RFI
អន្តរជាតិ
លោកម៉ូឌី​សន្យា​ស៊ើបអង្កេតលើ​ករណី​ធ្វើឃាត មេដឹកនាំចលនា​សាសនាស៊ីក្ហនៅកាណាដានិងអាមេរិក
23, Dec 2023 , 11:20 am        
រូបភាព
សមាជិកសហគមចលនាសាសនាស៊ីក្ហ Sikh ដើរដង្ហែរក្បួនរំលឹកវិញ្ញាណក្ខន្ធ មេដឹកនាំខ្លួន ឈ្មោះ Hardeep Singh Nijjar ដែលត្រូវគេធ្វើឃាតនៅកាណដា។ AP
សមាជិកសហគមចលនាសាសនាស៊ីក្ហ Sikh ដើរដង្ហែរក្បួនរំលឹកវិញ្ញាណក្ខន្ធ មេដឹកនាំខ្លួន ឈ្មោះ Hardeep Singh Nijjar ដែលត្រូវគេធ្វើឃាតនៅកាណដា។ AP
ដោយ៖ម៉ម ពិសី
 
ជាច្រើនខែមកហើយ ដែល​ភាគីរដ្ឋាភិបាលឥណ្ឌា បានប្រកែក​ច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការ​ចោទប្រកាន់ ពីសំណាក់កាណាដា ដែលចោទ​ថាអាជ្ញាធរឥណ្ឌា ជាអ្នកនៅពីក្រោយ​ការធ្វើឃាត មេដឹកនាំចលនាសាសនាស៊ីក្ហ​ម្នាក់​ ដ៏មានឥទ្ធិពលម្នាក់ នៅលើ​​​កាណាដា។ ការចោទប្រកាន់នេះ បានបង្កឲ្យ​មានវិបត្តិការទូត រវាង​ឥណ្ឌា និងកាណាដា។ តែទីបំផុត​ បន្ទាប់ពីសហរដ្ឋអាមេរិក ​បានចោទឥណ្ឌាដែរ ថាបានប៉ុនប៉ងសម្លាប់​មេដឹកនាំចលនាស៊ីក្ហម្នាក់​នៅញូយ៉ក លោកនាយករដ្ឋមន្ត្រីឥណ្ឌាបានអះអាងថា នឹងបើកការស៊ើបអង្កេត។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រ ម៉ូឌី បាន​សន្យាថា ​នឹងបើកការស៊ើបអង្កេត ឲ្យ​ស៊ីជំរៅ ដើម្បី​រកការពិត​ និង​បង្ហាញពីភាពស្អាតស្អំ របស់រដ្ឋាភិបាល​ឥណ្ឌា ទាក់ទិននឹងករណីធ្វើឃាត និងប៉ុនប៉ងធ្វើឃាតសកម្មជន​ចលនាសីក្ហ នៅកាណាដានិងនៅអាមេរិក​។ នេះបើផ្អែកតាម​សម្តី​របស់​លោក ណារិន្ទ្រ ម៉ូឌី ដែលបាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​កាសែត Financial Times ចុះផ្សាយ​កាលពីថ្ងៃពុធ ទី​២០ធ្នូ​។
 
សូមរំលឹកថា វិបត្តិ​ការទូត​បានផ្ទុះឡើង រវាងឥណ្ឌានិងកាណាដា បន្ទាប់​ពីមេដឹកនាំចលនាសាសនាស៊ីក្ហ ដ៏មានឥទ្ធិពលម្នាក់នៅកាណាដា ឈ្មោះ Hardeep Singh Nijjar ត្រូវបាន​គេលបធ្វើឃាត នៅថ្ងៃទី​១៨មិថុនា​។ ក្រោយការស៊ើបអង្កេត អាជ្ញាធរកាណាដាបានអះអាងថា ករណីធ្វើឃាតនេះ​ មានពាក់ព័ន្ធនឹងរដ្ឋាភិបាលឥណ្ឌា ព្រោះ​ចលនាសាសនាស៊ីក្ហ គឺជាសត្រូវនយោបាយ​មួយ​ដ៏ធំ ក្នុងក្រសែភ្នែក​ថ្នាក់​ដឹកនាំ​ហិណ្ឌូជាតិ​និយមឥណ្ឌា។ កើតទុក្ខមិនសុខចិត្ត ចំពោះការចោទនេះ ឥណ្ឌាបានគំរាមថា ចង់​ដកអភ័យឯកសិទ្ធិមន្ត្រីទូតកាណាដា ដែលធ្វើការនៅឥណ្ឌា។ ភ្លាមៗក្រោយការគំរាមនេះ កាណាដាបានសម្រេចហៅ​មន្ត្រីទូតខ្លួនឲ្យចូលស្រុកវិញ​។
 
