RFI
សុខភាព
អន្តរជាតិ
តើត្រូវ​ចាប់​​ផ្តើម​ហាត់​ប្រាណ​ធ្វើកីឡា រត់ ដោយ​វិធីណា ?
24, Dec 2023 , 10:40 am        
រូបភាព
ពេលរត់ សាច់ដុំពោះ ប្រឹងធ្វើចលនាទាំងអស់ ។ AFP
ពេលរត់ សាច់ដុំពោះ ប្រឹងធ្វើចលនាទាំងអស់ ។ AFP
ដោយ៖អៀង សុខម៉ិញ
 
រត់ ​ជា​កីឡាដ៏​សាមញ្ញ តែ​​រាល់​ការ​ចាប់​ផ្តើម​សុទ្ធ​តែ​ពិបាក​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅថ្ងៃ​នេះ លោក​វេជ្ជបណ្ឌិត ហ្សង់ម៉ាក សែន គ្រូពេទ្យ​កីឡា​ នៅក្រុង​ប៉ារីស សូម​ផ្តល់​ការ​ណែនាំ​ខ្លះ​ដើម្បី​ជាជំនួយ​​ទឹក​ចិត្ត​ឱ្យ​អ្នក​ចង់​​ផ្តើម​​ហាត់រត់ថា ត្រូវ​ចាប់​ផ្តើម​ដោយ​វិធីណា។

មួយ​ថ្ងៃៗ យើង​រវល់​តែ​រត់​តាម​ពេល​វេលា ​​មិន​សូវ​ខ្វល់​រត់​ដើម្បី​សុខភាព​ទេ។ រត់​ជា​កីឡា​ដ៏​សាមញ្ញ និងមិន​ត្រូវ​ការ​ហាត់​រៀន​ច្រើន​ទេ។ មាន​តែស្បែក​ជើង​មួយគូ គ្រប់គ្រាន់​ហើយ ប៉ុន្តែ​អ្នក​ខ្លះ​ចង់​ចាប់​ផ្តើម​ហាត់​រត់​ដែរ តែ​វា​លំបាក​ខ្លាំង​ណាស់ ហើយ​ខ្លះ​ទៀតបាន​បោះបង់​គំនិត​ចង់​រត់ ​លឿនជ្រុល​​ ទាំង​មិន​ទាន់​បាន​សាកល្បងដឹង​ថា​ខ្លួន​អាច​រត់​លឿន​ប៉ុនណា​​ផង។
 
​នៅ​ទសវត្សរ៍​ឆ្នាំ​៦០​ កីឡា​រត់​ ឬ​ការ​រត់​ប្រណាំង មិន​សូវ​មាន​អ្នក​ឱ្យ​តម្លៃ​ទេ។ តែ​បច្ចុប្បន្ននេះ រត់​បានក្លាយ​ជា​កីឡា​ដ៏​ពេញ​និយម ជា​កីឡា​របស់​មនុស្ស​ទាំង​ហ្វូងៗ។ នៅប្រទេស​បារាំង គេ​ប៉ាន់​ប្រមាណ​ថា​មាន​ពលរដ្ឋ​ប្រមាណ​១៥​លាន​នាក់ ប្រកាន់​ខ្ជាប់​ការ​ហាត់ប្រាណ​ធ្វើ​កីឡា​រត់ ក្នុងនោះ​មួយ​ភាគ​បី​ បាន​ចូល​រួម​ប្រកួត​​រត់​ប្រណាំង​ផង។ ពេញ​និយម​ខ្លាំង រហូតអាច​ចូល​ ​​​រត់​ម៉ារាតុង ដែល​​មាន​ចម្ងាយ​ ៤២,១៩៥គីឡូម៉ែត្របាន​ផង។

 

 
គុណប្រយោជន៍នៃ​ការហាត់​ប្រាណ​ដោយ​​រត់
នា​ឱកាស​ទិវា​ពិភពលោក​នៃ​ការ​រត់ ដែល​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ថ្ងៃពុធដំបូង​គេ​នៃ​ខែ​មិថុនា ពោលគឺ​ត្រូវ​នឹង​ថ្ងៃ​ពុធ​​ទី​៧មិថុនា​ឆ្នាំ​២០២៣​​ វេជ្ជបណ្ឌិត​ផ្នែក​កីឡា ​សូម​ចូល​លើក​​​ទឹក​ចិត្តឱ្យ​លោក​អ្នក​ ​ចង់​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​កីឡា​រត់។ ហេតុ​អ្វី​បាន​ជា​យើង​គួរ​តែ​ជ្រើសរើសធ្វើ​​កីឡា​ រត់ ?
 
