អន្តរជាតិ
ជំនួយចូលកាត់តាមប្រទេសហ៊្សកដានីជាលើកទី១ចាប់តាំងពីខែតុលាមក
22, Dec 2023 , 10:29 pm        
រូបភាព
ជំនួយមនុស្សធម៌បានទៅដល់ច្រកព្រំដែន Karm Abu Salem ក្នុងក្រុង Rafah នៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ជំនួយមនុស្សធម៌បានទៅដល់ច្រកព្រំដែន Karm Abu Salem ក្នុងក្រុង Rafah នៃតំបន់ហ្កាហ្សា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។
ដោយ: VOA
អង្គការ​កម្មវិធី​ស្បៀងអាហារពិភពលោក​ (WFP) ​បាន​បញ្ជាក់​ថា ​ក្បួន​រថយន្ត​ធំៗ​ចំនួន​ ៤៦ ​គ្រឿង ​ដែល​រៀបចំ​ជាមួយ​អង្គការ​សប្បុរសធម៌​ហ៊្សកដានី​ បាន​ទៅ​ដល់​តំបន់​ហ្កាហ្សា​ កាលពី​ថ្ងៃ​ពុធ​កន្លងមក​ ដោយ​មាន​ម្ហូបអាហារ​ចំនួន​ ៧៥០ ​តោន​។



ទីភ្នាក់ងារ​ស្បៀងអាហារ​បាន​និយាយ​ថា​វាជា​លើក​ទី ១ ​ដែល​ក្បួន​រថយន្ត​ដឹក​ជំនួយ​ដោយ​ផ្ទាល់​ពី​ប្រទេស​ហ៊្សកដានី​បាន​ទៅ​ដល់​តំបន់​ហ្កាហ្សា​ចាប់តាំង​ពី​ថ្ងៃ​ទី ៧ ​ខែ​តុលា​មក។
 
អង្គការ WFP ​បាន​អំពាវនាវ​ឱ្យ​មាន​ការឈប់​បាញ់គ្នា​ជាបន្ទាន់​ ហើយ​នឹង​បើក​ចំណុច​ឆ្លងកាត់​ព្រំដែន​ទាំង​អស់​ទៅកាន់​តំបន់​ហ្កាហ្សា ​ដោយ​និយាយ​ថា​ ពលរដ្ឋ​ចំនួន​ពាក់​កណ្តាល​ឥឡូវនេះ​កំពុង​ដាច់ពោះ​អត់បាយ ​ដោយ​មាន​ម្ហូបអាហារ ​ទឹក​និង​តង់​សម្រាប់​ស្នាក់នៅ​តិចតួច​បាន​ទៅដល់​កន្លែង​នោះ។
 
ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​ពន្យារពេល​ការបោះឆ្នោត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ នៅ​ក្នុង​ការស្វះស្វែង​ ដើម្បី​បាន​ទទួល​ការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក​លើ​សេចក្តី​សម្រេច​មួយ​ដែល​ស្វះស្វែង ​ដើម្បី​សម្រប​សម្រួល​បង្កើន​ការផ្គត់ផ្គង់​ជំនួយ​ដល់​តំបន់​ហ្កាហ្សា។
 
ផែនការ​កាលពី​ដំបូង​គ្រោង​សម្រាប់​ថ្ងៃ​ចន្ទ ប៉ុន្តែ​ការបោះឆ្នោត​បាន​ត្រូវ​ពន្យារ​ម្តង​ហើយ​ម្តង​ទៀត​ នៅពេល​ដែល​ពួក​អ្នកការទូត​ស្វះស្វែង​សម្របសម្រួល​ភាសា​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​អាច​ទទួលយកបាន។
 
ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​ដែល​តំណាងឱ្យ​បណ្តា​ប្រទេស​អារ៉ាប់​នៅ​ក្នុង​ក្រុមប្រឹក្សា​ដែល​មាន​ប្រទេស​ចំនួន ១៥ ​បាន​ព្រាង​សេចក្តីសម្រេច​ និង​កំពុង​ដឹកនាំ​ការចរចា​នេះ។
 
កាលពី​យប់​ថ្ងៃ​ពុធ យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​ធ្វើការ​វាយ​ប្រហារ​នៅ​ខាងក្នុង​ជ្រៅ​ក្នុង​ប្រទេស​លីបង់ ដោយ​បាន​វាយប្រហារ​តំបន់​ដែល​មាន​ព្រៃ​នៅជិត​ទីក្រុង Bouslaya​ ដែល​មាន​ចម្ងាយ​ជាង ​២០​ គីឡូម៉ែត្រ​ពី​ព្រំដែន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​បណ្តាញ​សារព័ត៌មាន​រដ្ឋ​លីបង់។
 
ការវាយប្រហារ​បាន​កើត​មាន​ឡើង​បន្ទាប់ពី​ការប្រយុទ្ធ​រយៈពេល​មួយថ្ងៃ​រវាង​ក្រុម​សកម្ម​ប្រយុទ្ធ​លីបង់ Hezbollah ​និង​កងទ័ព​អ៊ីស្រាអែល​ នៅ​តាម​បណ្តោយ​ព្រំដែន​លីបង់​និង​អ៊ីស្រាអែល។
 
ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​សារ​ព័ត៌មាន AP, AFP និង Reuters៕

© រក្សាសិទ្ធិដោយ thmeythmey.com