ជាតិ
អង្គការយុវជនចំនួន៧ រួមគ្នាបង្កើតមហោស្រពថ្មីមួយ ដើម្បីជោគវាសនាសង្គមកម្ពុជា
15, Dec 2023 , 10:19 pm        
រូបភាព
ភ្នំពេញ៖ «មហោស្រពយុវជន ដើម្បីសង្គម»  (Social Youth Festival) នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ និងទី១៧ ខែធ្នូឆ្នាំ ២០២៣ នៅ Friends Futures Factory (F3) រាជធានីភ្នំពេញ។ នេះជាលើកទី១ ដែលមហោស្រពនេះ ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពយុវជន សាងបណ្តាញ រវាងអង្គការ និង ក្រុមយុវជន រំលេចស្នាដៃ និងសមិទ្ធផលប្រចាំឆ្នាំរបស់អង្គការ និងយុវជនទាំងនោះនៅកម្ពុជា។

 
បើតាម លោក ស៊ុំ ស៊ីថែន អ្នកសម្របសម្រួលទូទៅ និងជាប្រធានប្រតិបត្តិ របស់អង្គការភាពយន្តឈូករ័ត្ន មហោស្រពនេះ ត្រូវបានរៀបចំឡើង តាមគំនិតផ្តួចផ្តើម របស់អង្គការក្នុងស្រុកចំនួន៧ ដែលផ្តោតការងារ លើយុវជននិងសង្គម។ ក្នុងនោះ មានអង្គការមួយចំនួន បានចូលរួមវគ្គបណ្តុះបណ្តាលរួមគ្នាមួយ ដែលមានរយៈពេល៣ឆ្នាំ ដើម្បីស្តារលទ្ធភាពស្ថាប័ន ពីវិបត្តិកូវីដ-១៩ ដែលរៀបចំដោយUSAID Cambodia នៅពេលនោះ។ បន្ទាប់ពីចប់វគ្គក្នុងឆ្នាំ២០២២ និងឆ្លងកាត់ការពិសោធខ្លះៗ ជាមួយភាគីពាក់ព័ន្ធផ្សេងៗ អង្គការទាំងនោះក៏រក្សាគំនិត និងសម្រេចរៀបចំមហោស្រពនេះ ឱ្យកើតឡើង ទោះបីត្រូវកៀរគរ ថវិកាផ្ទាល់ខ្លួនក៏ដោយ។ 
 
លោក ស៊ុំ ស៊ីថែន អ្នកសម្របសម្រួលទូទៅ និងជាប្រធានប្រតិបត្តិ របស់អង្គការភាពយន្តឈូករ័ត្ន
 
គណៈកម្មការ«មហោស្រពយុវជន ដើម្បីសង្គម»  បច្ចុប្បន្នរួមមាន មជ្ឈមណ្ឌលដើម្បីសម្រុះសម្រួលការវិវាទនៅកម្ពុជា មជ្ឈមណ្ឌល Advanced Centre for Empowerment អង្គការភាពយន្តឈូករ័ត្ន អង្គការយុវសន្តិភាព សហគ្រាសសង្គម Growway Partner អង្គការ United Religions Initiatives និងក្រុម CamASEAN Youth’s Future។ ក្រៅពីនោះ ក៏មានកិច្ចសហការរៀបចំ ជាមួយក្រុម «សម្លេងជនជាតិដើមភាគតិច» និងទីតាំងផ្តល់ជូនដោយF3 ។ នេះជាការបញ្ជាក់បន្ថែម របស់លោក ស៊ុំ ស៊ីថែន។
 
ជាមួយគ្នានេះ លោក ម៉ៅ សាមឺឌី អ្នកគ្រប់គ្រងវគ្គចែករំលែករបស់មហោស្រព និងជាគ្រូបណ្តុះបណ្តាល ថ្នាក់ខ្ពស់ របស់អង្គការយុវសន្តិភាព បានលើកមូលហេតុដែល “យុវសន្តិភាព” ចូលរួមរៀបចំមហោស្រពនេះ គឺដើម្បីឱ្យយុវជនក្នុងអង្គការ និងយុវជនមកពីមជ្ឈដ្ឋានផ្សេងៗ បានរៀនសូត្រចំណេះដឹងផ្សេងៗ ពីការចែករំលែកបទពិសោធ របស់វាគ្មិននៅថ្ងៃនោះ។ ប្រធានបទនៃការចែករំលែកមានចម្រុះ រួមមានការចែករំលែកអំពីសហគ្រិនភាព គុណប្រយោការស្ម័គ្រចិត្តរបស់យុវជនក្នុងសង្គម ការដោះស្រាយវិវាទ ការផលិតភាពយន្ត  និងភាពជាអ្នកដឹកនាំរបស់យុវជនជាដើម។
 
លោក សាមឺឌី បន្ថែមថា ៖«វគ្គនីមួយៗ មានផ្សេងៗគ្នា ហើយក៏ដំណាលគ្នាតាមបន្ទប់ពី៣ ទៅ៥ ដែរ។ ដូច្នេះយុវជនដែលចូលរួម អាចរើសប្រធានបទ និងម៉ោងដែលខ្លួនចាប់អារម្មណ៍ ទៅតាមពេលវេលារបស់ខ្លួន ពីព្រឹកដល់រសៀល ដោយមិនចាំបាច់នៅសាលធំ មួយកន្លែង១ថ្ងៃពេញនោះទេ»។
 
រូបផ្ដល់ឱ្យ.
 
