ជាតិ
កម្ពុជា ដាក់ទិសដៅប្រែក្លាយរបរកសិកម្មលក្ខណៈគ្រួសារ ទៅជាការនាំចេញ
13, Dec 2023 , 10:58 am        
រូបភាព
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ជិន បា សឿង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន THACO។ រូបភាព៖ STPM
សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក ជិន បា សឿង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន THACO។ រូបភាព៖ STPM
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញទិសដៅប្រែក្លាយរបរកសិកម្មលក្ខណៈគ្រួសារ ទៅជាយុទ្ធសាស្រ្តនៃការនាំចេញ ដែលមានតម្លៃបន្ថែមខ្ពស់។ នេះជាការអះអាងរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំនួបជាមួយ លោក ជិន បា សឿង (Tran Ba Duong) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO) នាដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ធ្នូ នៅវៀតណាម។



ក្នុងជំនួបនោះដែរ សម្ដេច បានប្រាប់ទៅក្រុមហ៊ុន THACO ពីកិច្ចស្វាគមន៍ និងការយកចិត្តទុកដាក់ចំពោះការបណ្តាក់ទុនវិនិយោគរបស់ពួកគេក្នុងវិស័យកសិកម្មនៅកម្ពុជា។ ចំណែកឯ ក្រុមហ៊ុន THACO វិញ ក៏លើកឡើងពីគម្រោងនៃសកម្មភាពអាជីវកម្មរបស់ខ្លួននៅកម្ពុជា ជាពិសេស ការដុះដំណាំហូបផ្លែ, ដំណាំឧស្សាហកម្ម, រោងចក្រកែច្នៃ និងការចិញ្ចឹមសត្វ ព្រមជាមួយនឹងទិសដៅក្នុងការពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារដល់ពលរដ្ឋកម្ពុជា។
 
ជាមួយគ្នានេះ សម្តេចក៏បានរំឭកអំពីវិធានការមុតស្រួចមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ ដែលបានដាក់ចេញនៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ ដើម្បីដោះស្រាយបញ្ហាប្រឈមដែលវិស័យឯកជនកំពុងជួបប្រទះ នៅក្នុងការធ្វើធុរកិច្ច ដោយសំដៅធ្វើយ៉ាងណាទាក់ទាញ និងជំរុញការវិនិយោគបន្ថែមទៀត ទាំងប្រភពក្នុងស្រុក និងមកពីបរទេស ៕
 
 
 
 
 

Tag:
 កសិកម្ម
  ហ៊ុន ម៉ាណែត
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com