ជាតិ
សង្គមជាតិ
វត្ថុបុរាណខ្មែរ១៤រូប នៅសារមន្ទីរ MET ទីក្រុងញូយ៉ក នឹងត្រូវបញ្ជូនមកទឹកដីកំណើត វិញ
16, Dec 2023 , 11:00 am        
រូបភាព
វត្ថុបុរាណខ្មែរចំនួន១៤រូប ក្នុងសតវត្ស៍ទី១០ ដែលកំពុងស្ថិតនៅសារមន្ទី Metropolitan Museum( MET) នៃទីក្រុងញូយ៉ក សហរដ្ឋអាម៉េរិក​ នឹងត្រូវប្រគល់ឱ្យកម្ពុជាវិញ​។ ក្នុងចំណោមវត្ថុបុរាណខ្មែរទាំងនោះ គឺមានរូបចម្លាក់ទេពស្រី(ព្រះនាងឧមា) ព្រះកេសព្រះលោកេសូរ  និងបដិមាព្រះលោកេសូរ។

 
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១៥ធ្នូ បានបញ្ជាក់ថា សារមន្ទី MET បានផ្តល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រលប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរចំនួន១៤រូប រួមទាំងអនុញ្ញាតឱ្យមន្ត្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ឆ័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងពិនិត្យសិក្សាឯកសារនានាពាក់ព័ន្ធនឹងសមុច័្ចយរបស់កម្ពុជា។ ការសន្យារបស់សារមន្ទីនេះ ធ្វើឡើងតាមរយៈកិច្ចសហការ និងចែករំលែកព័ត៌មាន រវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋអាម៉េរិក។​
 
ក្នុងចំណោមវត្ថុបុរាណខ្មែរទាំង១៤រូប ដែលត្រូវបញ្ជូនមកទឹកដីកម្ពុជាវិញនេះ  គឺមាននូវស្នាដៃឯកមួយចំនួនដូចជា៖ រូបចម្លាក់ទេពស្រី(ព្រះនាងឧមា) ដែលត្រូវបានធ្វើឡើងពីថ្មភក់ ក្នុងសតវត្ស៍ទី១០។ តាមភស្តុតាំងពីសក្សី រូបចម្លាក់នេះត្រូវបានគេលួចយកនៅក្នុងឆ្នាំ១៩៩៧  ដោយប្រអប់ជើងជាប់ជាមួយជើងទម្របបដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយនៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកេះកេរ។ ព្រះកេសព្រះលោកេសូរ  ដែលធ្វើពីសំរឹទ្ធ​ ក្នុងសតវត្ស៍ទី១០ ក៏ត្រូវបញ្ជូនមកកម្ពុជាវិញ ផងដែរ។ សព្វថ្ងៃ ដងខ្លួនរបស់ព្រះកេសនេះ ស្ថិតនៅក្នុងសារមន្ទីជាតិ នៅរាជធានីភ្នំពេញ។ 
 
ក្រៅពីនេះ បដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទី MET បានទិញពីលោក ឌូគ្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២ ក៏ត្រូវបានបញ្ជូនមកឱ្យកម្ពុជាវិញ ដែរ។ លោកស្រី  ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបរាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលយ៉ាងដូច្នេះ៖ «ការបញ្ជូនត្រលប់មកវិញនូវសម្បត្តិវប្បធម៌ជាតិរបស់យើង ពីសារមន្ទី MET គឺមានសារៈសំខាន់បំផុត​ មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល »។  ការបញ្ជូនវត្ថុបុរាណខ្មែរទាំង១៤មកវិញនេះ គឺមានអត្ថន័យធំធេងបំផុតមិនអាចពណ៌នាបាន ដែលជាការព្យាបាលរបួសផ្លូវចិត្តសម្រាប់ប្រជាជាតិកម្ពុជា។ 
 
ជាមួយគ្នានេះ លោកស្រី  ភឿង សកុណា បានអំពាវនាវ និងទាមទារឱ្យសារមន្ទី រួមទាំងអ្នកកាន់កាប់សមុច្ច័យឯកជនដទៃទៀត មកទាក់ទងមន្ត្រីរបស់ក្រសួងវប្បធម៌ ដើម្បីពិភាក្សាពីសម្បត្តិវប្បធម៌ខ្មែរដែលពួកគេមាន។ 
 
«ការបញ្ជូនត្រលប់មកវិញនូវសម្បត្តិវប្បធម៌ជាតិនេះ បង្ហាញជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តស្វែងរក និងនាំយកមកវិញនូវដួងព្រលឹងដូនតារបស់យើងដែលបានឃ្លាតចាកឆ្ងាយពីដែនដីកំណើតរបស់ខ្លួន»។ នេះជាការលើកឡើងរបស់លោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានអរគុណចំពោះលោក Bradley J.Gordon នៃក្រុមហ៊ុន Edenbridge Asia និងលោក Steven Heimberg នៃក្រុមហ៊ុន​ Apex Advisors ដែលជាទីប្រឹក្សាផ្នែកច្បាប់របស់ក្រសួងវប្បធម៌ បានចំណាយពេលជាច្រើនឆ្នាំ សហការជាមួយក្រុមការងារក្រសួងក្នុងការចរចាទាមទារយកមកកម្ពុជាវិញ នូវសម្បត្តិវប្បធម៌ខ្មែរ ជាពិសេស វត្ថុបុរាណខ្មែរដែលសារមន្ទីMET ប្រគល់មកវិញ នាពេលនេះ៕ 

Tag:
 វប្បធម៌
  វត្ថុបុរាណ
  សារមន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com