ចំណែកឯអ្នកស្រី សៀន សុខនី អ្នកគ្រប់គ្រង់ស្តង់ពិព័រណ៌ និងជាប្រធានក្រុមប្រឹក្សាយុវជន របស់មហោស្រព បានបញ្ជាក់ថា ក្រៅពីការចែករំលែកតាមថ្នាក់ មហោស្រពក៏មានការតាំងពិព័រណ៍ ស្នាដៃ និងសមិទ្ធផលពីអង្គការដៃគូ និងក្រុមយុវជននានាជិត១០ស្តង់ ដើម្បីឱ្យអ្នកចូលរួម បានស្វែងយល់បន្ថែមពីការងារ និងសកម្មភាពស្ថាប័នទាំងនោះ។ 
 
«បន្ថែមពីនោះ អ្នកចូលរួមអាចស្វែងរកឱកាសការងារ ឬ ហាត់ការ តាមចំណង់ចំណូលចិត្តរបស់ខ្លួនបាននៅទីនោះ។ ដោយសារនាងខ្ញុំ តំណាងឱ្យ ក្រុម«សម្លេងជនជាតិ ដើមភាគតិច» ក្រុមនាងខ្ញុំនឹងច្រៀង ក៏ដូចជាសម្តែងជូនទស្សនិកជន នៅរាត្រីថ្ងៃទី១ផងដែរ»។ នេះជាការអះអាងរបស់អ្នកស្រី សុខនី។
 
ចំណែកឯអ្នកស្រី សៀន សុខនី អ្នកគ្រប់គ្រង់ស្តង់ពិព័រណ៌ និងជាប្រធានក្រុមប្រឹក្សាយុវជន របស់មហោស្រព
 
មហោស្រពយុវជន ដើម្បីសង្គម  (Social Youth Festival) ត្រូវបានសហការរៀបចំ និងរួមថវិកាប្រារព្ធដោយ មជ្ឈមណ្ឌលដើម្បី សម្រុះសម្រួលការវិវាទ នៅកម្ពុជា មជ្ឈមណ្ឌល Advanced Centre for Empowerment អង្គការភាពយន្តឈូករ័ត្ន អង្គការយុវសន្តិភាព សហគ្រាសសង្គម Growway Partner  អង្គការ United Religions Initiatives និងក្រុម CamASEAN Youth’s Future។ ក្រៅពីនោះ មានកិច្ចសហការរៀបចំជាមួយក្រុម សម្លេងជនជាតិដើមភាគតិច និងទីតាំងផ្តល់ជូនដោយF3។ 
 
ទោះបីជាយ៉ាងណាក៏ដោយ មហោស្រពនៅតែបន្តទទួល ការចូលរួមជាថវិកាបន្ថែម ដើម្បីសម្រេច សមិទ្ធផលជំនាន់ទី១របស់ខ្លួនដោយរលូន។ ដើម្បីចូលរួមស្មារតីនេះ លោកអ្នកអាចបរិច្ចាគមកមហោស្រព តាមរយៈ៖​ ABA - 007 352 525 - MEAS SAVATH, SUM SITHEN, AIN CHHEANGTOING ។  
 
 រូបផ្តល់ឱ្យ.
 
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលតាមប្រព័ន្ធផ្សព្វផ្សាយរបស់យើងខ្ញុំដូចជា៖
សូមបញ្ជាក់ថា មហោស្រពយុវជន ដើម្បីសង្គម ជាព្រឹត្តិការណ៍ ប្រចាំឆ្នាំដែលបង្កើត ដោយអង្គការក្នុងស្រុក ផ្តោតការងារលើយុវជន និងការអភិវឌ្ឍសង្គម។ ចាប់តាំងពីបង្កើតគំនិត នៅឆ្នាំ២០២២មក មហោស្រពនេះ បានកៀរគរ យុវជនមកពីស្ថាប័ននានា ធ្វើយុទ្ធនាការផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងបញ្ហាចាំបាច់ក្នុងប្រទេស ដោយអនុលោមតាម «គោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»របស់អង្គការសហប្រជាជាតិ។ 
 
ក្នុងនោះក្រុមប្រឹក្សាយុវជន របស់មហោស្រព បានសម្រេចយុទ្ធនាការ «ជីះកង់កាត់សាញ» (ខែមករា ២០២៣) ដើម្បីសុខុមាលភាពសង្គម និងភាពយន្តខ្លីស្តីពី ការកាត់បន្ថយឧស្ម័នកាបូនិច រឿង «យុវជនសម័យថ្មី»  (មិថុនា ២០២៣) ក៏ដូចជាវគ្គបណ្តុះបណ្តាល កសាងសមត្ថភាពនានា រហូតមកដល់បច្ចុប្បន្ន៕
 

Tag:
 មហោស្រព
  យុវជន
 
© រក្សាសិទ្ធិដោយ thmeythmey.com