ជា​បឋម​ ព្រោះរត់​ ជា​កីឡាដ៏​ងាយ ដែល​គេ​អាច​ធ្វើ​នៅគ្រប់​ទិសទី នៅក្នុង​ក្រុង នៅតាមទី​​ធម្មជាតិ ឬ​នៅ​លើ​ម៉ាស៊ីន​ ក្នុង​សាល​ហាត់ប្រាណ​ ក្នុងផ្ទះ។ រត់​នៅ​ខាង​ក្រៅ​ មើល​គេ​មើល​ឯង​ ព្រឹក​ក៏បាន​ល្ងាច​ក៏​បាន តាម​តែ​កាលវិភាគ​ការងារ​អនុញ្ញាត។ ទីពីរ ការ​រត់ ជា​កីឡា ដ៏​ថោក មិន​ថ្លៃ​ដូច​ទៅ​ចុះ​ឈ្មោះ​ហាត់​ប្រាណ​ក្នុង​ក្លឹប មាន​តែ​ស្បែក​មួយគូ រួចចេញ​​រត់វឹង​​តែ​ម្នាក់ឯង​យ៉ាង​ឯករាជ្យ។ ទីបី គឺ​សុខភាព។ រត់​មានគុណប្រយោជន៍​ច្រើន​សម្រាប់​សុខភាព​ដោយ​ជួយ​បំប៉ន​ការ​លូតលាស់​នៃ​​ឆ្អឹង​និង​ជួយ​ការពារ​កុំ​ឱ្យ​មាន​ជំងឺ​ពុក​ឆ្អឹង។
 
​ជួយ​ពង្រឹក​សាច់​ដុំ​បេះដូង ជួយ​ឈាម​ឱ្យ​មាន​ចរន្ត​ប្រសើរ​ឡើង និង​បញ្ចុះ​ហសនិភ័យ​កើត​ជំងឺ​ឡើង​ឈាម​រត់​អាច​​ពន្លឿន​ការបញ្ចេញ​​ថាមពល​ ដែល​មធ្យោបាយ​ដ៏​ល្អ​ប្រពៃ​បំផុត​សម្រាប់​ដុត​បំផ្លាញ​ខ្លាញ់រត់​អាច​ជួយ​បញ្ចុះ​កំរិត​ជាតិ​ខ្លាញ់​ក្នុង​ឈាមមិន​ល្អ តែ​​បង្កើនបរិមាណcholestérol ​ល្អអត្រា​ជាតិ​ស្ករ​ក្នុង​ឈាម​ក៏​អាច​ចុះ​ដែរ ព្រោះ​ការ​រត់​ជួយ​ដាស់​កោសិកា​អាំងស៊ុយលីន​ឱ្យ​មាន​ដំណើរការល្អ និង​​ជួយការពារ​មិន​ឱ្យ​មាន​ជំងឺ​ទឹកនោមផ្អែមរត់​អាច​ជួយ​ទប់​ស្កាត់​អាការៈ​ស្ត្រេសនិង​ជំងឺធ្លាក់​ទឹក​ចិត្ត​ ​បាន​ប្រកប​ដោយប្រសិទ្ធភាព​ ព្រោះមាន​ការ​​បញ្ចេញ​អ័រមូន​អង់ដ័រហ្វីនendorphines ​នៅពេលយើង​​ប្រឹងបញ្ចេញ​កម្លាំង។​​
 
​​​​ត្រួតពិនិត្យ​សុខភាព​ជា​ទូទៅ
 
មូលហេតុ​ល្អ​មាន​ច្រើន​ដែល​គួរ​តែ​យើង​ត្រូវ​ចាប់​ផ្តើម​រត់។ ប៉ុន្តែទន្ទឹម​នឹង​គុណប្រយោជន៍​​ខាង​លើ​ មាន​ជំនឿ​ដែល​ថា​ការ​រត់មិនមែន​​ជា​កីឡា​ល្អ​សម្រាប់​គ្រប់​​​មនុស្សទេ។ បើ​ដូច្នេះ​តើ​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជា​មុន​សិន​ មុន​នឹង​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​កីឡា​ដូចយ៉ាង​រត់​នេះ ?
 
