អន្តរជាតិ
ប្រទេស​អាស៊ី ចាប់ផ្តើម​ងាក​ចេញ​ពីចិន ​ស្របពេលមានក្តីបារម្ភពីការរឹតត្បិតនាំចេញជី
19, Dec 2023 , 2:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ប្រទេសទិញជីនៅតំបន់អាស៊ី នៅថ្ងៃទី១៨ ខែធ្នូ បានស្វះស្វែងរកទីផ្សារផ្គត់ផ្គង់ជីក្រៅពីចិន ខណៈមានក្តីបារម្ភពីកង្វះខាតការផ្គត់ផ្គង់ពីសំណាក់ប្រទេសនាំចេញជីដ៏ធំជាងគេលើពិភពលោកមួយនេះ ពាក់ព័ន្ធនឹងការរឹតត្បិតលើការនាំចេញជីដើម្បីការពារទីផ្សារក្នុងស្រុក។

 
ចិន​​ជាប្រទេសនាំចេញផូស្វាតដ៏ធំបំផុតលើពិភពលោក និងជាអ្នកផ្គត់ផ្គង់ជីអ៊ុយរ៉េដ៏សំខាន់ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២១ មក ប្រទេសមួយនេះបានដាក់វិធានការ កូតា នាំចេញ និងតម្រូវការត្រួតពិនិត្យរយៈពេលវែងលើគ្រឿងផ្សំជី ដើម្បីការពារទីផ្សារតម្លៃក្នុងស្រុក។ ការនាំចេញជីអ៊ុយរ៉េ បានធ្លាក់ចុះ២៤ភាគរយ មកនៅត្រឹម២,៨ លានមេទ្រីកតោន ក្នុងឆ្នាំ ២០២២ ធៀបនឹងឆ្នាំ២០២១។ បើទោះការនាំចេញជីក្នុងឆ្នាំនេះមានចំនួនខ្ពស់  ប៉ុន្តែវានៅតែទាបជាងកម្រិតមធ្យមនៃការនាំចេញឆ្នាំមុន។
 
ចំណែក ការនាំចេញផូស្វាតមានភាពកើនឡើងពីដើមឆ្នាំ២០២៣ ប៉ុន្តែក៏ត្រូវបានកាត់បន្ថយផងដែរ នៅក្នុងប៉ុន្មានខែថ្មីៗនេះ ដែលនាំឱ្យមានកង្វះខាតការផ្គត់ផ្គង់ដល់ទីផ្សារពិភពលោក និងបានធ្វើឱ្យតម្លៃកើនឡើង។
 
នាយកផ្នែកជីនៅក្រុមហ៊ុន StoneX Group លោក Josh Linville បាននិយាយថា អន្តរាគមន៍ខ្លាំងឡើង របស់រដ្ឋាភិបាលចិនក្នុងការនាំចេញមានន័យថាប្រទេសនេះនឹងក្លាយជាអ្នកផ្គត់ផ្គង់ដែលមិនសូវគួរឱ្យទុកចិត្តនៅឆ្នាំ ២០២៤ ។
 
«ជាធម្មតាកត្តាទីផ្សារត្រូវបានកំណត់ដោយតម្រូវការដែលមាន។ ឥឡូវនេះយើងត្រូវព្យាយាម គិតគូរឱ្យឃើញពីអ្វីដែលរដ្ឋាភិបាលកណ្តាល (ចិន) កំពុងគិត ហើយប្រតិកម្មនៃការសម្រេច ចិត្តអាចប្រែប្រួលយ៉ាងខ្លាំងពីម្ខាងទៅម្ខាង។ អ្នកទិញនឹងត្រូវធ្វើពិពិធកម្ម»។ លោក Linville មានប្រសាសន៍បែបនេះ។
 
តម្លៃរបស់អាម៉េរិកសម្រាប់ឌីអាម៉ូញ៉ូមផូស្វាត ឬជី DAP ដែលជាស្តង់ដារសកលសម្រាប់ ឧស្សាហកម្មនេះបានកើនឡើង ២៦ភាគរយ ចាប់តាំងពីពាក់កណ្តាលខែកក្កដាដល់ ៦១៧,៣០ ដុល្លារក្នុងមួយតោន។ នេះបើយោងតាមទិន្នន័យរបស់ក្រុមហ៊ុនហិរញ្ញវត្ថុ LSEG ។
 
មន្ត្រីជាន់ខ្ពស់នៃក្រុមហ៊ុនជីមួយ ដែលមានមូលដ្ឋាននៅក្រុងញូវដែលី បានបង្ហាញថា ការឹតត្បិតដែលកំណត់ដោយរដ្ឋាភិបាលក្រុងប៉េកាំង កំពុងធ្វើឱ្យតម្លៃអ៊ុយរ៉េ និងឌីអាម៉ូញ៉ូមផូស្វាត កើនឡើង ប៉ុន្តែក្រុមហ៊ុនមិនរំពឹងថានឹងមានការកើនឡើងគួរឱ្យកត់សម្គាល់នោះទេ។
 
ឥណ្ឌា​ជាប្រទេសនាំចូលជីដ៏សំខាន់មួយ របស់ពិភពលោក។ ការនាំចេញអ៊ុយរ៉េរបស់ចិនទៅកាន់ ប្រទេសមួយនេះ ក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣-២០២៤ ដែលផ្តើមនៅខែមេសា បានធ្លាក់ចុះ ៥៨ ភាគរយ មកត្រឹមជាង ៣៣ម៉ឺនតោន បើធៀបនឹងឆ្នាំមុន។ នេះបើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មឥណ្ឌា។
 
យ៉ាងណាមិញ មន្ត្រីឥណ្ឌាដដែលបានបន្ថែមថា ឥណ្ឌា អាចរកទីផ្សារជីផ្សេងពីចិន ក្នុងនោះមានដូចជា រុស្ស៊ី អូម៉ង់ និងអេមីរ៉ាតអារ៉ាប់រួម។ ចំណែកម៉ាឡេស៊ីវិញ បានចាប់ផ្តើមងាកចេញពីចិនទៅនាំចូលផូស្វាតពីវៀតណាម និងអេហ្ស៊ីប៕

Tag:
 ចិន
  អាស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com