ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ព្រមានដកមន្ត្រីនគរបាល ដែលប្រើប្រាស់គ្រឿងញៀនចេញពីក្របខណ្ឌ
18, Dec 2023 , 2:55 pm        
រូបភាព
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មខាងកើត សង្កាត់ឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ធ្នូ ២០២៣។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មខាងកើត សង្កាត់ឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ធ្នូ ២០២៣។
មន្ត្រីកងកម្លាំងនគរបាលជាតិណា ដែលប្រើប្រាស់គ្រឿងញៀន នឹងប្រឈមមុខដកចេញពីក្របខណ្ឌនគរបាល នៃក្រសួងមហាផ្ទៃ។ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មខាងកើត សង្កាត់ឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ធ្នូ។



«ខ្ញុំសូមប្រកាសតែម្ដង គ្រប់មន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធ ក្របខណ្ឌមហាផ្ទៃ ឱ្យតែធ្វើតេស្តទៅ រកឃើញសារធាតុញៀន មិនអាចអនុញ្ញាតឱ្យនៅក្របខណ្ឌនគរបាលទៀតទេ»។ នេះជាការបញ្ជាក់របស់លោក ស សុខា ដែលបានបន្ថែមថា ការអនុវត្តវិធានការបែបនេះ ដើម្បីបង្ហាញសារទៅកាន់យុវជនជំនាន់ក្រោយឱ្យឃើញពីគំរូរបស់មន្ត្រីរាជការជាមុនសិន សឹមទៅអនុវត្តច្បាប់លើអ្នកប្រើប្រាស់និងអ្នកប្រព្រឹត្តបទល្មើសគ្រឿងញៀនទាំងនោះ។
 
«បើយើងអត់យកពេលវេលានេះ បោសសម្អាតផ្ទះខ្លួនយើងសិន ដូចសម្ដេច ហ៊ុន ម៉ាណែត លើកឡើងអ៊ីចឹង គឺយើងអត់មានពេលបោសសម្អាតទៀតទេ»។ នេះបើតាមលោក ស សុខា ដែលបានណែនាំឱ្យមន្ត្រីណា ដែលប្រើប្រាស់ និងពាក់ព័ន្ធករណីគ្រឿងញៀននោះ ត្រូវផ្ដាច់ខ្លួនចេញឱ្យឆ្ងាយ ដើម្បីចៀសវាងការបាត់បង់ក្របខណ្ឌ នៅពេលក្រសួងអនុវត្តវិធានការ នាពេលខាងមុខ។
 
រដ្ឋមន្រ្តីមហាផ្ទៃ និយាយព្រមានមន្ត្រីនគរបាលប៉ុណ្ណោះ លើករណីគ្រឿងញៀននេះ ខណៈគោលការណ៍ជារួម សម្រាប់អនុវត្តលើមន្ត្រីរាជការស៊ីវិល មិនទាន់មានការសម្រេចជាផ្លូវការពីរដ្ឋាភិបាលនៅឡើយ។

Tag:
 ស សុខា
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com