ជាតិ
ស្នងការនគរបាល អះអាងថា តាមរកជនបង្កគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌទួលគោក ក្រោយថ្ងៃកើតហេតុមកម្ល៉េះ
19, Dec 2023 , 5:43 pm        
រូបភាព
លោក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
លោក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ដើម្បីកុំឱ្យមហាជនយល់ច្រឡំនោះ ស្នងការដ្ឋាននគរបាលជាតិ បានចេញមកអះអាង នៅរសៀលថ្ងៃទី១៩ ធ្នូ ថា កងកម្លាំងសមត្ថកិច្ច បានស្វែងរកចាប់ខ្លួន ជនបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលជិះរថយន្ត Jeep តាំងពីក្រោយថ្ងៃកើតហេតុមកម្ល៉េះ។ ជនបង្កហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេផ្សព្វផ្សាយថា ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាកូនរបស់ម្ចាស់រថយន្ត ឈ្មោះ សុខ លីណា ។



ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើករថយន្ដ Jeep ដែលបុកបុរសម្នាក់ស្លាប់ នៅខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០:២៩នាទី ។ បច្ចុប្បន្នសមត្ថកិច្ច ទទួលបានដីកាពីតុលាការឱ្យស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យ មកចាត់ការតាមនីតិវិធី។ 
 
ពាក់ព័ន្ធករណីនេះ ស្នងការនគរបាលជាតិ បានបកស្រាយបន្ថែមថា លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីជំនាញស្រាវជ្រាវស្វែងរកឃាត់ខ្លួនជនសង្ស័យ ក្រោយថ្ងៃកើតហេតុមកម្ល៉េះ តែរកមិនទាន់ឃើញ។ 
 
«ប៉ុន្តែជនសង្ស័យបានគេចខ្លួន ក្រោយមកសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកសាវតាជនសង្ស័យ ដើម្បីសុំដីកាពីតុលាការតាមចាប់ឃាត់ខ្លួន»។ នេះជាការអះអាងរបស់ស្នងការដ្ឋាននគរបាលជាតិ។
 
ជុំវិញករណីនេះ តុលាការ បានចេញដីកាបញ្ជាបង្គាប់ឱ្យជនសង្ស័យ បង្កគ្រោះថ្នាក់ចរារណ៍ នៅខណ្ឌទួលគោកនេះ បង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ 
 
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរបញ្ជាក់លើបណ្ដាញសង្គមថា ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលជនសង្ស័យមិនព្រមចូលមកបង្ហាញខ្លួន។ 
 

Tag:
 ជួន ណារិន្ទ
  គ្រោះថ្នាក់ចរាចរណ៍
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com