អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ គ្រោងបើកស្ថានកុងស៊ុលនៅសៀមរាប
19, Dec 2023 , 4:08 pm        
រូបភាព
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ពិភាក្សាគ្នាក្នុងជំនួបមួយ នៅវិមានសន្តិភាព ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។ រូបភាព ៖ AFP
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ពិភាក្សាគ្នាក្នុងជំនួបមួយ នៅវិមានសន្តិភាព ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។ រូបភាព ៖ AFP
នាយករដ្ឋមន្រ្តីថៃ លោក​ សេដ្ឋា ថាវីស៊ីន បានណែនាំឲ្យក្រសួងការបរទេសខ្លួនពន្លឿនការសាង់សង់ស្ថានកុងស៊ុលប្រចាំខេត្តសៀមរាប ដើម្បីសម្រួលដល់ភ្ញៀវទេសចរថៃមកកម្សាន្តសៀមរាប ។

 
ក្រៅជំនួបកិច្ចប្រជុំអាស៊ាន-ជប៉ុន នាយករដ្ឋមន្រ្តីថៃបានជួបសមភាគីកម្ពុជាដោយ លោក​ សេដ្ឋា បានលើកឡើងពីកិច្ចការមួយចំនួន រួមទាំងការបង្កើតស្ថានកុងស៊ុលថៃប្រចាំខេត្តសៀមរាប ដើម្បីសម្រួលដល់លំហូរនៃភ្ញៀវទេសចរដែលមកទស្សនាប្រាសាទអង្គរវត្ត។
 
ទន្ទឹមនេះ ភាគីទាំងពីរក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមនៅតំបន់សេដ្ឋកិច្ចពិសេសស្រះកែវ។ លើសពីនេះ រដ្ឋាភិបាលថៃកំពុងស្វែងរកការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានជាមួយកម្ពុជា ឡាវ និងវៀតណាម។ ក្នុងនោះលោក សេដ្ឋា ក៏គ្រោងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងកិច្ចប្រជុំនៅថ្ងៃទី២៦ ខែធ្នូ អំពីចំណាប់អារម្មណ៍របស់ម៉ាឡេស៊ីក្នុងការចូលរួមក្នុងកិច្ចប្រជុំនេះ។ 
 
គួរបញ្ជាក់ថា រយៈពេល ១០ខែឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៤,៤លាននាក់។ ក្នុងនោះ ភ្ញៀវទេសចរមកពីថៃមានចំនួនច្រើនជាងគេចំនួន ១,៥លានាក់ តាមពីក្រោយដោយវៀតណាមជាង ៨២ម៉ឺននាក់។ ចំណាត់ថ្នាក់បន្ទាប់មានចិនជាង៤៥ម៉ឺននាក់ និងឡាវជិត ៣០ម៉ឺននាក់។ បន្ថែមពីនេះ មានអាម៉េរិក(១៤ម៉ឺននាក់) កូរ៉េខាងត្បូង(១៣ម៉ឺននាក់)  បារាំង(៨ម៉ឺននាក់) អង់គ្លេស (៧ម៉ឺននាក់) និងម៉ាឡេស៊ី (៧ម៉ឺននាក់)។ នេះបើតាមទិន្នន័យពីក្រសួងទេសចរណ៍កម្ពុជា។ 
 
កម្ពុជា-ថៃបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០។ ថៃជាដៃគូពាណិជ្ជកម្មធំទី៤របស់កម្ពុជា បន្ទាប់ពីចិន អាម៉េរិក និងវៀតណាម។ ១១ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើន ៣,៣១ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅថៃមានចំនួន ៧៥៤លានដុល្លារ ខណៈនាំចូល ២,៦៤ពាន់លានដុល្លារ។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយកម្ពុជា​។ 

Tag:
 ថៃ ​
  សៀមរាប
  កុងស៊ុល​
© រក្សាសិទ្ធិដោយ thmeythmey.com