ជាតិ
ក្រសួងវប្បធម៌ បើកវគ្គសរសេររឿងខ្លី ដើម្បីជំរុញផលិតករវ័យក្មេងឱ្យមានជំនាញច្បាស់លាស់
13, Dec 2023 , 9:09 am        
រូបភាព
ភ្នំពេញ៖ នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានសហការជាមួយមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាពយន្តខ្លី និងទទួលការថតភាពយន្តនៅកម្ពុជា និង CineHub បើកវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា (Cambodia Film Lap) សម្រាប់ឆ្នាំ២០២៣នេះ។



វគ្គបណ្ដុះបណ្ដាលភាពយន្តខ្នាតខ្លីកម្ពុជានេះ បានបង្កើតជាលើកដំបូងក្នុងឆ្នាំ២០១៦ ដោយបណ្ដុះបណ្ដាលសិក្ខាកាមចំនួន៦ជំនាន់ គិតត្រឹមឆ្នាំ២០២៣  ដោយខកខាននៅឆ្នាំ២០២០ និងឆ្នាំ២០២១។ 
 
ក្នុងឆ្នាំ២០២៣នេះ វគ្គបណ្ដុះបណ្ដាល ចែកចេញជា២ផ្នែក ដោយរៀនតាមអនឡាញ និងរៀនផ្ទាល់​។ ការសរសេរអត្ថបទកុន (Script Writing Scrin play) រៀនតាមអនឡាញ រយៈពេល៦ថ្ងៃ។ ផ្នែកដឹកនាំ (Directing) រៀនផ្ទាល់១ថ្ងៃ។ ផ្នែកបច្ចេកទេសថត (Cinematography) រៀនផ្ទាល់ចំនួន២ថ្ងៃ។ ផ្នែកតុបតែងឆាក (Arts and Prop) រៀនផ្ទាល់ចំនួន១ថ្ងៃ។ ផ្នែកបច្ចេកទេសយកសំឡេង (Sound mixing) រៀនផ្ទាល់១ថ្ងៃ។ ផ្នែកកាត់ត (Editing) រៀនផ្ទាល់១ថ្ងៃ។


លោក ជៀប សុវិជ្ជា ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាពយន្តខ្លី និងទទួលការថតភាពយន្តនៅកម្ពុជា
 
លោក ជៀប សុវិជ្ជា ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាពយន្តខ្លី និងទទួលការថតភាពយន្តនៅកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗថា តាមរយៈការផ្សព្វផ្សាយជ្រើសរើសបេក្ខជន តាមទំព័រហ្វេសប៊ុក របស់ Cambodia Film Commission ក្នុងរយៈពេល២សប្ដាហ៍ វគ្គបណ្ដុះបណ្ដាល ទទួលបានបេក្ខជនដែលដាក់ពាក្យ ជិត១៥០នាក់។ ការដាក់ពាក្យនេះ លើសការរំពឹងទុក។ លោកបន្ថែមថា វគ្គបណ្ដុះបណ្ដាល មានគម្រោងជ្រើសរើសសិក្ខាកាម តែចំនួន២០រូបប៉ុណ្ណោះ សម្រាប់វគ្គបណ្ដុះបណ្ដាល​ ក្នុងឆ្នាំនេះ។ ប៉ុន្តែជាក់ស្ដែង គម្រោងត្រូវបានដូរ ដោយបានផ្ដល់ឱកាស ដល់សិក្ខាកាម រហូតដល់ទៅ ២៨នាក់។
 
លោក សុវិជ្ជា អះអាងថា គណៈកម្មការជ្រើសរើស មានការពិបាកក្នុងការសម្រេចចិត្ត ដោយសារតែ បេក្ខជនសុទ្ធសឹងតែមានចំណង់ចំណូលចិត្ត និងបទពិសោធន៍ល្អៗ ក្នុងវិស័យភាពយន្តកន្លងទៅ។  
 
