ជាតិ
សង្គមជាតិ
ប្រធានអុកស្វាមប្រចាំកម្ពុជា ស្នើឱ្យមានកម្មវិធីថែទាំកុមារតូច ដើម្បីជួយស្ត្រីបំពេញការងារបានពេញលេញ
18, Dec 2023 , 6:59 pm        
រូបភាព
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា។ រូបពី អុកស្វាម
លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា។ រូបពី អុកស្វាម
ភ្នំពេញ៖ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា ស្នើសុំឱ្យមានការយកចិត្តទុកដាក់បន្ថែមលើប្រព័ន្ធគាំពារសង្គម ពិសេសការពង្រីកវិសាលភាព បេឡាជាតិសន្តិសុខសង្គម(ប.ស.ស) និងកម្មវិធីថែទាំកុមារតូចៗ។

 
បេឡាជាតិសន្តិសុខសង្គម និងអង្គការអុកស្វាម បានរៀបចំវេទិកាប្រចាំឆ្នាំ ជាមួយថ្នាក់់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅរបបសន្តិសុខសង្គមប្រកបដោយបរិយាបន្ន ឆ្លើយតបយេនឌ័រ និងជាសកលនៅកម្ពុជា» នៅថ្ងៃទី១៨ ធ្នូ​ នៅសណ្ឋាគារសុខាភ្នំពេញ។ វេទិកានេះរៀបចំឡើង ក្នុងគោលបំណងបង្កើតឱ្យមានកិច្ចពិភាក្សាគោលនយោបាយ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និង ដំណោះស្រាយរវាងអ្នកឯកទេស អ្នកតាក់តែងគោលនយោបាយ និងអ្នកផ្តល់សេវាក្នុងក្របខណ្ឌរបបសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំមូលដ្ឋាន និងតំណាងកម្មករនិយោជិត ដើម្បីជំរុញឱ្យប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ប្រកបដោយបរិយាបន្ន ឆ្លើយតបនឹងយេនឌ័រ និងជាសកល។
 
មុននឹងរៀបចំវេទិកាប្រចាំឆ្នាំនេះ អុកស្វាម សហជីព និងប.ស.ស បានរៀបចំវេទិកាថ្នាក់តំបន់ នៅតាមតំបន់ប៉ូលសេដ្ឋកិច្ច នៅក្នុងខេត្តព្រះសីហនុ ស្វាយរៀង និងសៀមរាបរួចមកហើយ។ តាមរយៈវេទិការទាំងនេះ លោកស្រី សោភ័ណ បានប្រមូលមតិចម្បង៦ចំណុច។ 
 
ចំណុចចម្បងទាំង៦ ដែលប្រមូលបានពីថ្នាក់តំបន់ លោកស្រីបានលើកឡើយយ៉ាងលម្អិត គឺស្នើឱ្យមានពង្រីកការទទួលបានប័ណ្ណសមាជិក ប.ស.ស និងទំនួលខុសត្រូវរបស់ថៅកែលើការបង់ភាគទាន ដល់កម្មករក្នុងវិស័យសំណង់ វិស័យដឹកជញ្ជូន និងសេវាកម្ម។ ប្រធានអុកស្វាមប្រចាំកម្ពុជា បានសុំឱ្យមានការពង្រឹងការយល់ដឹង ស្ដីពីគោលនយោបាយគាំពារសង្គម ដល់ពលរដ្ឋ កម្មករ និយោជក ពិសេសគឺដាក់បញ្ចូលគោលនយោបាយគាំពារសង្គមចូលកម្មវិធីសិក្សា។ 
 
«ស្នើសុំបញ្ចូល និងរៀបចំកម្មវិធីសម្រាប់ការថែទាំកុមារតូចរបស់រដ្ឋ ដើម្បីជួយសម្រួលដល់ស្ត្រីជាម្ដាយអាចបំពេញការងារ និងប្រកបរបរបានពេញលេញ»។ លោកស្រី សោភ័ណ បានស្នើបែបនេះ ហើយបានពន្យល់បន្ថែមថា ស្ត្រីជាម្ដាយ មានកូនតូចៗ ត្រូវទុកកូននៅជាមួយជីដូនជីតា ដែលមានស្ថានភាពលំបាកក្រីក្រ ដែលអាចឱ្យកុមារតូចៗ មានសុខភាពនិងការអប់រំមិនបានពេញលេញ រួមទាំងប៉ះពាល់ដល់ការលូតលាស់របស់កុមារផងដែរ។ 
 
នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា បានលើឡើងថា គោលនយោបាយគាំពារសង្គមនៅកម្ពុជា បានបោះជំហានទៅមុខ ប៉ុន្តែការងារមួយចំនួននៅតែទាមទារឱ្យមានការសហការគា្នពីគ្រប់មជ្ឈដ្ឋាន ក្នុងការដោះស្រាយ ដើម្បីឈានទៅការពង្រីកវិសាលភាព និងភាពគ្រប់គ្រាន់។ 
 
តាមរយៈការស្នើសុំខាងលើនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អះអាងថា មានចំណុចខ្លះ រដ្ឋាភិបាលបានកំពុងដោះស្រាយ និងដាក់ចេញគោលនយោបាយរួចហើយ ជាក់ស្ដែងដូចជាការពង្រីកវិសាលភាព ប.ស.ស ការបញ្ជ្រាបចំណេះដឹងពីកិច្ចគាំពារសង្គម និងការរៀបចំទារកដ្ឋានជាដើម។ ចំណែក ចំណុចខ្លះទៀត រដ្ឋកំពុងពិនិត្យ និងរង់ចាំការជជែកគ្នាបន្តទៀត ដើម្បីរកដំណោះស្រាយរួម។ 
 
សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញកម្មវិធីនយោបាយសម្រាប់ឆ្នាំ២០២៣-២០២៨ មានបាវចនា៥ ដែលក្នុងនោះប្រព័ន្ធគាំពារសង្គម ត្រូវបានចាត់ទុកថា ជាសសរស្តម្ភចម្បងមួយ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕

© រក្សាសិទ្ធិដោយ thmeythmey.com