RFI
អន្តរជាតិ
ចិនប្រកាសព្យួរការលើកលែងពន្ធគយ លើទំនិញមួយចំនួនធំរបស់តៃវ៉ាន់
22, Dec 2023 , 1:59 pm        
រូបភាព
ចិនប្រកាសព្យួរការលើកលែងពន្ធគយ លើទំនិញមួយចំនួនធំរបស់តៃវ៉ាន់ ។ AP
ចិនប្រកាសព្យួរការលើកលែងពន្ធគយ លើទំនិញមួយចំនួនធំរបស់តៃវ៉ាន់ ។ AP
ដោយ៖ទុយ ដានែល
 
នៅថ្ងៃព្រហស្បតិ៍ ទី២១ធ្នូ ចិនបានប្រកាសព្បួរការបន្ធូរបន្ថយពន្ធគយ លើទំនិញចំនួន ១២មុខ​ របស់តៃវ៉ាន់ រួមមាន ប្រូភីលីន (propylène) ប៉ារ៉ាស៊ីលីន (paraxylène) ប៊ូតាឌីន (butadiène) និង អ៊ីសូព្រីន (isoprène) ជាដើម ដែលមានបង្ហាញនៅក្នុងបញ្ជីទំនិញរបស់ ក្រុមប្រឹក្សារដ្ឋចិន។ យោងតាមរដ្ឋាភិបាលចិនដីគោក ការសម្រេចនេះ គឺធ្វើឡើងដើម្បី សងសឹកតៃវ៉ាន់ ជុំវិញការរើសអើងចំពោះទំនិញចាំបាច់មួយចំនួនរបស់ចិនដីគោក។

 
គួររំលឹកថា ធាតុផ្សំដែលប្រើប្រាស់ដោយឧស្សាហកម្មគីមីឥន្ធនៈ គឺជាផ្នែកមួយ នៃកិច្ចព្រមព្រាងក្នុងក្របខណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច ដែលបានចុះហត្ថលេខា រវាងចិនដីគោកនិងចិនតៃវ៉ាន់ កាលពីឆ្នាំ២០១០ ដោយរួមបញ្ចូលបញ្ជីទំនិញប្រមាណជាង ៨០០មុខ។
 
គួរបញ្ចាក់ថា វិធានការណ៍រើសអើងចំពោះទំនិញចិនដីគោកនេះ បានធ្វើឲ្យគណកម្មាការគយចិនដីគោក មិនសប្បាយចិត្ត ហើយបានចោទតៃវ៉ាន់ ថាបានចេញវិធានការណ៍រើសអើង ចំពោះការនាំចេញទំនិញរបស់ចិនដីគោក។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មចិន បានប្រកាសពីភាពមិនស្មើគ្នា ចំពោះការដោះដូរពាណិជ្ជកម្ម រវាងចិនដីគោកនិងចិនតៃវ៉ាន់ ដោយបានបញ្ជាក់ពីឱនភាពពាណិជ្ជកម្ម ថាបានកើនខ្លាំង រហូតដល់ ៣៩៧% ពោលគឺស្មើនឹង ១៥៦,៥ ពាន់លានដុល្លារ។ នេះបើតាមតួលេខ ដែលបានរាយការណ៍ ដោយ កាសែត South China Morning Post។ 
 
សូមបញ្ជាក់ដែរថា សេចក្តីប្រកាសព្បួរការលើកលែងពន្ធគយ ធ្វើឡើងនៅថ្ងែព្រហស្បតិ៍ទី ២១ ធ្នូ ហើយចូលជាធរមាននៅថ្ងៃទី១មករា ឆ្នាំ២០២៤  ពោលគឺ២សប្តាហ៍មុនការបោះឆ្នោត ប្រធាធិបតេយ្យ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣មករា។ ការបោះឆ្នោតខាងមុខនេះ គេនឹងលើកយកមកពិភាក្សា ជុំវិញការចាប់ផ្តើមឡើងវិញ នៃការដោះដូរពាណិជ្ជកម្ម​ រវាងកោះតៃវ៉ាន់និងចិនដីគោក។
 
សូមរំលឹកថា ចាប់ពីឆ្នាំ២០១៩ ភ្ញៀវទេសចរចិន​ មិនត្រូវបានអនុញ្ញាតចូលទឹកដីតៃវ៉ាន់ឡើយ ហើយការដោះដូរពាណិជ្ជកម្មតាមច្រកសមុទ្ររបស់ដែនដីទាំងពីរ បានធ្លាក់ចុះ ចំនួន ១៦,៣% រវាង១១ខែកន្លងមកនេះ។ នេះបើយោងតាមតួលេខរបស់គយចិន។ 
 
បរិយាកាសសេដ្ឋកិច្ចដ៍អាប់អួរនេះ ក៏ប៉ះពាល់យ៉ាងខ្លាំងដល់យុវជននៃដែនដីទាំងពីរនេះ ផងដែរ។ ជាក់ស្តែង ប្រាក់ខែនៅតៃវ៉ាន់ នៅទ្រឹងតាំងពី២០ឆ្នាំ ខណៈដែលតម្លៃជួលផ្ទះវិញ ឡើងមួយគុណជាបួន។ យោងតាមការស្ទង់មតិ កម្រិតជីវភាពនិងប្រាក់ខែតិចតួច របស់ប្រជាជន គឺជាប្រធានបទចម្បង​សម្រាប់ការបោះឆ្នោតប្រធានាធិបតី នាពេលខាងមុខនេះ។​
 
ថ្លែងប្រាប់សារព័ត៌មាន BBC អ្នកជំនាញសេដ្ឋកិច្ច បានបញ្ជាក់ថា ប្រសិនបើស្ថានភាព ដុនដាបនេះ នៅបន្តយូរអង្វែងទៀត វាអាចនឹងធ្វើឲ្យបាត់បង់ទំនុកចិត្ត នៅក្នុងនយោបាយរបស់គណបក្ស និងដំណើរការប្រជាធិបតេយ្យ នៅកោះតៃវ៉ាន់។​ ចំណែកឯ នៅចិនដីគោកវិញ អត្រាគ្មានការងារធ្វើរបស់យុវជនទើបបញ្ចប់ការសិក្សា មានចំនួនច្រើន ដែលមិនធ្លាប់មានពីមុនមក។ ក៏ប៉ុន្តែ កាលពីរដូវក្តៅកន្លងមក អាជ្ញាធរចិនដីគោក បានសម្រេចដកតួលេខអ្នកគ្មានការងារធ្វើចេញពីស្តិតិផ្លូវការ៕

© រក្សាសិទ្ធិដោយ thmeythmey.com