អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រធានប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ីលាលែងពីតំណែង
23, Dec 2023 , 3:00 pm        
រូបភាព
លោក Firli Bahuri ។  រូបថត ៖ RRI
លោក Firli Bahuri ។ រូបថត ៖ RRI
ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយឥណ្ឌូណេស៊ី (KPK) លោក Firli Bahuri បានប្រកាសលាលែង ក្រោយមានជាប់ពាក់ព័ន្ធនិងការចោទប្រកាន់ពីបទជំរិតទារប្រាក់។

 
ប្រធានគណៈកម្មការលុបបំបាត់អំពើពុករលួយឥណ្ឌូណេស៊ី (KPK) លោក Firli Bahuri បានប្រកាសលាលែងពីតំណែងនៅថ្ងៃទី២១ ខែធ្នូ ដោយដាក់លិខិតទៅប្រធានាធិបតី ចូកូ វីដូដូ ។ 
 
លោក Firli Bahuri បានបម្រើការជាប្រមុខដឹកនាំ KPK នេះ អស់រយៈពេល ៤ឆ្នាំចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ការលាលែងតំណែងរបស់លោក Firli Bahuri នាពេលនេះ ដើម្បីគេចចេញពីការសង្ស័យដែលត្រូវបានចោទដោយតុលាការក្រុងហ្សាការតាពីបទជំរិតទាប្រាក់ជាង៥០ម៉ឺនដុល្លារ។ 
 
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Firli Bahuri បាននិយាយថា ៖« ខ្ញុំបានដកខ្លួនចេញពីតួនាទីរបស់ប្រធាន KPK ហើយនឹងមិនស្វែងរកការបន្តអាណត្តិទៀតទេ»។ 
 
លោក Firli Bahuri មានអាយុ ៦០ឆ្នាំបានធ្វើការនៅអគ្គស្នងការនគរបាលជាតិមុនពេលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធាន KPK ដោយរដ្ឋសភាឥណ្ឌូណេស៊ីនៅថ្ងៃទី ២០ខែធ្នូឆ្នាំ២០១៩ សម្រាប់អាណត្តិ៤ឆ្នាំ។
 
កាលពីថ្ងៃទី២២ ខែវិច្ឆិកា លោក Firli Bahuri ត្រូវបានចោទប្រកាន់ពីបទជំរិតទារប្រាក់ពីអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម Syahrul Yasin Limpo មុនពេលមន្ត្រីជាន់ខ្ពស់រូបនេះត្រូវបាន KPK កំណត់ថាជាជនសង្ស័យពុករលួយ ហើយត្រូវបានចាប់ខ្លួន។
 
យោងតាមប៉ូលិសឥណ្ឌូណស៊ី អ្នកស៊ើបអង្កេតមានព័ស្តុតាងដើម្បីចោទប្រកាន់លោក Firli ដូចជាឯកសារអំពីប្រតិបត្តិការរូបិយប័ណ្ណបរទេសដែលមានតម្លៃជាង ៧,៤ពាន់លានរូពៀ (ប្រហែល ៥០ម៉ឺនដុល្លារ) នៅចន្លោះខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីធ្វើការឆែកឆេរផ្ទះ៕ 

Tag:
 ឥណ្ឌូណេស៊ី
  អំពើពុករលួយ
© រក្សាសិទ្ធិដោយ thmeythmey.com