សង្គមអន្តរជាតិ​
អន្តរជាតិ
តុលាការម៉ាឡេស៊ីចោទប៉ូលិស​ជាន់​ខ្ពស់ម្នាក់ ​ពី​បទ​ឃាតកម្មក្នុង​ឧបទ្ទវហេតុបើក​បុក​ហើយ​រត់
19, Dec 2023 , 5:59 pm        
រូបភាព
លោក​ Mohd Nazri  ត្រូវបាននាំខ្លួនទៅតុលាការ។ រូបភាព ៖  Bernama
លោក​ Mohd Nazri ត្រូវបាននាំខ្លួនទៅតុលាការ។ រូបភាព ៖ Bernama
មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ត្រូវបានចោទប្រកាន់ដោយតុលាការដំបូងក្នុងរដ្ឋ Perak ម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែធ្នូ ពីបទឃាតកម្មលើក្មេងប្រុសអនុវិទ្យាល័យម្នាក់ ដោយសារបើកបុកហើយរត់គេច កាលពីថ្ងៃទី១៥ ខែធ្នូ។

 
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ជនរងគ្រោះបានស្លាប់ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលសង្ស័យថា ម៉ូតូរបស់ជនរងគ្រោះត្រូវបុកដោយរថយន្តមួយ ដែលបើកបរដោយអ្នកធ្វើការនៅទីស្នាក់ការកណ្តាលប៉ូលិសនៃរដ្ឋ Kedah ។
 
តុលាការបានសម្រេចចោទប្រកាន់ជនសង្ស័យជាបណ្តោះអាសន្ន នៅក្រោមក្រមព្រហ្មទណ្ឌពីបទឃាតកម្ម ដោយផ្អែកលើការស៊ើបអង្កេតដែលបានធ្វើឡើង និងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាទុក។
 
ជនសង្ស័យ Mohd Nazri Abdul Razak ដែលមានឋានៈជាស្នងការរង ត្រូវបានចោទប្រកាន់ថាបានសម្លាប់លោក Muhammad Zaharif Affendi Muhd ​​Zamrie អាយុ ១៧ឆ្នាំនៅជិតសាលាអនុវិទ្យាល័យ Jati នៅយប់ថ្ងៃទី១៥ ខែធ្នូ។ មន្រ្តីជាន់ខ្ពស់រូបនេ ត្រូវបានចោទប្រកាន់តាមមាត្រា ៣០២នៃក្រមព្រហ្មទណ្ឌ ដែលមានទោសប្រហារជីវិត ឬដាក់ពន្ធនាគារពី៣០ឆ្នាំ ដល់៤០ឆ្នាំ រួមទាំងវាយដោយរំពាត់មិនតិចជាង ១២រំពាត់។ 
 
តាមសារព័ត៌មាន Free Malaysia Today (FMT) មេប៉ូលិសក្រុង Ipoh លោក Yahaya Hassan បាននិយាយនៅថ្ងៃទី១៥ ខែធ្នូ ថា ជនរងគ្រោះបានស្លាប់ដោយសាររបួសទ្រូង និងពោះ ខណៈដែលអ្នកបើកបរមិនមានរបួសនោះទេ។ លោក Yahaya ក៏បានធានានៅពេលនោះថា ប៉ូលិសនឹងធ្វើការស៊ើបអង្កេតប្រកបដោយតម្លាភាព។
 
សារព័ត៌មានក្នុងស្រុកធ្លាប់បានរាយការណ៍ថា ការឈ្លោះប្រកែកគ្នាមួយបានកើតឡើងរវាងមន្ត្រីប៉ូលិស និងក្មេងជំទង់នោះមុនពេលគ្រោះថ្នាក់៕

Tag:
 ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com