កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ចាញ់ សុខហ៊ុច មិនអស់ចិត្ត កីឡាករអ៊ូហ្គង់ដា Kazimba រិះគន់ចៅក្រមខ្មែរដាក់ពិន្ទុ មិនសុក្រិត
15, Dec 2023 , 4:09 pm        
រូបភាព
ការប្រកួតរវាង Kazimba និង សុខហ៊ុច រូបពី VDO Live
ការប្រកួតរវាង Kazimba និង សុខហ៊ុច រូបពី VDO Live
Award Kazimba អ្នកប្រដាល់អ៊ូហ្គង់ដា មិនអស់ចិត្តនឹងលទ្ធផលចាញ់មឿន សុខហ៊ុច ក្នុងការប្រកួតព្រឹត្តិការណ៍«ប្រវត្តិសាស្ដ្រគុនខ្មែរ» នៅយប់ថ្ងៃទី១៤ ខែធ្នូ។ Kazimba រិះគន់ចៅក្រមដាក់ពិន្ទុមិនសុក្រិត ដោយលម្អៀងទៅខាងកីឡាករកម្ពុជា។ អ្នកប្រដាល់វ័យ២៥ឆ្នាំ អះអាងថា គុនខ្មែរ នឹងមិនអាចប្រកួតប្រជែងលើឆាកអន្ដរជាតិបានទេ ប្រសិនជាចៅក្រមដាក់ពិន្ទុ គ្មានភាពយុត្តិធម៌ចំពោះកីឡាករបរទេស ដែលមកប្រកួតក្នុងទឹកដីកម្ពុជា។



មឿន សុខហ៊ុច បានឈ្នះលើ កីឡាករ Award Kazimba ដោយពិន្ទុ លើប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ក្នុងការប្រកួតនោះ Kazimba ដូចជាមានប្រៀបច្រើន តាមរយៈការវាយចូលលើសុខហ៊ុច និងការសម្រុកទាំង ៣ទឹក ដោយគ្មានការថយកម្លាំង។
 
Award Kazimba បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា រូបគេមិនពេញចិត្តចំពោះលទ្ធផលបរាជ័យនេះទេ ដោយយល់ថា ប្រសិនជាចៅក្រម បានផ្ដល់ពិន្ទុត្រឹមត្រូវ រូបគេ នឹងមិនចាញ់ឡើយ។ កីឡាករ មកពីទ្វីបអាហ្វ្រីកនេះ ខកចិត្តជាខ្លាំង ហើយរូបគេ និយាយថាប្រហែលជាលែងមកប្រកួតទៀតហើយ ប្រសិនជាកម្ពុជា មិនពង្រឹងការដាក់ពិន្ទុ និងការផ្ដល់ភាពសុក្រិតទៅឲ្យកីឡាករបរទេស។  
 
«ខ្ញុំ មិនពេញចិត្តចំពោះលទ្ធផលឡើយ។ ខ្ញុំ ឈ្នះចំពោះការវាយនេះជាក់ស្ដែង ប៉ុន្ដែ ពួកគេ បន្លំខ្ញុំ។ ជាចៅក្រមដាក់ពិន្ទុបែបណា ពួកគេ គ្មានភាពខ្មាសអៀន។»។ កីឡាករវ័យ ២៥ឆ្នាំរូបនេះ បានប្រាប់ដូច្នេះ។ 
 
Award Kazimba គឺជាកីឡាករប្រដាល់គុនចម្រុះ មួយថៃ និង ឃីកប៊ុកស៊ីង ប៉ុន្ដែ រូបគេ បានអះអាងថា ធ្លាប់បានជួយផ្សព្វផ្សាយពីគុនខ្មែរ នៅប្រទេសរបស់ខ្លួនអ៊ូហ្គង់ដា និងនៅក្នុងទ្វីបអាហ្វ្រិក។ អ្នកប្រដាល់រូបនេះ ជឿថាកីឡាករបរទេសជាច្រើន សុទ្ធតែអាចជួយផ្សព្វផ្សាយគុនខ្មែរបន្ថែម ទៅកាន់អន្ដរជាតិ ប៉ុន្ដែប្រសិនជាការដាក់ពិន្ទុមិនសុក្រិត នឹងមិនមានកីឡាករបរទេសណា ចង់មកប្រកួតនៅកម្ពុជាទេ ព្រោះនាំឲ្យខូចប្រវត្តិប្រកួតរប​ស់ពួកគេ។
 
អ្នកប្រដាល់ឆ្លងទ្វីបរូបនេះ ជឿថាគុនខ្មែរ អាចប្រកួតប្រជែងទៅកាន់អន្ដរជាតិ បានលឿន និងឆាប់រហ័សប្រសិនជា ពង្រឹងប្រព័ន្ធដាក់ពន្ទុ ឲ្យសុក្រិត និងមិនលម្អៀត ចំពោះកីឡាករអន្ដរជាតិ ដែលបានមកប្រកួតលើទឹកដីកម្ពុជា។
 
ដោយឡែក ចំពោះការដាក់ពិន្ទុ រវាង មឿន សុខហ៊ុច និង Award Kazimba បែបណា សារព័ត៌មានថ្មីៗ មិនបានទទួលការបកស្រាយពី ចៅក្រមដាក់ពិន្ទុឡើយ។
 
គួរបញ្ជាក់ផងដែរថា Award Kazimba ធ្លាប់ប្រកួត ៥៧ដង ក្នុងនោះ ឈ្នះ៤២ ចាញ់១៤ និងស្មើ១ ចំណែក មឿន សុខហ៊ុច អាយុ ២៩ឆ្នាំ ប្រកួត ១៦៦លើក ឈ្នះ ១៣៦ដង ចាញ់២៦ និងស្មើ៤៕

Tag:
 មឿន សុខហ៊ុច
  Award Kazimba
  ប្រដាល់គុនខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com