លោក វិជ្ជា បន្ថែម៖«សូមប្អូនៗទាំងអស់ ដែលជាសិក្ខាកាម ខំយកចិត្តទុកដាក់រៀន និងមានវត្តមានគ្រប់វគ្គ កុំឱ្យថាដល់ទៅរៀនចប់ យើងអត់ចេះអីសោះ។ ដូច្នេះយើងមានឱកាសរៀន យើងត្រូវប្រឹងប្រែងរៀន ដើម្បីអភិវឌ្ឍន៍ចំណេះខ្លួនឯង»។

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានប្រាប់សារព័ត៌មានថ្មីៗថា នាយកដ្ឋានភាពយន្ត មានភារកិច្ចតម្រង់ទិស និងដឹកនាំក្នុងវិស័យភាពយន្ត ដែលជាផែនការអាទិភាព។ លោកថានាយកដ្ឋានភាពយន្ត បានមើលឃើញថា ការបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាការងារដ៏អាទិភាព និងចាំបាច់បំផុត ក្នុងការកសាងធនធានមនុស្សថ្មីៗ ដែលនឹងចូលរួម ក្នុងការអភិវឌ្ឍវិស័យភាពយន្ត ទៅថ្ងៃអនាគត។ 
 
«ភាពយន្តខ្នាតខ្លី គឺជាជំហាន បោះទៅរកខ្សែភាពយន្តខ្នាតវែង។ ក្នុងជំនាន់ទី១ ដែលបានបណ្ដុះបណ្ដាលកាលពីឆ្នាំ២០១៦ មានសិក្ខាកាមរបស់យើង ក្លាយជាផលិតករខ្នាតវែងរួចទៅហើយ ហើយកើតឡើងដោយមានសមត្ថភាពខ្លាំងតែម្ដង»។ នេះជាការអះអាងបន្ថែមរបស់លោក បូរក្ស។ 
 
ដោយមើលឃើញពី សម្ទុះនៃចំណាប់អារម្មណ៍ របស់យុវជនជំនាន់ក្រោយ លើវិស័យភាពយន្តច្រើន លោក សុវិជ្ជា ស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជានាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ រៀបចំវគ្គបណ្ដុះបណ្ដាលនេះជាបន្តបន្ទាប់ និង​អាច២ដងក្នុងមួយឆ្នាំ សម្រាប់ឆ្នាំក្រោយ។

 
ឆ្លើយតបទៅលោក ជៀប សុវិជ្ជា ដែលបានស្នើឱ្យមានវគ្គបណ្ដុះបណ្ដាលបែបនេះ មាន២ដងក្នុងមួយឆ្នាំ លោក ប៉ុក បូរក្ស ថានាយកដ្ឋាននឹងពិចារណា ហើយនឹងខិតខំរកលទ្ធភាព។
លោកថា នាយកដ្ឋានភាពយន្ត មានកម្លាំងនិងឆន្ទៈ រៀបចំវគ្គបណ្ដុះបណ្ដាលកាន់តែច្រើនទៀត នៅឆ្នាំបន្តបន្ទាប់ ពេលឃើញសិក្ខាកាម ប្រឹង​ប្រែងរៀនសូត្រ និងយកចំណេះទាំងនោះ ទៅអភិវឌ្ឍន៍វិស័យភាពយន្តនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង។ 
 
លោកថាការធ្វើឱ្យវិស័យមួយ មានភាពរីកចម្រើនបាន ចំណុចសំខាន់ គឺការអប់រំមនុស្ស។ លោកថាប្រសិនមិនមានធនធានមនុស្ស និងមិនមានការបណ្ដុះបណ្ដាលទេ នោះនឹងមិនអាចជំរុញការផលិត ឱ្យមានកម្រិតឈានឡើង ជានិរន្តរភាពឡើយ។
 
«សម្រាប់ខ្ញុំ ការបណ្ដុះបណ្ដាល គឺជាការងារមួយដ៏សំខាន់ និងចាំបាច់បំផុត សម្រាប់ការរួមចំណែក ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ក្នុងវិស័យភាពយន្ត ដើម្បីជួយគាំពារ ដល់សកម្មភាពនៃការផលិត ឱ្យមានគុណភាព»។ នេះជាការបញ្ជាក់បន្ថែម របស់លោក ប៉ុក បូរក្ស។



