ជាតិ
ចម្លាក់បដិមាថ្មភក់កប់ក្នុងដីចំនួន៦ ត្រូវបានរកឃើញនៅប្រាសាទតាព្រហ្ម
21, Dec 2023 , 9:59 pm        
រូបភាព
បដិមារកឃើញពីប្រាសាទតាព្រហ្ម កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាពអាជ្ញាធរជាតិអប្សរា៕
បដិមារកឃើញពីប្រាសាទតាព្រហ្ម កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាពអាជ្ញាធរជាតិអប្សរា៕
សៀមរាប៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា និងស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)បានប្រទះឃើញចម្លាក់បដិមាថ្មភក់ចំនួន៦ ក្រោមកំណកដីនៃខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្ម នៃរមណីយដ្ឋានអង្គរ កាលពីពាក់កណ្ដាលខែវិច្ឆិកានេះ។ នេះបើតាមការចេញផ្សាយរបស់ អាជ្ញាធរជាតិអប្សរា។



យកតាមប្រភពខាងលើ បដិមាទាំង៦អង្គនោះ ត្រូវបានក្រុមការងារប្រទះឃើញ នាអំឡុងការជួសជុលខ្លោងទ្វារនេះឡើងវិញ ដោយបានរើថ្មនៃរចនាសម្ពន្ធខ្លោងទ្វារខាងត្បូង ប្រាសាទតាព្រហ្ម ដែលនៅរាយប៉ាយ ដើម្បីរៀបចំទៅតាមទីតាំងដើមឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូ។
 
បើតាមបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា អ្នកស្រី នេត ស៊ីមន ចម្លាក់បុរាណទាំងនោះរួមមាន រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគចំនួន២, រូបលោកកេស្វរៈចំនួន១, រូបព្រះពុទ្ធទ្រង់ភ្នែនប្រក់នាគ បាក់ព្រះកេសទម្រង់សមាធិ និងបាក់ព្រះហស្តទាំងសងចំនួន២ និងថ្មកំពូលហោជាង ដែលមានចម្លាក់រូបព្រះពុទ្ធគង់ភ្នែន មានទេពទ្រពីក្រោម១ផ្ទាំងផងដែរ។ 
  
បដិមារកឃើញពីប្រាសាទតាព្រហ្ម កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២៣។ រូបភាពអាជ្ញាធរជាតិអប្សរា៕ 

សូមរំឭកបន្តិចថា គម្រោងជួសជុលខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្មនេះ ត្រូវបានចាប់ផ្ដើមនាខែមករា ដើមឆ្នាំ២០២៣ ដោយអាជ្ញាធរជាតិអប្សរា សហការណ៍ជាមួយស្ថាប័នASI របស់ឥណ្ឌា។ គម្រោងនេះ ធ្វើការជួសជុលលើខ្លោងទ្វារ កំពែងប្រវែង២០ម៉ែត្រ និងកំពូលមុខព្រហ្មទាំងបួន។ តាមរយៈគម្រោង ត្រូវបានរំពឹងថានឹងបញ្ចប់ការជួសជុលក្នុងរយៈពេល២ឆ្នាំ។ 
 
គួរជម្រាបផងដែរថា ប្រាសាទតាព្រហ្មត្រូវបានកសាងឡើងនាសតវត្សរ៍ទៅ១២ នៃគ្រិស្តសករាជ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទត្រូវបានគរស្គាល់ច្រើនតាមរយៈ ដើមឈើធំៗដុះលើប្រាសាទ បង្កើតជាភាពទាក់ទាញលើប្រាង្គប្រាសាទបុរាណ៕

 អ្នកស្រី នេត ស៊ីមន​ បុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា របស់អាជ្ញាធរជាតិអប្សរ៕  



Tag:
 ចម្លាក់បដិមា
  ប្រាសាទតាព្រហ្ម
  អង្គរ
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com