ជាតិ
អន្តរជាតិ
លោក​ សេដ្ឋា ​ថាវីស៊ីន៖ តំបន់ត្រួតស៊ីគ្នា​នៅឈូងសមុទ្រ នឹងជជែកនាដំណើរទស្សនកិច្ច​សម្តេច ហ៊ុន ម៉ាណែតនៅថៃ
20, Dec 2023 , 2:29 pm        
រូបភាព
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ស្តាំ) ចាប់ដៃជាមួយសមភាគីថៃ លោក សេដ្ឋា ថាវីស៊ីន នៅក្រុងភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព Xinhua.jpg
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា (ស្តាំ) ចាប់ដៃជាមួយសមភាគីថៃ លោក សេដ្ឋា ថាវីស៊ីន នៅក្រុងភ្នំពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៣។ រូបភាព Xinhua.jpg
នាយករដ្ឋមន្រ្តីថៃ លោកសេដ្ឋា ថាវីស៊ីន នៅថ្ងៃទី១៩ ខែធ្នូ បានលើកឡើងថា សមភាគីកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នឹងបំពេញទស្សនកិច្ចនៅថៃ ក្នុងខែកុម្ភៈខាងមុខ ដោយប្រធានបទធនធានធម្មជាតិ ក្នុងតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ  នឹងក្លាយជាប្រធានបទដ៏សំខាន់មួយដែលត្រូវពិភាក្សា។

 
បន្ទាប់ពីជំនួបទ្វេភាគីនៅក្រៅកិច្ចប្រជុំរម្លឹកខួបអាស៊ាន-ជប៉ុន លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃ បានប្រាប់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី១៩ ខែធ្នូថា សមភាគីកម្ពុជា សម្តេចហ៊ុន ម៉ាណែត គ្រោងបំពេញទស្សនកិច្ចនៅថៃក្នុងខែកុម្ភៈ ខាងមុខ។ 
 
ក្នុងកិច្ចសម្ភាសនោះ លោកសេដ្ឋា បានថ្លែងថា ធនធានថាមពលក្នុងតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ នឹងជាប្រធានបទមួយនៃកិច្ចពិភាក្សាជាមួយមេដឹកនាំកម្ពុជា។ តំបន់ទាមទារត្រួតស៊ីគ្នា និងសម្បូរធនធានថាមពលនេះ មានទំហំប្រមាណ២៦០០០គីឡូម៉ែត្រការ៉េ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ 
 
តាមការយល់ឃើញរបស់ជំនាញបញ្ហាតំបន់ កិច្ចពិភាក្សារវាងកម្ពុជា និងថៃ គួរតែផ្តោតលើការអភិវឌ្ឍរួមគ្នាសម្រាប់វិស័យធនធានថាមពល នៅក្នុងតំបន់ត្រួតស៊ីគ្នានោះ ដើម្បីកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិពីបរទេស។ 
 
ចំណែករដ្ឋមន្រ្តីថាមពលថៃ លោក Pirapan Salirathavibhaga បានបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរ ចាំបាច់ត្រូវតែបើកកិច្ចចរចាឡើងវិញលើបញ្ហាតំបន់ត្រួតស៊ីគ្នា ដែលនៅតែមិនអាចដោះស្រាយបាន។ កន្លងមករដ្ឋាភិបាលថៃ និងកម្ពុជាមុនៗ ក៏ធ្លាប់បានលើកឡើងពីបញ្ហានេះដែរ។ 
 
ទន្ទឹមនេះ រដ្ឋមន្រ្តីថាមពល បានទទួលស្គាល់ថា វាពិតជាពិបាក ក្នុងការឈានទៅដល់ដំណោះស្រាយពិតប្រាកដមួយ ប្រសិនបើភាគីទាំងពីរភ្ជាប់រឿងការអភិវឌ្ឍប្រភពធនធាន ជាមួយជម្លោះដែនទឹក ក្នុងអំឡុងពេលចរចា។ ជុំវិញបញ្ហានេះ ប្រមុខរដ្ឋាភិបាលថៃ និងរដ្ឋមន្រ្តីថាមពល ក៏បានបង្ហាញពីក្តីបារម្ភដែរ ប៉ុន្តែភាគីថៃ នឹងផ្តោតលើការអភិវឌ្ឍធនធានថាមពល ស្របពេលថាមពលនៅក្នុងស្រុក មានការខ្វះខាត។ 
 
«ប្រសិនបើគ្មានប្រភពធនធានថ្មីទេ ថៃនឹងប្រឈមជាមួយបញ្ហានៅពេលអនាគត»។ លោក Pirapan បានព្រមានបែបនេះ។ 
 
កន្លងមក រដ្ឋមន្រ្តីថាមពលរូបនេះ បានអះអាងថា កិច្ចចរចាលើការអភិវឌ្ឍវិស័យថាមពលជាមួយកម្ពុជា នៅក្នុងតំបន់ត្រួតស៊ីគ្នា ទំនងជាមិនអាចទទួលបានជោគជ័យឡើយ លុះត្រាតែព្រំដែន ត្រូវបានកំណត់ច្បាស់លាស់។ 
 
គួររម្លឹកថា រដ្ឋាភិបាលថៃ និងកម្ពុជា ធ្លាប់បានប្តេជ្ញាពង្រីកទំហំពាណិជ្ជកម្មឱ្យបានរហូតដល់ ១៥ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៥៕ 

Tag:
 ថៃ
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com