ជាតិ
អាជ្ញាធរខណ្ឌទួលគោក តម្រូវឱ្យអ្នកលក់ដូរតាមរបងពេទ្យកុមារជាតិ រុះរើចេញក្នុងពេល៧ថ្ងៃ
12, Dec 2023 , 9:29 pm        
រូបភាព
រូបភាព៖ Btv
រូបភាព៖ Btv
ភ្នំពេញ៖ រដ្ឋបាលខណ្ឌទួលគោក តម្រូវឱ្យម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទតាមរបងមន្ទីរពេទ្យកុមារជាតិ រុះរើចេញក្នុងរយៈពេល៧ថ្ងៃ។ ចំណាត់ការនេះ ធ្វើឡើងក្នុងគោលបំណងរក្សាបានរបៀបរៀបរយ បញ្ចៀសបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។



បើតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខណ្ឌទួលគោក ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ សព្វថ្ងៃ អាជីវករជាច្រើនបានយកចិញ្ចើមផ្លូវដែលអមសងខាងរបងមន្ទីរពេទ្យកុមារជាតិ ធ្វើជាកន្លែងលក់ដូរ យ៉ាងកកកុញ។ ការណ៍នេះ បាននាំឱ្យបាត់បង់សណ្ដាប់ធ្នាប់ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ជាដើម។ 
 
ជុំវិញបញ្ហានេះ រដ្ឋបាលខណ្ឌទួលគោក បានស្នើឱ្យម្ចាស់អាជីវកម្មទាំងអស់ បញ្ឈប់បន្ទាន់ រាល់របរលក់ដូរគ្រប់ប្រភេទ ដែលរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវសាធារណៈ ក្នុងរយៈពេល៧ថ្ងៃ ដែលគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
 
ក្នុងករណី មិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងចាត់វិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗឡើយ។ ករណីមានការរារាំង និងប្រឆាំងតវ៉ាជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចុះរុះរើ រដ្ឋបាលខណ្ឌនឹងអនុវត្តវិធានការរដ្ឋបាល ហើយបើជាករណីធ្ងន់ធ្ងរនឹងឈានដល់អនុវត្តវិធានការច្បាប់៕ 
 

Tag:
 អាជីកម្មតាមថ្នល់
  រដ្ឋបាលខណ្ឌទួលគោក
  ពេទ្យកុមារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com