អន្តរជាតិ
សភាកូរ៉េខាងត្បូងអនុម័តថវិកាជាតិ ឆ្នាំ ២០២៤ ក្នុងទំហំ ៥០៣ពាន់លានដុល្លារ
22, Dec 2023 , 9:29 pm        
រូបភាព
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព AFP
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុកយ៉ល។ រូបភាព AFP
សភាកូរ៉េខាងត្បូង នៅថ្ងៃទី២១ ខែធ្នូ បានអនុម័តការចំណាយថវិកាជាតិនៅឆ្នាំ ២០២៤ ចំនួន ៥០៣,៥០ ពាន់លានដុល្លារដែលជាការកើនឡើងបន្តិចបន្តួចពីឆ្នាំ ២០២៣។ ក្នុងផែនការនោះ ការចំណាយលើសុខភាព សុខុមាលភាពសង្គម និងការពារជាតិជាដើម ត្រូវបានបង្កើនឡើង។

 
ការកើនឡើងនៃថវិកាជាតិឆ្នាំ ២០២៤ គឺតូចបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ ដោយសារ អាជ្ញាធរផ្តល់អាទិភាពលើវិន័យសារពើពន្ធ ក្នុងការផ្លាស់ប្តូរត្រឡប់ពីការចំណាយបន្ថែមដែល បានធ្វើឡើងក្នុងអំឡុងពេលជំងឺរាតត្បាត។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង។
 
តាមរយៈការកាត់បន្ថយការចំណាយ រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន សុកយ៉ល គ្រោងធ្វើឱ្យ អត្រាឱនភាពស្ថិតក្រោម ៣ ភាគរយចាប់ពីឆ្នាំ ២០២៥។ ការចំណាយនៅក្នុងឆ្នាំ២០២៤ ចំនួន ៥០៣,៥០ ពាន់លានដុល្លារនេះ អាចធ្វើឱ្យមានឱនភាពដល់ GDP ចំនួន ៣,៩ភាគរយ ដោយកើនឡើងពីការការប៉ាន់ប្រមាណ ២,៦ ភាគរយនៅឆ្នាំនេះ។
 
នៅក្រោមផែនការការចំណាយនៅឆ្នាំក្រោយ សុខភាព សុខុមាលភាពសង្គម និងការងារនឹងកើនឡើង ១២,៨ ពាន់លានដុល្លារ ដោយមានទំហំ ១៨៦,១ ពាន់លានដុល្លារ បើប្រៀបធៀប ទៅនឹងឆ្នាំមុន។ ការចំណាយលើការអប់រំនឹងធ្លាក់ចុះ ៥ពាន់លានដុល្លារដល់ត្រឹម ៦៨,៨ ពាន់លានដុល្លារ ប៉ុន្តែការចំណាយលើវិស័យការពារជាតិនឹងកើនឡើង ២ ពាន់លានដុល្លារដល់ ៤៥,៧ ពាន់លានដុល្លារ។
 
បន្ថែមពីនេះ ការចំណាយលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) នឹងធ្លាក់ចុះដល់ ២០,៣ ពាន់លានដុល្លារ នៅឆ្នាំក្រោយពី ២៣, ៨ ពាន់លានដុល្លារនៅឆ្នាំនេះ៕

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com