លោក​វេជ្ជបណ្ឌិត​ហ្សង់ម៉ាកសែន សូមផ្តល់​ចម្លើយ​ដោយ​​បែង​ចែក​មនុស្ស​ជា​ពីរ​ក្រុម។ ​ប្រសិន​បើ​អ្នក​មាន​អាយុ​ក្រោម​៤០​ឆ្នាំ គ្មានប្រវត្តិ​សុខភាពមិនល្អ​ មិនធ្លាប់​មាន​ជំងឺ គ្មាន​ក្រុមគ្រួសារ​ស្លាប់​ភ្លាមៗ​តាំងពី​នៅវ័យក្មេង ​ហើយ​អ្នក​មាន​អារម្មណ៍​ធម្មតា សុខភាព​មាំទាំ មាន​អនាម័យ​ក្នុង​ការ​រស់​នៅ​ល្អ សូម​ជ្រើសរើស​ធ្វើ​កីឡា​រត់ ដោយ​សម្រួល​ និងមិន​ចាំបាច់​ទៅ​ពិគ្រោះ​យោបល់​អ្វី​ជាមួយ​គ្រូពេទ្យ​ទេ។
 
ប៉ុន្តែ​ប្រសិនបើ​អ្នក​មានអាយុលើស​ពី​៤០ឆ្នាំ យក​ល្អ​គួរ​តែឆ្លង​យោបល់​ជាមួយ​គ្រូពេទ្យ​ ដើម្បី​​ឆ្លៀត​ឱកាស​ទៅ​ពិនិត្យ​សុខភាព​ជា​ទូទៅ ជា​ពិសេស​ទៅឆែក​មើល​សុខភាព​បេះដូង​និង​សរសៃរឈាម​បេះដូង។ ពេល​នោះ​គ្រូពេទ្យ​អាច​វាយតម្លៃ​អំពីហានិភ័យ​សុខភាព​សន្លាក់ (​ជង្គង់ ចង្កេះ) និង​ប្រព័ន្ធ​សរសៃឈាម​បេះ​ដូង​ (រក​មើល​ក្រែង​មាន​ជំងឺ​ខ្លាញ់​ក្នុង​ឈាមកូឡេស្តេរ៉ូល ឬ​ ជំងឺ​សម្ពាធឈាម ..)។
 
ជា​ទូទៅ បើ​គ្មាន​បញ្ហា​សុខភាព​ជាប់​ខ្លួន​ស្រាប់​ទេ មនុស្ស​គ្រប់រូប​​សុទ្ធ​តែអាច​រត់​បាន​ទាំង​អស់ មិន​ថា​មាឌ​​ធំ មាឌ​តូច មាឌ​ឌាំង ស្តើង ធាត់​ ​ក្មេង​ឬ​ចាស់ឡើយ។ ខ្លួនប្រាណ​មនុស្ស​កើត​មក​សម្រាប់​តែ​ដើរ​និង​រត់​ មិនមែន​សម្រាប់​តែ​ដេកស្ងៀម ឬ​អង្គុយ​​មួយ​កន្លែង ធ្វើការ​ក្នុង​ការិយាល័យ​ទេ។ ប៉ុន្តែ​ដោយហេតុថា ការ​រត់ ត្រូវ​ការ​ឱ្យ​សាច់​ដុំ​​បញ្ចេញ​ចលនា​ ដែល​បើ​ប្រឹង​ខ្លាំងនឹងនាំ​ឱ្យ​​មាន​ករណី​របួសឬ​​រយះ​សាច់​ដុំ​ ទើប​អ្នក​ធាត់​​និង​អ្នក​អសកម្មយូរ ពិបាក​រត់ ឬ​ត្រូវ​ប្រយ័ត្ន​ខ្លាំង​ក្នុង​ការ​រត់។
 
