ជាតិ
សង្គមជាតិ
នាយរងផ្នែកសន្តិសុខនគរបាលស្រុកពញាឮ ត្រូវផ្អាកការងារព្រោះទារប្រាក់ពីជនរងគ្រោះ
20, Dec 2023 , 4:59 pm        
រូបភាព
លោកស្រី ចាន់សុខ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ(ខាងឆ្វេង)។ រូបពីស្នងការនគរបាលខេត្តកណ្ដាល
លោកស្រី ចាន់សុខ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ(ខាងឆ្វេង)។ រូបពីស្នងការនគរបាលខេត្តកណ្ដាល
លោកស្រី ហួត ចាន់សុខ ជានាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន ដោយសារទាមទារប្រាក់ពីគ្រួសារជនរងគ្រោះ។

 
ក្រោយលេចឮព័ត៌មានថា មានសមត្ថកិច្ចទាមទារប្រាក់២០០ដុល្លារ ពីគ្រួសារជនរងគ្រោះដែលត្រូវគេកាប់ ដើម្បីជាថ្នូរតាមចុះចាប់ជនសង្ស័យក្នុងខេត្តកណ្ដាល លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ក៏បានបញ្ជាឱ្យស៊ើបអង្កេតលើករណីឱ្យបានហ្មត់ចត់។ នេះបើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចេញបកស្រាយលើបណ្ដាញសង្គមហ្វេសប៊ុក ហើយបញ្ជាក់ថាលោកស្រី ហួត ចាន់សុខ ពិតជាបានទារប្រាក់២០០ដុល្លារពីភាគីគ្រួសារជនរងគ្រោះពិតមែន។ 
 
ក្រុមសមត្ថកិច្ចជំនាញខេត្តកណ្ដាល សរសេរបកស្រាយជាសាធារណលើបណ្ដាញសង្គមថា នាពេលថ្មីៗនេះ លោកស្រី ចាន់សុខ ទារប្រាក់ចំនួន២០០ដុល្លា សម្រាប់ជាថ្នូរនឹងការតាមចាប់ជនល្មើស និងសរសេរពាក្យបណ្តឹងថ្មីឱ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។ ក្រោមមក លោកស្រី ចាន់សុខ ក៏បន្តទារប្រាក់ចំនួន៣០០ដុល្លារបន្ថែមទៀត ដើម្បីចុះចាប់ជនសង្ស័យដែលបង្កហេតុ ប៉ុន្តែគ្រួសារជនរងគ្រោះមិនមានលទ្ធភាព ទើបបណ្ដាលឱ្យបែកធ្លាយព័ត៌មានទាមទារប្រាក់ឡើង។ 
 
ក្រោមពីសាកសួរ លោកស្រី ហួត ចាន់សុខ បានទទួលស្គាល់ពីខ្លួនពិតជាបានទារប្រាក់ពីគ្រួសារជនរងគ្រោះពិតមែន ព្រោះចង់បានលុយយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីនរណាឡើយ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com