កីឡាអន្តរជាតិ
អន្តរជាតិ
Man City ឡើងវគ្គផ្តាច់ព្រ័ត្រ Club World Cup លើកដំបូងក្នុងប្រវត្តិសាស្រ្ត
20, Dec 2023 , 4:29 pm        
រូបភាព
Manchester City ម្ចាស់ជើងឯក​ពានរង្វាន់ UEFA Champions League រដូវកាល ២០២២-២៣ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FIFA Club World Cup លើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយពួកគេបានប្រកួតយកឈ្នះលើក្រុម Urawa Red Diamonds របស់ជប៉ុននិងជាជើងឯក AFC Champions League ដោយលទ្ធផល ៣-០ នាថ្ងៃទី១៩ ខែធ្នូ។



ការប្រកួតឈ្នះលើក្រុមជើងខ្លាំងមកពីជប៉ុន ជាការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្រុមរហស្សនាមមេឃខៀវនឹងត្រូវបន្តដំណើរទៅប៉ះក្រុមជើងខ្លាំងប្រចាំទ្វីបអាម៉េរិកខាងត្បូង Fluminense នៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup ដែលការប្រកួតនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី២២ ខែធ្នូ។
 
ក្រោយក្រុមសម្រេចលទ្ធផលឡើងដល់វគ្គផ្តាច់ព្រ័ត្រ អ្នកចាត់ការក្រុមលោក Pep Guardiola បានចាត់ទុកឱកាសការឡើងផ្តាច់ព្រ័ត្រនេះថា ជាឱកាសតែម្តងក្នុងជីវិតរបស់ក្រុមកីឡាកររបស់លោក ដែលអាចឡើងទៅប៉ះក្រុម Fluminense ដណ្តើមពានក្លិបកំពូលប្រចាំពិភពលោក។
 
ក្រុម Man City សម្លឹងមើលឱកាសក្លាយជាក្រុមទី ៤ ក្នុងប្រទេសអង់គ្លេស ដែលអាចឈ្នះពានរង្វាន់ FIFA Club World Cup ដូចទៅនឹងក្រុម Manchester United, Liverpool និង Chelsea។
 
«កីឡាករដឹងថាវាសំខាន់យ៉ាងណាសម្រាប់ក្លិបទាំងមូល។ ដើម្បីអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ អ្នកត្រូវតែធ្វើរឿងដ៏អស្ចារ្យជាមុនសិនដូចជាការឈ្នះ Champions league ហើយឱកាសទាំងនេះអាចនិយាយបានថាជាពេលវេលាតែមួយលើកប៉ុណ្ណោះសម្រាប់ជីវិតរបស់យើងដែលបានលេងការប្រកួតនេះ។ យើងនឹងនៅទីនោះ យើងនឹងព្យាយាមដើម្បីឈ្នះពាន យើងត្រូវរង់ចាំធ្វើវាម្តងហើយម្តងទៀតនោះទេ។»។ លោក Pep Guardiola បាននិយាយនៅក្នុងសន្និសីទកាសែតបែបនេះ ក្រោយចប់ការប្រកួតទល់នឹងក្រុម Urawa Red។
 
ក្លិប Fluminense ដែលបច្ចុប្បន្នកំពុងមានវត្តមានអតីតខ្សែការពារ Real Madrid កីឡាករ Marcelo កំពុងលេងឱ្យនោះ បានប្រកួតយកឈ្នះលើក្រុម Al Ahly ដោយលទ្ធផល ២-០ នៅការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដើម្បីឡើងទៅប៉ះក្រុម Man City៕

Tag:
 Manchester City
  FIFA Club World Cup
© រក្សាសិទ្ធិដោយ thmeythmey.com