ជាតិ
វីដេអូ
លោក សំ សុភ័ក្រ សំណូមពរឱ្យពលរដ្ឋប្រើសម្ភាររបស់ខ្មែរ ដែលធ្វើដោយដៃ
24, Dec 2023 , 8:30 am        
រូបភាព
ភ្នំពេញ៖ លោក សំ សុភ័ក្រ ជាប្រធាន​សហគមន៍​កន្រ្តកស្នាដៃខ្មែរ នៅខេត្ត​បន្ទាយមានជ័យ បាន​សំណូម​ពរ​ឱ្យពលរដ្ឋចូលរួម​ប្រើប្រាស់សម្ភាររបស់ខ្មែរ ដែលជា​ផលិតផលធ្វើដោយដៃ។ សម្ភារ​ដែល​លោក សំ សុភ័ក្រ ចង់ឱ្យមាន​ការ​គាំទ្រ ជា​ប្រភេទ​សម្ភារ​ធ្វើ​ពី​ធម្មជាតិ ដូចជា រពាក់ ឫស្សី ផ្ដៅ កំប្លោក និង​ត្នោតជាដើម។

ជានាយកសាលាឯកជនមួយ លោក សំ សុភ័ក្រ បាន​បង្កើត​សហគមន៍កន្រ្តកស្នាដៃខ្មែរ នៅ​ឆ្នាំ​២០១៩ ក្នុង​គ្រា​រីករាលដាល​ជំងឺ​កូវីដ-១៩​។ ការ​បង្កើត​សហគមន៍នេះ ក្នុង​ទិសដៅ​ផ្ដល់ការងារ​ដល់​ពលរដ្ឋឱ្យមាន​ចំណូល​ និង​ចង់​ថែរក្សា​កេរ្តិ៍មរតកវប្បធម៌របស់​ដូន​តាខ្មែរ។ សម្ភារដែលពលរដ្ឋក្នុងសហគមន៍ភាគច្រើនជា​សម្ភារប្រើប្រាស់ និង​វត្ថុអនុស្សាវរីយ។
 
សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​អ្នកស្រី ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន Thmey Thmey 25 ជាមួយ​លោក សំ សុភ័ក្រ ប្រធាន​សហគមន៍​កន្រ្តកស្នាដៃខ្មែរដូចតទៅ៖



បើតាម​លោក សំ សុភ័ក្រ បច្ចុប្បន្នមាន​ការ​គាំទ្រច្រើនពី​ពលរដ្ឋខ្មែរ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស ដែល​ងាក​មក​គាំទ្រ​សម្ភារ​របស់ខ្មែរ។ ការ​នាំ​យក​ផលិត​ផល​ដែលធ្វើដោយដៃ លក់ទៅក្រៅ​ប្រទេស បាន​ធ្វើ​ឱ្យ​លោក សំ សុភ័ក្រ សប្បាយចិត្ត។ លោក និយាយ​បែបនេះ៖«សប្បាយរីករាយ ដោយ​សារ​តែអាច​ពាំនាំវប្បធម៌ខ្មែរ ទៅក្រៅប្រទេស និង​អាច​បង្កើនចំណូល​សេដ្ឋកិច្ច​ដល់​ពលរដ្ឋខ្មែរ»។


ការធ្វើ​សម្ភារ​ទាំងនេះ មិនមែន​ជា​ការ​ងាយស្រួល​នោះទេ ទាមទារឱ្យ​ចេះ​ពី​ម៉ូតនីមួយៗ។ ក្រៅពី​ដឹក​នាំ​សហគមន៍​ ​លោក សំ សុភ័ក្រ ក៏​បាន​ស្រាវជ្រាវ​ម៉ូតចាស់ថ្មី សម្រាប់​ចែក​ចាយលើ​ផ្សារ​ផងដែរ។ លើសពីនេះ អ្នក​ធ្វើ​សម្ភារ​ពី​រពាក់ ឫស្សី ផ្ដៅ កំប្លោកនេះ ភាគច្រើន សុទ្ធសឹងតែមនុស្សមាន​វ័យ​ចំណាស់ ដែល​ត្រូវ​ការការ​អត់ធ្មត់។
 
អ្នក​លក់​បន្ត ជា​អតិថិជន​ចម្បង​របស់​លោក សំ សុភ័ក្រ។ «បើនិយាយពីតម្លៃមិនទាន់សមាមាត្រនោះទេ»។ នេះជាការ​លើកឡើងរបស់​លោក សំ សុភ័ក្រ ជុំវិញ​តម្លៃសម្ភារទាំងនោះ នៅ​មាន​តម្លៃ​ទាប​នៅឡើយ ខណៈ​ត្រូវ​ចំណាយពេល​ច្រើន​ ក្នុងការ​ធ្វើ៕

Tag:
 SME
 កន្រ្តាក
 ​បន្ទាយមានជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com