លោក ជៀប សុវិជ្ជា ថាក្នុងប្រទេសកម្ពុជា មិនទាន់មានសាលាភាពយន្តឡើយ ដូច្នេះរដ្ឋាភិបាល និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រឹងប្រែងរៀបចំវគ្គបណ្ដុះបណ្ដាលវគ្គខ្លីៗ រយៈពេល២ខែឬ៣ខែ ដើម្បីផ្ដល់ជំនាញ ដល់អ្នកស្រឡាញ់ខាងភាពយន្ត។
 
លោក វិជ្ជា ពន្យល់៖«មានក្មួយៗច្រើន ដែលគាត់ស្រឡាញ់ខាងភាពយន្ត ប៉ុន្តែគាត់មិនទាន់បានរៀន។ អ្នកខ្លះគាត់ចេះថតតាមគ្នា ខ្លះចេះសរសេរតាមគ្នា ប៉ុន្តែគាត់មិនដឹងពីរបៀបរបប វេយ្យាករណ៍នៃការផលិតកុន សរសេរកុន និង​ថតកុនជាដើម។ ដូច្នេះយើងយកគាត់មកបណ្ដុះបណ្ដាល ដើម្បីឱ្យគាត់ចេះរៀបចំតាមក្បួនខ្នាតត្រឹមត្រូវ»។
 
លោក ជៀប សុវិជ្ជា ថាបច្ចុប្បន្នមានការរៀនសូត្រតាមអនឡាញ  និងតាមយូធូប​ច្រើន អំពីការផលិតភាពយន្ត ឬការថតរឿងខ្លីនានា។ ប៉ុន្តែ​ពួកគេមួយចំនួន មិនដឹងពីរបៀបផលិតភាពយន្ត តាមក្បួនខ្នាតត្រឹមត្រូវឡើយ។ ពួកគេមួយចំនួន ​ចេះតែធ្វើដើម្បីបាន Like បាន View ច្រើន ប៉ុន្តែពួកគេភ្លេចគិតថា ភាពយន្តគឺជាកាំបិទមុខ២។ 



លោកថា ប្រសិនធ្វើភាពយន្តបានល្អ នឹងបណ្ដុះមនុស្សឱ្យមានឧត្តមគតិល្អ ក្លាយជាកោសិកានៃសង្គមជាតិ។ ប៉ុន្តែបើធ្វើដើម្បីបាន Like បាន View មិនគិតពីការអប់រំ នោះមនុស្សនឹងយកតម្រាប់តាម រឿងអាក្រក់ទាំងនោះដែរ។ លោក សុវិជ្ជា បានសំណូមពរដល់អ្នកផលិតភាពយន្តទាំងអស់ ទាំងខ្នាតខ្លី និងខ្នាតវែង ត្រូវបង្កប់ខ្លឹមសារអប់រំល្អៗ។
 
សូមបញ្ជាក់ថា ជាទូទៅវគ្គបណ្ដុះបណ្ដាលភាពយន្តខ្លីកម្ពុជា តែងរៀបចំឡើងចន្លោះខែ សីហាដល់ខែតុលា ជារៀងរាល់ឆ្នាំ។ ប៉ុន្តែឆ្នាំនេះមានការយឺតបន្តិច ដោយពន្យារហូតដល់ចុងឆ្នាំ២០២៣ ទើបបើកវគ្គបណ្ដុះបណ្ដាល។ ទោះជាយ៉ាងណា វគ្គបណ្ដុះបណ្ដាលនីមួយៗ ត្រូវផលិតរឿងគោលចំនួន២ ដើម្បីឱ្យសិក្ខាកាមអនុវត្តិ ក្រោយរៀនចប់វគ្គបណ្ដុះបណ្ដាល​។ ប៉ុន្តែប្រសិនមានអ្នកចាប់អារម្មណ៍ លើសេណារីយោកុន ដែលសិក្ខាកាមសរសេរ ពួកគេអាចទាក់ទងទៅសិក្ខាកាមផ្ទាល់ និងអ្នករៀបចំកម្មវិធី ដើម្បីផលិតកុននោះ ក៏បានដែរ៕ 

Tag:
 ក្រសួងវប្បធម៌
  ភាពយន្ត
  វគ្គខ្លី
  ផលិតករ
 
© រក្សាសិទ្ធិដោយ thmeythmey.com