អន្តរជាតិ
ថៃ​រំពឹង​នាំ​ចេញ​អង្ករ​៨,៨ លាន​តោន​នៅឆ្នាំនេះ ក្រោយមានតម្រូវការខ្ពស់ពីឥណ្ឌូណេស៊ី
22, Dec 2023 , 7:29 pm        
រូបភាព
អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការទទួលសំណូក
អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការទទួលសំណូក
ការនាំចេញអង្កររបស់ថៃត្រូវបានព្យាករថា នឹងកើនដល់ចន្លោះ ៨,៧លានតោនទៅ ៨,៨លានតោននៅឆ្នាំនេះ ដោយសារតម្រូវការខ្ពស់ពីឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី​បាន​បានបញ្ជាទិញ​អង្ករ​ថៃ​សរុប​ចំនួន២​លាន​តោន​ក្នុងឆ្នាំនេះ។

 
បរិមាណនៃការនាំចេញអង្ករសរុបរបស់ថៃ ត្រូវបានព្យាករកើនដល់​ ៨,៨លានតោននៅក្នុងឆ្នាំនេះ ដែលកើនឡើងពី ៧,៦៩លានតោនកាលពីឆ្នាំមុន។ ទន្ទឹមនេះ ចំណូលនៃការនាំចេញអង្កររំពឹងថាមានចំនួន ១៨០ពាន់លានបាត (៥,២២ពាន់លានដុល្លារ)កើនប្រមាណ ២៤ភាគរយធៀបនឹងឆ្នាំមុន។ 
 
បើតាមសារព័ត៌មាន Vietnam+ បានដកស្រង់សម្តីលោក Chookiat Ophaswongse ប្រធានកិត្តិយសនៃសមាគមអ្នកនាំចេញអង្ករថៃ ថៃរំពឹងនាំចេញអង្ករជិត១លានតោនក្នុងខែវិច្ឆិកា និងខែធ្នូ។ ប្រទេស​ដែល​ទិញ​អង្ករ​សំខាន់ៗ​របស់​​ថៃ​រួម​មាន​ ​ឥណ្ឌូណេស៊ីបញ្ជាទិញ១,៣លាន​តោន និង​ហ្វីលីពីនប្រមាណ៥០ម៉ឺន​តោន។ 
 
លោកនាយក​រដ្ឋមន្ត្រីថៃ សេដ្ឋា ថាវីស៊ីន អះអាងនៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​ជប៉ុន​-​អាស៊ាន ​ថា ឥណ្ឌូណេស៊ី​បាន​ប្តេជ្ញា​ទិញ​អង្ករ​ថៃ​សរុប​ចំនួន​២​លាន​តោន​ក្នុងឆ្នាំនេះ។​ លើសពីនេះ អង្ករ​ចំនួន​១​លាន​តោនទៀត​​អាច​ត្រូវបាន​ផ្តល់​តាមរយៈ​អនុស្សរណៈ​នៃការយោគយល់ ឬកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទាំងពីរដើម្បីរៀបចំសម្រាប់គ្រោះរាំងស្ងួតដែលអាចកើតមាននៅឆ្នាំក្រោយ។
 
ឥណ្ឌូណេស៊ី​ត្រូវ​រំពឹង​នាំ​ចូល​អង្ករ​ប្រមាណ៣លាន​តោន​នៅ​ឆ្នាំ​នេះដែល​ភាគ​ច្រើន​មក​ពី​ថៃ ហើយមានតម្លៃថោកជាងអង្ករវៀតណាម។ បើ​តាម​លោក Chookiat ឥណ្ឌូណេស៊ី​រំពឹង​នឹង​នាំ​ចូល​អង្ករ​ពី១លានតោនទៅ១,៥លាន​តោនថែមទៀត​នៅ​ឆ្នាំ​ក្រោយ។
 
ទិន្នន័យគយថៃបង្ហាញថា ១០ខែឆ្នាំនេះ ថៃបាននាំចេញអង្ករដល់ ៦,៩២លានតោន ដែលមានតម្លៃ ១៣៦ពាន់លានបាត (៣,៩២ពាន់លានដុល្លារ)៕ 

Tag:
 អង្ករ
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com