ជាតិ
សេដ្ឋកិច្ច
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងកំពតតម្លៃ ២០ លានដុល្លារ ត្រូវបានសដាក់ឱ្យប្រើជាផ្លូវការ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងកំពតតម្លៃ ២០ លានដុល្លារ ត្រូវបានសដាក់ឱ្យប្រើជាផ្លូវការ នាថ្ងៃទី១៥ធ្នូ ឆ្នាំ២០២៣។ រូបថត៖ ក្រសួងសាធារណការ
× ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងកំពតនៃគម្រោងអភិវឌ្ឍទីក្រុងរបៀង២ ដែលមានតម្លៃ២០លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ពីថ្ងៃទី១៥ធ្នូ នេះតទៅ។ ស្ថានីយនេះមានចម្រោះទឹកកខ្វក់តាមបែបធម្មជាតិបាន៣ ៣៦០ម៉ែត្រគូបក្នុងមួយថ្ងៃ។
បើតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រព័ន្ធលូ និង ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងកំពតនេះបានគ្របដណ្តប់លើផ្ទៃដីសរុប ៣៩៥,៧២ហិកតា ស្ថិតក្នុងសង្កាត់កំពង់បាយ សង្កាត់ក្រាំងអំពិល សង្កាត់កំពង់កណ្តាល និងសង្កាត់កំពង់សំរោង ក្នុងក្រុងកំពត។ ក្នុងនោះ ផ្ទៃដីសម្រាប់សាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មានទំហំ ៩,៨៤ ហិកតា។
ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពតនេះ ក្រសួងក៏កំពុងពន្លឿនហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ តាមរយៈការរៀបចំច្បាប់ស្តីពីប្រព័ន្ធទឹកខ្វក់ ផងដែរ។ នេះជាការលើកឡើងរបស់ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបាននៅទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ ថា ច្បាប់នេះ នឹងកំណត់អំពីក្របខណ្ឌគតិយុត្តក្នុងការគ្រប់គ្រង ការអភិវឌ្ឍ ការសាងសង់ ការជួសជុលថែទាំ ការធ្វើប្រតិបត្តិការ និងការប្រើប្រាស់ប្រព័ន្ធទឹកកខ្វក់នៅកម្ពុជា សំដៅធានាបាននូវប្រសិទ្ធភាព គុណភាព សុវត្ថិភាព និរន្តរភាព នៃប្រព័ន្ធទឹកកខ្វក់ និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ និងកិច្ចការពារបរិស្ថាន។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបថត៖ ក្រសួងសាធារណការ
គួរជម្រាបថា គម្រោងនេះចាប់ផ្តើមការសាងសង់ នៅថ្ងៃទី២៥ តុលា ២០១៩ និងបញ្ចប់ការសាងសង់ នៅថ្ងៃទី៣០ កញ្ញា ២០២៣ ដោយចំណាយថវិកាសរុបប្រមាណ ២០ លានដុល្លារ កម្រោមកម្ចីឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពត ដែលដំណើរការពីពេលនេះតទៅ ត្រូវចែកចេញជាពីរផ្នែកធំៗ។ ក្នុងនោះ មានផ្នែកប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និង ផ្នែកប្រព័ន្ធលូរំដោះទឹកភ្លៀងក្នុងក្រុង ដែលមានសមត្ថភាពបូមទឹកកខ្វក់ចំនួន១៨០ម៉ែត្រគូបក្នុងមួយម៉ោង និងសមត្ថភាពចម្រោះទឹកកខ្វក់តាមបែបធម្មជាតិបាន ៣៣៦០ម៉ែត្រគូបក្នុងមួយថ្ងៃ៕
Tag:
កំពត
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់
© រក្សាសិទ្ធិដោយ thmeythmey.com