FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Wenger ថា Club World Cup ​កើន៣២ក្រុម ​នឹង​ជួយ​ក្លិបបាល់ទាត់ក្រៅតំបន់អឺរ៉ុប
20, Dec 2023 , 10:44 am        
រូបភាព
លោក Arsene Wenger ប្រធានផ្នែកអភិវឌ្ឍន៍កីឡាបាល់ទាត់របស់ FIFA មើលឃើញថា FIFA Club World Cup ដែលពង្រីកដល់៣២ក្រុម នឹងជួយវិស័យកីឡាបាល់ទាត់ជាសកល ពោលគឺមិនត្រឹមតែវិស័យបាល់ទាត់នៅក្នុងតំបន់អឺរ៉ុបនោះទេ។ សហជីពកីឡាករបាល់ទាត់ពិភពលោក Fifpro បារម្ភពីការបង្កើនចំនួនក្រុមចូលរួមនេះ។



ព្រឹត្តិការណ៍ Club World Cup នឹងមានក្រុម ៣២ ចូលរួមលើកដំបូងនៅឆ្នាំ ២០២៥ ដោយមានក្លិបពីទ្វីបចំនួន៦ មានអឺរ៉ុប អាស៊ី អាម៉េរិកឡាទីន អូសេអានី អាហ្វ្រិក និង CONCACAF។
 
ជុំវិញការបង្កើនចំនួនក្រុមចូលរួមនេះ សហជីពកីឡាករពិភពលោក Fifpro និងលោក Pep Guardiola អ្នកចាត់ការទូទៅក្រុម Manchester City បង្ហាញក្តីបារម្ភចំពោះផែនការនេះ។ Fifpro យល់ថាទម្រង់ការប្រកួតថ្មី នឹងធ្វើឱ្យប៉ះពាល់ដល់កម្លាំងកីឡាករ ដ្បិតពួកគេមានភារកិច្ចប្រកួតច្រើន ដែលជះឥទ្ធិពលអាក្រក់សម្រាប់ក្រុម និងជម្រើសជាតិ។ Fifpro ក៏បានស្នើឱ្យ FIFA ពិភាក្សាជាមួយភាគីពាក់ព័ន្ធកីឡាបាល់ទាត់ផ្សេងទៀតដើម្បីពិភាក្សាអំពីច្បាប់សុខុមាលភាពកីឡាករ។
 
ដោយឡែកអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ លោក Guardiola បារម្ភចំពោះការកំណត់ពេលនៃការប្រកួត និងពេលវេលាសម្រាករបស់កីឡាករ។ «ខ្ញុំមិនប្រឆាំងនឹងការប្រកួតប្រជែងថ្មីនេះទេ ប៉ុន្តែខ្ញុំប្រឆាំងនឹងការខ្វះខាតពេលវេលាសម្រាករបស់កីឡាករ»។ នេះជាការបញ្ជាក់របស់លោក Guardiola។
 
ទោះបីជាយ៉ាងណាក៏ដោយ លោក Wenger ដែលជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA យល់ឃើញថានេះជាឱកាសសម្រាប់ក្លិបបាល់ទាត់ផ្សេងទៀតដើម្បី វិវឌ្ឍន៍ខ្លួន និងធ្វើឱ្យកាន់តែមានភាពរីកចម្រើន។
 
អតីតអ្នកចាត់ការ Arsenal រូបនេះលើកឡើងថា៖ «FIFA Club World Cup ៣២ក្រុម នឹងឥទ្ធិពលវិជ្ជមានលើក្លិបនានា ជាពិសេសក្លិបក្រៅតំបន់អឺរ៉ុប ព្រោះនេះនឹងបង្កើនធនធានដល់ក្លិបទាំងនោះដើម្បីអភិវឌ្ឍ និងប្រកួតប្រជែង»។
 
លោក Wenger បន្ថែមថាក្លិបនៅទ្វីបអឺរ៉ុបមានសំណាងហើយ ល្បីហើយ ប៉ុន្តែវាជារឿងសំខាន់ក្នុងការធ្វើឱ្យបាល់ទាត់រីកសាយជាសកល ហើយនេះជាឱកាសសម្រាប់កីឡាករ និងក្លិបផ្សេងទៀតនៅទូទាំងពិភពលោករីកចម្រើន ដើម្បីប្រកួតប្រជែងក្នុងកម្រិតខ្ពស់។
 
ព្រឹត្តិការណ៍ FIFA Club World Cup ដែលកើន៣២ក្រុម នឹងធ្វើលើកដំបូងនៅទឹកដីអាម៉េរិក ឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី១៣ ខែកក្កដា៕

Tag:
 FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com