ជាតិ
វីដេអូ
វត្តមានត្រីបាណន់គីង្គក់ក្នុងសមុទ្រកម្ពុជា រួមចំណែកទាក់ទាញទេសចរ
13, Dec 2023 , 8:59 pm        
រូបភាព
វត្តមាន ត្រីបាណន់គីង្គក់ នៅកោះរ៉ុង ដែលថតដោយក្រុមអ្នកជ្រមុជទឹកកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ រូបភាព៖ ក្រសួងកសិកម្ម
វត្តមាន ត្រីបាណន់គីង្គក់ នៅកោះរ៉ុង ដែលថតដោយក្រុមអ្នកជ្រមុជទឹកកម្ពុជា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣។ រូបភាព៖ ក្រសួងកសិកម្ម
ភ្នំពេញ៖ ក្រុមល្បាតជលផលកម្ពុជា កាលពីថ្ងៃទី១១ ខែធ្នូ បានប្រទះឃើញត្រីបាណន់គីង្គក់ (Whale Shark) ​មួយក្បាល នៅត្រង់ចំណុចមុខឆ្នេរកូកូណាត់ ស្ថិតក្នុងសហគមន៍នេសាទ​ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។



បាណន់គីង្គក់ គឺជាប្រភេទត្រីកម្រជិតផុតពូជ។ ជាទូទៅគេប្រទះឃើញវាប្រមាណ១០ដងក្នុងមួយឆ្នាំៗ នៅប្រជុំកោះរ៉ុង កោះតាង និងកោះស្តេច។ បច្ចុប្បន្ន ពុំទាន់មានទិន្នន័យបញ្ជាក់ពីចំនួនត្រីបាណន់គីង្គក់ នៅកម្ពុជាទេ ដោយសារត្រីប្រភេទនេះចូលចិត្តផ្លាស់ទីពីប្រទេសមួយទៅប្រទេសមួយទៀត។
 
កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់សារព័ត៌មានឌីជីថលថ្មីៗ​ នៅថ្ងៃទី១៣ ធ្នូថា ការប្រទះឃើញត្រីកម្រនៅពេលនេះ បានបង្ហាញឱ្យឃើញពីដែនសមុទ្រកម្ពុជា មានសុវត្ថិភាព មានប្រព័ន្ធអេកូឡូស៊ីចម្រុះ ទឹកមានគុណភាពល្អ និងគ្មានការបំពុល។ វត្តមានត្រីបាណន់គីង្គក់ បានផ្ដល់កិត្តនាមដល់កម្ពុជា និងរួមចំណែកទាក់ទាញទេសចរ ជាពិសេសអ្នកជ្រមុជទឹក។ 
 

ទន្ទឹមនេះ ក្រសួងកសិកម្ម បានព្រមានថា ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។ 
 
គួរឱ្យដឹងថា ត្រីបាណន់គីង្គក់ មានប្រវែងរហូតដល់៦ម៉ែត្រ និងអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ វាស៊ីកូនបង្គា មឹក និងកូនត្រី ជាអាហារ។ ត្រីមួយប្រភេទនេះ ស្ថិតក្នុងក្រុមរងគ្រោះជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN ផងដែរ៕ 
 


Tag:
 អុឹម រចនា
  ត្រីបាណន់គីង្គក់
  Whale Shark
© រក្សាសិទ្ធិដោយ thmeythmey.com