ជាតិ
សង្គមជាតិ
សមត្ថកិច្ច​ចាប់ជនជាតិចិន​២នាក់ វៀតណាម​២​នាក់ និងរឹបអូសសារធាតុញៀនជិត៥០០គីឡូក្រាម
22, Dec 2023 , 11:59 am        
រូបភាព
សារធាតុញៀន និងជនសង្ស័យដែលសម្ថកិច្ចចាប់ខ្លួនបាន។ រូបពី នគរបាលជាតិ
សារធាតុញៀន និងជនសង្ស័យដែលសម្ថកិច្ចចាប់ខ្លួនបាន។ រូបពី នគរបាលជាតិ
ភ្នំពេញ៖ សមត្ថកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀន បានចាប់ខ្លួនជនបរទេស៤នាក់ ក្នុងនោះមាន ជនជាតិចិន២នាក់ និងវៀតណាម២នាក់ នៅគោលដៅចំនួនពីរកន្លែង។

 
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ សមត្ថកិច្ចបានរឹបអូស វត្ថុតាងសារធាតុញៀនអ៊ិចស្តាស៊ី(MDMA), សារធាតុញៀនមេតំហ្វេតាមីន(ICE), សារធាតុញៀនកេតាមីន(Ketamine), សារធាតុញៀននីមេតាហ្សេប៉ាម រួមទាំងសារធាតុផ្សំបង្កើនបរិមាណជាច្រើនទៀត សរុបជិត៥០០គីឡូក្រាម។ ការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៩ និង២១ធ្នូ នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ​ និងបុរី​មួយ​កន្លែង​ ក្នុងភូមិ​ទួល​រកា​ សង្កាត់​ចាក់​អង្រែ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​ 
 
បច្ចុប្ប​ន្នជនសង្ស័យ និងវត្ថុតាងដែលបានរឹបអូស ត្រូវសមត្ថកិច្ចជំនាញរៀបចំសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីដំណើរការដោះស្រាយតាមនីតិវិធីច្បាប់។ 
 
ជុំវិញបទល្មើសគ្រឿងញៀន លោក ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ និងណែនាំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បោសសម្អាតឧក្រិដ្ឋជនគ្រឿងញៀនឱ្យអស់។ ជាក់ស្តែងរយៈពេលចុងក្រោយនេះ ករណីជួញដូរគ្រឿងញៀនធំៗ ជាច្រើនត្រូវបានបង្ក្រាប ជាមួយនឹងឧក្រិដ្ឋជនបរទេសជាច្រើន ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com