FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
FIFA វិនិយោគប្រាក់ ២,៧៩ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍន៍បាល់ទាត់​ក្នុងឆ្នាំ២០១៦-២០២២
23, Dec 2023 , 9:30 pm        
រូបភាព
ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក (FIFA) បានវិនិយោគប្រាក់ចំនួន២,៧៩ពាន់លានដុល្លារអាម៉េរិក ដល់សមាគម និងសហព័ន្ធជាសមាជិក ដើម្បីអភិវឌ្ឍន៍បាល់ទាត់នៃកម្មវិធីអភិវឌ្ឍន៍ឆ្ពោះទៅមុខ ពីឆ្នាំ២០១៦ដល់២០២២។ នេះបើយោងតាមរបាយការណ៍របស់FIFA ដែលចុះផ្សាយនាថ្ងៃទី២២ធ្នូ ឆ្នាំ២០២៣។

 
FIFA បានវិនិយោគលើកម្មវិធីអភិវឌ្ឍន៍បាល់ទាត់ឆ្ពោះទៅមុខ ចំនួន២លើក ដោយលើកទីមួយ គឺមានរយៈពេល៣ឆ្នាំ និងលើកទី២មានរយៈពេល៤ឆ្នាំ។  បន្ទាប់ពីកម្មវិធីនេះត្រូវបានបញ្ចប់ FIFA បានប្តេជ្ញាក្នុងការផ្តល់ប្រាក់ដល់គម្រោងចម្រុះក្នុងស្រុកបន្ថែមទៀត។
 
«ជាមួយនឹងវគ្គទី៣ នៃកម្មវិធីអភិវឌ្ឍន៍ឆ្ពោះទៅមុនរបស់ ​FIFA ឥឡូវនេះកំពុងដំណើរការ យើងមានឱកាសដ៏ល្អឥតខ្ចោះដើម្បីឆ្លុះបញ្ចាំង ពីសមិទ្ធិផលរបស់កម្មវិធីចាប់តាំងពីការបើកដំណើរការនៅក្នុងឆ្នាំ ២០១៦។ តាំងពីចាប់ផ្តើមដំបូងមក យើងបានសន្យាថាប្រាក់ចំណូលដែលបង្កើតឡើងដោយកីឡាបាល់ទាត់នឹងត្រូវបានប្រើប្រាស់សម្រាប់ប្រយោជន៍ដល់កីឡារបស់យើង នៅជុំវិញពិភពលោក។ សម្រាប់កុមារី និងក្មេងប្រុស សម្រាប់ស្ត្រី និងបុរស ហើយយើងធ្វើបានល្អដូចពាក្យរបស់យើង។»។ នេះបើតាមសម្តីរបស់លោក Gianni Infantino ប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ FIFA។
 
របាយការណ៍ដដែលបានអះអាងបន្ថែមថា ចាប់តាំងពី ២០១៦ ដល់ ២០២២ មានប្រហែល ៨០ភាគរយនៃមូលនិធិ ដែលមានទំហំប្រាក់ប្រមាណ ២,២៤ពាន់លានដុល្លារ ត្រូវបានផ្តល់ឱ្យសមាគមសមាជិកចំនួន ២១១ប្រទេស របស់ FIFA។ រិឯប្រាក់ដែលនៅសល់ FIFAបានផ្តល់ទៅសហព័ន្ធ និងសមាគមក្នុងតំបន់។
 
សមាគមបានចំណាយថវិកាលើការកសាងថ្មី ឬថែរក្សាហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ អភិវឌ្ឍការប្រកួតប្រជែងក្នុងស្រុក និងគ្របដណ្តប់លើការចំណាយដែលកំពុងដំណើរការទាក់ទងនឹងការគ្រប់គ្រង និងអភិបាលកិច្ច ក្នុងវិស័យកីឡាបាល់ទាត់។
 
FIFA បានបន្ថែមថា គម្រោងរបស់ខ្លួនជាង ១,៦០០ ដែលមានផលប៉ះពាល់រយៈពេលវែងលើបាល់ទាត់ ត្រូវបានអនុម័តនៅចន្លោះពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ ផងដែរ។ ក្នុងនោះមានស្ទើតែ មួយភាគបីទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធបាល់ទាត់ រួមទាំងមជ្ឈមណ្ឌលបច្ចេកទេស និងកីឡដ្ឋាន។ តាមការបញ្ជាក់របស់ FIFA បានឱ្យដឹងថាសមាជិកសហព័ន្ធនីមួយៗ ទទួលបានប្រាក់ ៨លានដុល្លារ សម្រាប់ជំនួយអភិវឌ្ឍន៍បាល់ទាត់តាមគម្រោងនៅក្នុងប្រទេសនីមួយៗ ក្នុងរយៈពេល ៤ឆ្នាំ៕ 

Tag:
 (FIFA)
© រក្សាសិទ្ធិដោយ thmeythmey.com