ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីយុត្តិធម៌ បញ្ជាឱ្យដោះស្រាយហ្មត់ចត់ លើករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌទួលគោក
19, Dec 2023 , 12:57 pm        
រូបភាព
ភ្នំពេញ៖ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរបញ្ជាក់លើបណ្ដាញសង្គមថា លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ពិនិត្យ ស្រាវជ្រាវ និងដោះស្រាយឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់ លើករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងនៅ ខណ្ឌទួលគោក ។ ជនបង្កហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេផ្សព្វផ្សាយថា ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាកូនរបស់ម្ចាស់រថយន្ត ឈ្មោះ សុខ លីណា ។

 
អ្នកនាំពាក្យរូបនេះ បានបង្ហោះរូបយុវជន ដែលបង្កហេតុ និងសាររបស់សាច់ញាតិជនរងគ្រោះ ដែលបានទាមទាររកយុត្តិធម៌។ សាររបស់សាច់ញាតិជនរងគ្រោះ រៀបរាប់ថា ភាគីនៃគ្រួសារជនបង្កហេតុ បានយកលុយចូលបុណ្យសពប្ដីខ្លួន នូវទឹកប្រាក់១០០០ដុល្លារ ហើយមានបំណង ដោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ។ បើតាមសាររៀបរាប់ដដែល គ្រួសារជនបង្កហេតុ បានស្នើសុំឱ្យគ្រួសារជនរងគ្រោះដកពាក្យបណ្ដឹងចេញវិញ បើមិនចង់ខូចអនាគតទាំងសងខាង។ ប៉ុន្តែគ្រួសារជនរងគ្រោះ មិនយល់ព្រម ព្រោះយល់ថា ភាគីនៃគ្រួសារជនបង្កហេតុ ហាក់មានបំណងចង់គំរាម និងប្រើប្រាស់លុយ ដើម្បីដោះស្រាយបញ្ហា។ 
 
ដោយសារតែឃើញបណ្ដាញសង្គម បានចែករំលែកសារជនរងគ្រោះជាបន្តបន្ទាប់នោះ ទើបរដ្ឋមន្រ្តីយុត្តិធម៌ លោក កើត រិទ្ធ បញ្ជាឱ្យព្រះរាជអាជ្ញា យកចិត្តទុកដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បានហ្មត់ចត់ និងត្រឹមត្រូវតាមផ្លូវច្បាប់។
 
សូមជម្រាបថា កាលពីថ្ងៃទី១៤ធ្នូនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត​១គ្រឿង ម៉ាក Jeep overland បានបើកបុក​ជនរងគ្រោះ​ជាបុរសម្នាក់ដែលជិះម៉ូតូ ​បណ្ដាលឱ្យ​ស្លាប់​ នៅ​ចំណុចខណ្ឌ​ទួលគោក​​។ សមត្ថកិច្ចរកឃើញថា ​រថយន្ត​បង្កហេតុ ជារបស់ សុខ​ លីណា​ ប៉ុន្តែអ្នក​បើកបររថយន្ត​នាពេលនោះ ត្រូវគេ​សង្ស័យថា ជា​កូនប្រុសរបស់ម្ចាស់រថយន្ត៕ 
 

Tag:
 ជិន ម៉ាលីន
  គ្រោះថ្នាក់ចរាចរណ៍
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com