សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
សហភាពអឺរ៉ុបបើកភ្លើងបៃតង បង្កើតស្ថាប័នឃ្លាំមើលការលាងលុយកង្វក់
15, Dec 2023 , 10:42 am        
រូបភាព
ប្រាក់អឺរ៉ូ ។ រូបភាព ៖ AFP
ប្រាក់អឺរ៉ូ ។ រូបភាព ៖ AFP
សភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅថ្ងៃទី១៣​ ខែធ្នូ បានព្រមព្រៀងគ្នាបង្កើតអាជ្ញាធរប្រឆាំងការលាងលុយកខ្វក់ (AMLA) ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់ ការគេចវេសពីទណ្ឌកម្ម និងការផ្តល់ហិរញ្ញប្បទានភេរវកម្ម។

 
សភាអឺរ៉ុប និងក្រុមប្រឹក្សាសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាបង្កើតស្ថាប័នថ្មីមួយដែលមានភារកិច្ចប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម។ ស្ថាប័ននេះមានឈ្មោះថា អាជ្ញាធរប្រឆាំងការលាងលុយកខ្វក់ (AMLA) នឹងទទួលខុសត្រូវក្នុងការត្រួតពិនិត្យ និងសម្របសម្រួលអាជ្ញាធរជាតិ ដើម្បីស្វែងរកនិងប្រយុទ្ធប្រឆាំងប្រតិបត្តិការឆ្លងដែនគួរឱ្យសង្ស័យ។ 
 
ដោយទទួលបានអំណាចត្រួតពិនិត្យ និងការដាក់ទណ្ឌកម្មដើម្បីធានាបាននូវការអនុលោមតាមច្បាប់ហិរញ្ញវត្ថុអឺរ៉ុប AMLA នឹងត្រួតពិនិត្យដោយផ្ទាល់ជុំវិញស្ថាប័នឥណទាន និងហិរញ្ញវត្ថុចំនួន ៤០ ដែលចាត់ទុកថាមានហានិភ័យបំផុតរួមទាំងអ្នកផ្តល់សេវាទ្រព្យសកម្មលុយអេឡិចត្រូនិចគ្រីបតូផងដែរ។  
 
សមាជិកសភាអឺរ៉ុបលោកស្រី Eva Maria Poptcheva បាននិយាយថា AMLA នឹងក្លាយជាការជំរុញមួយជួយប្រយុទ្ធប្រឆាំងនឹងការលាងលុយកខ្វក់នៅក្នុងសហភាពអឺរ៉ុប ខណៈវាក៏ដើរតួនាទីសំខាន់ក្នុងការទប់ស្កាត់ការគេចវេសពីទណ្ឌកម្មដែរ។
 
កិច្ចព្រមព្រៀងនេះត្រូវតែផ្តល់សច្ចាប័នជាផ្លូវការដោយសភាអឺរ៉ុប និងរដ្ឋជាសមាជិក។ បច្ចុប្បន្នមានទីក្រុងចំនួន៩ ដែលបានចុះឈ្មោះនៅទីស្នាក់ការកណ្តាលរបស់ AMLA រួមមាន ព្រុចសែល (បែលហ្ស៊ិក) ឌុយប្លាំង(អៀរឡង់) ហ្វ្រែងហ្វើត (អាល្លឺម៉ង់) ម៉ាឌ្រីដ (អេស្ប៉ាញ) ប៉ារីស (បារាំង) រីហ្កា (ឡេតូនី) រ៉ូម (អ៊ីតាលី) វីយែន (អូទ្រីស) និងទីក្រុងវីលនីញូស(លីទុយអានី) ។
 
បើយោងតា​មទីភ្នាក់រដ្ឋាភិបាល Europol  សហភាពអឺរ៉ុបមានសកម្មភាពហិរញ្ញវត្ថុគួរឱ្យសង្ស័យប្រមាណ ១ភាគរយនៃផលិតផលក្នុងស្រុកសរុប ឬ ១៣០ពាន់លានអឺរ៉ូ។ គណៈកម្មការអឺរ៉ុបបានស្នើឡើងដំបូងនូវគំនិតនៃការបង្កើតស្ថាប័នឯករាជ្យបែបនេះតាំងពីឆ្នាំ២០២១ បន្ទាប់ពីមានរឿងអាស្រូវជាច្រើនជុំវិញការលាងលុយកខ្វក់ជាបន្តបន្ទាប់នៅអឺរ៉ុប៕ 
 

Tag:
 អឺរ៉ុប
  លាងលុយកង្វក់
© រក្សាសិទ្ធិដោយ thmeythmey.com