ជាតិ
យីកេស្រុកកំពង់ស្វាយចំណាស់ជាង៥០ឆ្នាំ ​ប្រឈមគ្មានអ្នកបន្តវេន ​
24, Dec 2023 , 9:30 am        
រូបភាព
ល្ខោនយីកេ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ល្ខោនយីកេ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សៀមរាប៖ ក្រុមសិល្បៈយីកេមហាជន ឬយីកេកំពង់ស្វាយ បានចាប់​បដិសន្ធិឡើងនៅឆ្នាំ​១៩៦៨ នៅ​ក្នុង​ភូមិនី​ពេជ (ខ) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ស្ថាបនិកនៃ ក្រុមសិល្បៈ​យីកេនេះ គឺ​លោក តា ឃុត ប៉ុន្តែលោកបាត់បង់ជីវិតទៅហើយ។ បន្ទាប់ពីបានដំណើរការ និងចេញ​សម្ដែង​ជាបន្តបន្ទាប់ជាង៥ទសវត្សរ៍មក​ ក្រុមសិល្បៈយីកេ ពើបប្រឈមនឹងបញ្ហា​ជាច្រើន​តាមសម័យកាល។ ដោយឡែកក្នុងពេលបច្ចុប្បន្ន ក្រុមសិល្បៈយីកេមហាជន ឬ​យីកេ​កំពង់​ស្វាយ កំពុង​ប្រឈម​ការ​ខ្វះអ្នកបន្តវេន ដ្បិតពិបាករកក្មេងៗជំនាន់ក្រោយ មក​បណ្ដុះបណ្ដាល​។

ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាបទសម្ភាសន៍ដូចតទៅ៖



សិល្បៈយីកេ ជាទម្រង់ល្ខោនសិល្បៈមួយ ដែលត្រូវបានអ្នកជំនាញទម្រង់សិល្បៈនេះ​សន្និដ្ឋានថា  គឺមាន​ប្រភព​នៅ​កោះ​ជ្វា​ ដែល​ព្រះបាទ​ជ័យ​វរ្ម័នទី​២ យកមក​កែច្នៃ​បន្ថែម ដើម្បី​ឱ្យ​មាន​លក្ខណៈ​ជា​ខ្មែរ​នៅ​គ្រិស្តសករាជ​ឆ្នាំ​៨០២​។ គេអាចស្គាល់ទម្រង់សិល្បៈនេះបាន តាមរយៈស្គរមួយប្រភេទ គឺ«ស្គរយីកេ»។ 
 
ស្ថាបនិក បានលាចាកលោកក៏ពិតមែន តែក្រុមសិល្បៈយីកេនេះ នៅតែបន្តវត្តមាន រហូត​មកដល់សព្វថ្ងៃ ដែលជាជំនាន់ទី៤ និងដោយមានអ្នកស្រី យ៉ាត ថាត ជាអ្នកដឹកនាំសម្ដែង និងបង្ហាត់សិស្ស។ ជាង៥០ឆ្នាំ នៃការចាប់ផ្ដើមក្រុមសិល្បៈ អ្នកស្រីជាអ្នកសិល្បករ ជំនាន់ទី​២​​ក្នុងក្រុម។ 
 
បើតាមអ្នកស្រី យ៉ាត ថាត ថាខ្លួនបារម្ភពីការបាត់បង់នៃសិល្បៈយីកេនេះ ដោយសារថា ក្មេងៗដែលខ្លួនបានបង្ហាត់ចេះនោះ ខ្លះក៏ត្រូវចំណាក់ស្រុក ឬទៅរាជធានី ដើម្បីរកការងារ​ធ្វើដើម្បីចិញ្ចឹមក្រពះរបស់ពួកគេ។ ស្របពេលដែលយីកេមហាជននេះ កម្រចេញសម្ដែង ពោលគឺចេញសម្ដែងតែពេលមានពិធីបុណ្យទានក្នុងភូមិ ខេត្ត ឬបណ្ដាខេត្តជុំវិញខេត្តកំពង់​ធំប៉ុណ្ណោះ។ 
 
ទោះបារម្ភពីវាសនា​ក្រុមយីកេខ្លួន ក៏អ្នកស្រី ថាត ប្ដេជ្ងាខិតខំបណ្ដុះបណ្ដាលក្មេងជំនាន់​ក្រោយ ដើម្បីបន្តវត្តមានក្រុមសិល្បៈយីកេ ស្រុកកំពង់ស្វាយ និយាយជារួម។ និយាយ​ដោយឡែក គឺបន្តវត្តមានសិល្បៈមួយនេះ ឱ្យនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងជាសម្បត្តិកេរដំណែលដូនតាខ្មែរ៕ 

Tag:
 ThmeyThmey
  យីកេមហាជន
  កំពង់ស្វាយ
  កំពង់ធំ
  រំឭកគុណអង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com