ជាតិ
សេដ្ឋកិច្ច
រដូវកាល ស្ករត្នោតកំពង់ស្ពឺ មកដល់ហើយ!
14, Dec 2023 , 3:59 pm        
រូបភាព
 រូបភាព៖ សមាគមស្ករត្នោតកំពង់ស្ពឺ
រូបភាព៖ សមាគមស្ករត្នោតកំពង់ស្ពឺ
ភ្នំពេញ៖ ស្ករត្នោតកំពង់ស្ពឺ មានតែមួយរដូវប៉ុណ្ណោះក្នុងមួយឆ្នាំ ដែលគិតចាប់ពីខែធ្នូ ដល់ឧសភា។ អំឡុង៦ខែទាំងនេះ ជាពេលដ៏មមាញឹកសម្រាប់កសិករឡើងត្នោត និងកែច្នៃស្ករត្នោត បន្ទាប់ពីពួកគេបញ្ចប់រដូវច្រូតកាត់។ ក្នុងរដូវកាលនេះ ក៏ជាពេលដែលត្នោតចេញផ្កាច្រើន រីឯភ្លៀងវិញ មិនសូវធ្លាក់រំខានដល់ដំណើរឡើងត្នោត និងគុណភាពទឹកត្នោត។



លោក វី វាសនា ជំនួយការសហគមន៍ស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា ជាទូទៅការប្រមូលផលស្ករត្នោតកំពង់ស្ពឺ គឺចាប់ផ្ដើមពីខែធ្នូ ដល់ដំណាច់ខែឧសភា។ ការកំណត់ដូច្នេះ ដោយសារតែរដូវកាលនេះ ជាពេលដែលកសិករសម្រាកពីការងារធ្វើស្រែចម្ការ ហើយត្រឡប់មកឡើងត្នោតវិញ។ ក្នុងពេលជាមួយគ្នានេះ ត្នោតចេញផ្កាច្រើន រីឯភ្លៀងក៏មិនសូវធ្លាក់រំខានដល់អ្នកឡើងត្នោត និងគុណភាពទឹកត្នោតផងដែរ។ 
 
រយៈពេល៦ខែ នៃរដូវស្ករត្នោតកំពង់ស្ពឺនេះ មានតែខែធ្នូ ដល់ខែមីនាប៉ុណ្ណោះ ដែលកសិករអាចប្រមូលផល និងផលិតស្ករត្នោតបានច្រើន និងគុណភាពល្អ ព្រោះថា អាកាសធាតុអំណាយផល។ ចាប់ពីពាក់កណ្ដាលខែមីនាតទៅ បរិមាណ និងគុណភាពស្ករ ចាប់ផ្ដើមថមថយវិញ ដោយសារមេឃភ្លៀងច្រើន។ នេះបើតាមលោក វាសនា។
 
ជំនួយការសហគមន៍ស្ករត្នោតកំពង់ស្ពឺរូបនេះ បានប្រាប់ដូច្នេះថា៖«ស្ករដែលរាប់ថា ជាស្ករត្នោតកំពង់ស្ពឺ គឺចាប់ពីខែធ្នូ ដល់ចុងខែឧសភា។ ផុតពីខែឧសភាទៅ ដល់រដូវកសិករធ្វើស្រែវិញ ហើយក្នុងពេលនោះដែរមាន ភ្លៀង ផ្គរ រន្ទះច្រើន ដូច្នេះ ពួកគាត់ (កសិករ) មិនអាចឡើងត្នោតបានទេ។ ភ្លៀងនេះដែរ ក៏អាចប៉ះពាល់ដល់គុណភាពស្ករដែរ ដូច្នេះ ទើបយើងកំណត់រដូវឱ្យបានច្បាស់លាស់»។ 
 
ចំណែក លោក វិត សុគា និងលោក ឈិន ឆន ជាអ្នកឡើងត្នោត និងកែច្នៃស្ករត្នោត នៃសមាគមស្ករត្នោតកំពង់ស្ពឺ បានបង្ហាញក្ដីរីករាយចំពោះការឈានចូលរដូវស្ករត្នោត។ រដូវកាលនេះ បានផ្ដល់លទ្ធភាពខ្ពស់ឱ្យពួកគាត់រកចំណូលបន្ថែម តាមរយៈការប្រមូលផលទឹកត្នោតបានពេញលេញ។ 
 
កសិករទាំងពីររូបនេះ ចាត់ទុកការឡើងត្នោត និងកែច្នៃស្ករត្នោត ជារបរទីពីរ និងមិនអាចខ្វះបាន បន្ទាប់ពីស្រែចម្ការ។ ក្នុងមួយរដូវកាល ពួកគាត់ម្នាក់ៗ អាចផលិតស្ករត្នោតប្រភេទម្សៅប្រមាណ១ទៅ២តោន។ 
 
សមាគមស្ករត្នោតកំពង់ស្ពឺ មានសមាជិកប្រមាណ១៥០ គ្រួសារ កំពុងផលិតស្ករត្នោត ដោយក្នុងមួយគ្រួសារផលិតស្ករ ពីដើមត្នោតប្រហែល២០ទៅ៣០ដើម។ សមាគមមួយនេះ មានដើមត្នោតចំនួន៣៦០០ដើម បានកំពុងធ្វើជាជីវកម្មដើម្បីផលិតស្ករត្នោតម៉ាកសម្គាល់ភូមិសាស្រ្ត (GI)។ ជាទូទៅ គ្រួសារមួយអាចផលិតស្ករចន្លោះពី១ទៅ២,៥តោន ក្នុងមួយឆ្នាំ ដោយអាចរកចំណូលបានចន្លោះពី១៧០០ដុល្លារទៅ៣៨០០ដុល្លារ ក្នុងមួយរដូវកាល។ 
 
សូមជម្រាបថា រដូវស្ករត្នោតកំពង់ស្ពឺ ឆ្នាំ ២០២៣នេះ សមាគមស្ករត្នោតកំពង់ស្ពឺ ផលិតស្ករត្នោតប្រភេទម្យៅបានជាង១០០តោន សម្រាប់នាំចេញទៅអន្តរជាតិ និងស្ករសាច់ប្រមាណ៣០តោន សម្រាប់ចែកចាយលក់ក្នុងស្រុក៕ 

Tag:
 កសិកម្ម
  ស្ករត្នោត
  សមាគមស្ករត្នោតកំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com