាត់ការសញ្ជាតិហូឡង់នៅតែអះអាងថាក្រុមនឹងអាចកែប្រែលទ្ធផលល្អជាថ្មីនៅក្របខណ្ឌលីគកំពូលអង់គ្លេស។ ក្រុមបិសាចក្រហមនៅ Premier League បានឈានជើងឡើងមកដល់ចំណាត់ថ្នាក់លេខ ៦ វិញចាប់តាំងពីធ្វើមិនបានល្អនៅដើមរដូវកាល ប៉ុន្តែយ៉ាងណាកៅអីរបស់លោក Ten Hag អាចនឹងបាត់បង់ ប្រសិនរបូត ​UCL ត្រឹមវគ្គចែកពូលរដូវកាលនេះ។
មានតែឈ្នះតែមួយគត់ទៅលើក្រុមយក្សរបស់អាល្លឺម៉ង់ ហើយលុះត្រាក្រុម FC Copenhagen និង Galatasaray ស្មើគ្នាក្នុងជំនួបចុងក្រោយពូល A ដើម្បីអនុញ្ញាតឱ្យក្រុម Man United បន្តដំណើរទៅវគ្គ១៦ក្រុម។ ឆ្លងកាត់ ៥ប្រកួតកន្លងមក Man United រកបានត្រឹមតែ ៤ពិន្ទុ ប៉ុណ្ណោះ ហើយកំពុងស្ថិតនៅបាតតារាង។
«យើងពិតជាមិនស៊ីសង្វាក់គ្នា យើងមានសមត្ថភាពក្នុងការធ្វើវា ប៉ុន្តែត្រូវតែធ្វើវាជារៀងរាល់ការប្រកួត និងជារឿងរាល់ថ្ងៃទីបី។ ខ្ញុំគិតថាទោះជាក្រុមយើងមិនល្អគ្រប់គ្រាន់ដើម្បីក្នុងឱ្យស្របគ្នានោះទេ យើងត្រូវធ្វើការងារជាក្រុមដើម្បីឱ្យមានភាពប្រសើរឡើង។»។ លោក Ten Hag បាននិយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។
ក្រៅពីការប្រកួតរវាងក្រុម Man United ស្វាគមន៍ Bayern Munich ស្ថិតក្នុងពូល A ដូចគ្នា ក្រុម FC Copenhagen ត្រូវស្វាគមន៍ក្រុម Galatasaray វេលាម៉ោង ៣យប់ឈានចូលថ្ងៃទី១៣ ខែធ្នូ ដែលជាជំនួបដ៏សំខាន់របស់ក្រុមទាំងពីរដូចគ្នាដើម្បីអាចបន្តបានកៅអីក្នុងពានរង្វាន់ ​UCL ឬក៏កៅអី Playoffs ពានរង្វាន់ Europa League។
ខាងក្រោមនេះជាការប្រកួតរបស់ក្រុមដទៃផ្សេងទៀតក្នុងជំនួប UCL៖ 
ពូល B 
ក្រុម RC Lens ទទួល Sevilla និង PSV Eindhoven ទទួល Arsenal
ពូល C
ក្រុម ​SSC Napoli ទទួល SC Braga និង Union Berlin ទទួល Real Madrid
ពូល D 
ក្រុម FC Salzburg ទទួល Benfica និង Inter Milan ទទួល Real Sociedad៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com