ជាតិ
សង្គមជាតិ
គ្រោះថ្នាក់ចរាចរណ៍៖ តុលាការ ចេញដីកាឱ្យជនសង្ស័យចូលខ្លួនបំភ្លឺ ក្រោយរដ្ឋមន្រ្តីយុត្តិធម៌ ឱ្យដោះស្រាយតាមច្បាប់
19, Dec 2023 , 1:43 pm        
រូបភាព
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហើបព័ត៌មានទាក់ទងនឹងចំណាត់ការរបស់តុលាការ លើករណីគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌទួលគោក នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៩ ធ្នូ ២០២៣។ រូបពីហ្វេសប៊ុកលោក។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបង្ហើបព័ត៌មានទាក់ទងនឹងចំណាត់ការរបស់តុលាការ លើករណីគ្រោះថ្នាក់ចរាចរណ៍ នៅខណ្ឌទួលគោក នៅលើហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី១៩ ធ្នូ ២០២៣។ រូបពីហ្វេសប៊ុកលោក។
តុលាការ បានចេញដីកាបញ្ជាបង្គាប់ឱ្យជនសង្ស័យ បង្កគ្រោះថ្នាក់ចរារណ៍មួយ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ធ្នូ បង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ជនបង្កហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេផ្សព្វផ្សាយថា ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាកូនរបស់ម្ចាស់រថយន្ត ឈ្មោះ សុខ លីណា ។


 
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ សរសេរបញ្ជាក់លើបណ្ដាញសង្គមថា ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលជនសង្ស័យមិនព្រមចូលមកបង្ហាញខ្លួន។ «ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានតាមក្រោយទៀត»។ នេះបើតាមលោក ជិន ម៉ាលីន។
 
ទាក់ទិននឹងគ្រោះថ្នាក់ចរាចណ៍ នៅខណ្ឌទួលគោកនេះ លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ពិនិត្យ ស្រាវជ្រាវ និងដោះស្រាយឱ្យបានម៉ឺងម៉ាត់តាមផ្លូវច្បាប់។ រដ្ឋមន្រ្តីយុត្តិធម៌ ណែនាំឱ្យមានចំណាត់ការដោះស្រាយតាមផ្លូវច្បាប់នេះ ក្រោយពីបណ្ដាញសង្គម បានចែករំលែកសាររបស់គ្រួសារជនរងគ្រោះជាបន្តបន្ទាប់។
 
សាររបស់គ្រួសារសពជនរងគ្រោះ ដែលបានទាមទាររកយុត្តិធម៌ រៀបរាប់ថា ភាគីនៃគ្រួសារជនបង្កហេតុ បានយកលុយចូលបុណ្យសពប្ដីខ្លួន នូវទឹកប្រាក់១០០០ដុល្លារ ហើយមានបំណង ដោះស្រាយក្រៅប្រព័ន្ធតុលាការ ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ។ បើតាមសាររៀបរាប់ដដែល គ្រួសារជនបង្កហេតុ បានស្នើសុំឱ្យគ្រួសារជនរងគ្រោះដកពាក្យបណ្ដឹងចេញវិញ បើមិនចង់ខូចអនាគតទាំងសងខាង។ ប៉ុន្តែគ្រួសារជនរងគ្រោះ មិនយល់ព្រម ព្រោះយល់ថា ភាគីនៃគ្រួសារជនបង្កហេតុ ហាក់មានបំណងចង់គំរាម និងប្រើប្រាស់លុយ ដើម្បីដោះស្រាយបញ្ហា។  

អត្ថបទទាក់ទង
 
 
សូមជម្រាបថា កាលពីថ្ងៃទី១៤ធ្នូនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត១គ្រឿង ម៉ាក Jeep overland បានបើកបុកជនរងគ្រោះជាបុរសម្នាក់ដែលជិះម៉ូតូ បណ្ដាលឱ្យស្លាប់ នៅចំណុចខណ្ឌទួលគោក។ សមត្ថកិច្ចរកឃើញថា រថយន្តបង្កហេតុ ជារបស់ សុខ លីណា ប៉ុន្តែអ្នកបើកបររថយន្តនាពេលនោះ ត្រូវគេសង្ស័យថា ជាកូនប្រុសរបស់ម្ចាស់រថយន្ត៕ 
 
 

Tag:
 ជិន ម៉ាលីន
 គ្រោះថ្នាក់ចរាចរណ៍
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com