ជាតិ
សេដ្ឋកិច្ច
ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប នឹងបញ្ចប់ក្នុងខែកុម្ភៈ ឆ្នាំ២០២៤
14, Dec 2023 , 10:56 am        
រូបភាព
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។ រូបថត៖ CDC
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។ រូបថត៖ CDC
បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC កំពុងសិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍផ្លូវល្បឿនលឿន ពីភ្នំពេញទៅខេត្តសៀមរាប។  ការសិក្សានេះ នឹងបញ្ចប់នាអំឡុងខែកុម្ភៈ ឆ្នាំ២០២៤។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។

 
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំកិច្ចប្រជុំលើកដំបូង នៃគម្រោងអភិវឌ្ឍន៍ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត​ នាថ្ងៃទី១៣ធ្នូ បន្ទាប់ពី ចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement – FA) ជាមួយក្រុមហ៊ុន​ចិន CRBC បានរយៈពេលជាង៥ខែមក។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលដៅជំរុញការអនុវត្តគម្រោង ខណៈក្រុមហ៊ុន​ CRBC កំពុងសិក្សាបឋមសមិទ្ធិលទ្ធភាព (Preliminary Feasibility Study – PSF)។
 
បើតាមCDC ការបញ្ចប់លើការសិក្សានៃការអភិវឌ្ឍផ្លូវល្បឿនលឿននេះ​ គឺមាន២ដំណាក់កាល។ ក្នុងនោះ ការសិក្សាលើកំណាត់ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប នឹងបញ្ចប់ក្នុងខែកុម្ភៈ និងការសិក្សាលើកំណាត់ផ្លូវល្បឿនលឿនពីសៀមរាប-ក្រុងប៉ោយប៉ែត គ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៤។​
 
គម្រោងអភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងទី៣ហើយរបស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បើកឱ្យដំណើរការបានជាង១ឆ្នាំមកហើយ ។ ចំណែកផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត កំពុងបើកដ្ឋានសាងសង់។​ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត មានប្រវែងជាង៤០០គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕
 

Tag:
 ផ្លូវល្បឿនលឿន
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com