ស្រាប់តែនៅខែវិច្ឆិកា ឥណ្ឌាត្រូវគេចោទម្តង តែលើកនេះ​គឺមកខាងសហរដ្ឋអាមេរិក។ អាជ្ញាធរអាមេរិក បានអះអាងថា មេដឹកនាំចលនាសាសនាស៊ីក្ខម្នាក់ នៅ​ញូយ៉ក ត្រូវបាន​គេប៉ុនប៉ង​ធ្វើឃាត។ ជនជាតិឥណ្ឌាម្នាក់ ដែលជាអ្នកស្វែងរកឃាតករស៊ីឈ្នួល ត្រូវគេចាប់ខ្លួន​បាន ហើយត្រូវគេសង្ស័យថា មានពាក់ព័ន្ធដោយផ្ទាល់ ជាមួយ​មន្ត្រីជាន់ខ្ពស់​ក្នុងរដ្ឋាភិបាលឥណ្ឌា​។
 
យោងតាមការវិភាគ លោក​នាយករដ្ឋមន្ត្រីឥណ្ឌា មិន​អាចបន្តឆ្លើយ​ប្រកែក បដិសេធការចោទប្រកាន់ ដោយ​មិន​បើកការស៊ើបអង្កេត បានតទៅទៀតឡើយ ព្រោះបញ្ហានេះ នឹងធ្វើកិត្តិយសឥណ្ឌាធ្លាក់ចុះ។ ឥណ្ឌាកំពុងតែប្រឹងប្រែងកសាង​មុខមាត់ ក្នុងនាមជាមហាអំណាច​មួយមានឥទ្ធិពល នៅក្នុងក្រសែភ្នែក​ក្រុមប្រទេសលោកខាងលិច។ ដូច្នេះទំនាក់ទំនងល្អជាមួយកាណាដា និងអាមេរិក គឺជារឿងចាំបាច់ ក្នុងបរិបទ​កសាងសម្ព័ន្ធភាព​ឥណ្ឌូប៉ាស៊ីហ្វិក។
 
ឆ្លើយនៅក្នុងបទសម្ភាសមួយ តាមបណ្តាញទូរទស្សន៍ CBS កាលពីថ្ងៃពុធ​ លោកនាយករដ្ឋមន្ត្រីកាណាដា យូស្តាំង ទ្រុយដូ បានទទួលស្គាល់ថាលោក​បានសង្កេតឃើញថា ភាគីឥណ្ឌាពិត​ជាបានផ្លាប់ប្តូរឥរិយាបថ ល្អជាងមុន​។ 
 
លោក ទ្រុយដូ បានថ្លែងថា ឥណ្ឌាទំនងជាបានយល់ហើយ ថាការប្រកែកដោះសារ ហើយប្រើសំដីវាយ​ប្រហារមកលើកាណាដា វាមិនមែនជាដំណោះស្រាយ​ទេ។ លោក​បន្តថា អ្វីដែល​កាណាដាចង់បាន គឺការសហការគ្នាធ្វើការ យោគយល់គ្នា ដើម្បីឈានទៅ​សម្រេចបាន​កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយទៅថ្ងៃអនាគត។ តែទន្ទឹមគ្នា​នេះ កាណាដា​ប្តេជ្ញា​ការពារជាដាច់ខាត នូវ​សុខសុវត្ថិភាពរបស់ប្រជាជននៅលើទឹកដីកាណាដា​។​
 
យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសឲ្យកាសែត Financial Times លោក ណារិន្រ្ទ ម៉ូឌី បានឆ្លៀតរំលឹកថា សម្រាប់​ឥណ្ឌា ពួកសកម្មជនចលនាសាសនាស៊ីក្ខទាំងអស់ ដោយរាប់ទាំងអ្នកដែលគេប៉ុនប៉ងសម្លាប់​នៅអាមេរិកនោះផង​ គឺសុទ្ធតែជាក្រុមភេរវកម្ម​។ លោក​ម៉ូឌី បានបន្ថែមទៀតថា មិនគួរយក​រឿងរ៉ាងតិចតួចបែបនេះ មកធ្វើឲ្យខូចទំនាក់ទំនាក់ការទូត រវាងឥណ្ឌានិងសហរដ្ឋអាមេរិកនោះទេ៕

© រក្សាសិទ្ធិដោយ thmeythmey.com