ជាតិ
សង្គមជាតិ
មន្ត្រីនគរបាល១១នាក់នៅខេត្តព្រៃវែង ត្រូវបានដេញចេញពីក្របខ័ណ្ឌ ក្រោយធ្វើតេស្តរកឃើញសារធាតុញៀន
23, Dec 2023 , 2:00 pm        
រូបភាព
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបថត៖ ក្រសួងមហាផ្ទៃ
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ រូបថត៖ ក្រសួងមហាផ្ទៃ
លោក​ ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រេចដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញមន្ត្រីនគរបាលចំនួន១១នាក់នៅខេត្តព្រៃវែង ចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ ​មូលហេតុនៃការបណ្តេញចេញនេះ គឺដោយសារមន្ត្រីទាំងនេះ ល្មើសវិន័យរបស់កង់កម្លាំងនគរបាលជាតិ ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿនញៀន។

បើតាមសេចក្តីសម្រេចរបស់លោក​​ ស សុខា ចុះនៅថ្ងៃទី២២ធ្នូ មន្ត្រីនគរបាលទាំង១១នាក់ ដែលត្រូវបណ្តេញចេញពីក្របខ័ណ្ឌនោះ មានលោក វណ្ណ តារា នាយករងការិយាល័យរដ្ឋបាល លោក ឌុច រតនា  នាយរងផ្នែករដ្ឋបាលសរុបនៃការិយាល័យភស្តុភារ និងហិរញ្ញវត្ថុ, លោក វណ្ណៈ សុវឌ្ឍនា នាយរងផ្នែកហ្វឹកហាត់ និងពន្លតអគ្គិភ័យនៃការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, លោក ស៊ុក ច័ន្ទតារា នាយរងផ្នែកចល័តការពារ នៃការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា។ 
 
លោក រិទ្ធ ផានិក នាយរងផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក, លោក រិន ចិន្តា នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ,លោក សន ពិសិដ្ឋ នាយរងផ្នែកនៃអធិការដ្ឋាននគរបាលស្រុកពោធិ៍រៀង។ លោក សុវណ្ណ ពិសិដ្ឋ , លោក សេក ពិសី ,​លោក ឈឿន តារា និង លោក​ វ៉ា ចាន់ថុនា។ អ្នកទាំងនេះ គឺសុទ្ធសឹង  ជាមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ 
 
លោក​ ស​ សុខា បានបញ្ជាក់ថា ប្រាក់បៀវត្ស និងរបប ឧបត្ថម្ភផ្សេងៗរបស់មន្ត្រីនគរបាលទាំង៩នាក់ខាងលើ នឹងត្រូវលុបចេញពីក្របខ័ណ្ឌនគរបាលជាតិ ចាប់ពីខែមីនា ឆ្នាំ២០២៤ តទៅ។
 
កាលដើមខែធ្នូ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបំភ្លឺ ពីការបើកយុទ្ធនាការធ្វើតេស្តស្វែងរកសារធាតុគ្រឿងញៀន ពីលោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យ បណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ វរនគរបាលការពារព្រំដែនលេខ ៦០៧ ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១១៦ និងមន្ត្រីនគរបាលទូទាំងខេត្តព្រៃវែង។
 
ជាលទ្ធផលគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ ក្រុមការងារ បានស្វែងរកឃើញមន្ត្រីនគរបាលដែលជាអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន ១១នាក់។ បន្ទាប់ពីរកឃើញបែបនេះ ស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជូនមន្ត្រីនគរបាលទាំង ១១នាក់នោះ ទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាលបន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល»។
 
គួររំឭលថា កាលពី​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២៣ លោក ស សុខា ​បាន​ដកហូត​មុខតំណែង ឋានន្តរស័ក្ដិ និង​បណ្ដេញ ​លោក សួន តុ​សិ​ត្យ​ពិទូរ្យ នាយរង​ការិយាល័យរ​ដ្ឋ​បាល​-​សរុប នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរ​ន​បាល​ជាតិ បន្ទាប់ពី​​រកឃើញមន្ត្រីរួបនេះ​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​ហិង្សា រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ខែកញ្ញា ឆ្នាំ​២០១៩​។
 
ជុំវិញបញ្ហានេះ សម្តេច នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បានប្រកាស​ពី​ការ​បន្សុទ្ធ​កម្លាំងប្រដាប់អាវុធ​ទាំងអស់​កុំឱ្យ​មាន​គ្រឿងញៀន។ ក្នុងករណី មន្ត្រីណាជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន គឺ​ត្រូវ​បណ្តេញ​ចេញពី​ក្របខ័ណ្ឌ។ ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​២១ ធ្នូ​ សម្តេចបាននិយាយដូច្នេះ៖៖«​ចំពោះ​អ្នកជួញដូរ​គ្រឿងញៀន គឺ​ត្រូវ​ប្រឈម​ជាមួយ​ច្បាប់​និង​បណ្តេញ​ពី​ក្របខ័ណ្ឌ ហើយ​ជនបរទេស​បើ​មានការ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​ត្រូវ​អនុវត្ត​តាមច្បាប់រ​បស់​កម្ពុជា​នឹងត្រូវ​បណ្តេញ​ចេញពី​កម្ពុជា​តែម្តង​»៕​

Tag:
 នគរបាល
  លោក ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com