វិធី​ចាប់​ផ្តើម​និ​ងអនុវត្ត​កីឡា​​រត់

ដើម្បី​​​បញ្ចៀស​ផលវិបាក​ទាំង​ឡាយខាង​លើ និង​រត់​ដើម្បី​សុខភាព មិនមែន​រត់​ដើម្បី​ប្រណាំងយក​ឈ្នះ​ចាញ់ ឬ​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​ម៉ារ៉ាតុង ឬ​ពាក់កណ្តាលម៉ារ៉ាតុង​ សូម​ចាប់ផ្តើម ដោយការ​រត់​ ឆ្លាស់ ។
 
ជា​កិច្ចចាប់ផ្តើម សូម​ឆ្លាស់សកម្មភាព ​រត់និង​ ​ដើរ។ មិន​ត្រូវ​ចាប់​ផ្តើម​ដោយការប្រឹង​ រត់​ ឱ្យ​បានវែង​ឆ្ងាយ​​ភ្លាម​ទេ។ ត្រូវ​ឆ្លាស់​ការ​រត់​និងការ​ដើរ ឱ្យ​បាន​ញយដង។ ដំបូង​យើង​អាច​ចាប់​រត់​៣០វិនាទី​ រួច​ដើរ​៣០វិនាទី បន្ទាប់​មក​រត់​មួយ​នាទី ឬ​ពីរនាទី ដើរ​មួយពីរ​នាទី។ ធ្វើ​បែប​នេះ គឺ​ជា​ការ​ពន្យារ​ពេល​បញ្ចេញ​សកម្មភាព​កាយ​សម្បទា ហើយ​បន្តិចម្តងៗ ពី​មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ យើង​ចាប់ដំឡើង​រយៈ​ពេល​នៃ​ការ​រត់​ ហើយ​បញ្ចុះ​រយៈ​ពេលនៃ​ការ​ដើរ។ ធ្វើ​ដូច្នេះ​ញយៗ​ និង​​កាន់​តែ​វែង​ជាង​ការ​ហាត់​ថ្ងៃ​មុនទៅ មិនយូរ​មិន​ឆាប់​អ្នក​នឹងអាចរត់​បាន​យូរ និង​រត់​ពេញ​មួយ​សេអង់​នៃ​ការ​​​ហាត់បាន​ហើយ។
 
សូម​កុំ​ចាប់​ផ្តើម​ដោយ​ប្រញាប់​ប្រញាល់​ពេក។ ត្រូវ​ចង​ចាំ​ថា​ នេះ​ជាការ​រត់​ដើម្បី​សុខភាព​ ជា​សកម្មភាព​កីឡា​ដែល​ត្រូវ​បញ្ចេញ​កម្លាំង​ល្មមៗទេ។ ការ​ប្រឹង​ធ្វើកីឡា​ ឬ​ប្រឹង​រត់​នេះ គឺ​ជាស្ត្រេស​មួយ​ដែរ ដូច្នេះ ជា​ចំណុច​គន្លឹះ​ទីពីរ គឺ​ក្នុង​អំឡុង​ពេល​​ប្រឹង​រត់នោះ អ្នកត្រូវតែអាច​​នៅមាន​សមត្ថភាព​និយាយ​ឆ្លើយ​ឆ្លង​ជាមួយគេ​បាន ដោយ​គ្មានសញ្ញាហត់ដង្ហក់ខ្លាំង​។  បើ​អ្នកមិនអាច​និយាយឱ្យ​ចប់ឃ្លាត្រឹមត្រូវទេ​ ត្រូវ​បន្ថយ​ល្បឿនត្រលប់មកដើរវិញ ដោយដកដង្ហើមស្រូបខ្យល់ចេញចូលឱ្យ​បានវែងៗ រួច​សឹមរត់បន្តទៀត។ រត់​បណ្តើរ​ ​អាច​និយាយស្តាប់​គ្នា​បានបណ្តើរផង​ទើបល្អ។ សូម​កុំភ្លេច​ចំណុច​នេះ​សំខាន់​ខ្លាំងណាស់។ បើ​ទោះបី​ជាអ្នក​មានអារម្មណ៍​ថា​យឺត ហើយ​អាចមាន​កម្លាំងរត់​លឿន​ជាង​នេះ​ក៏ដោយ​ ក៏​ត្រូវ​តែរក្សា​ល្បឿន​ល្មមៗ​នេះដដែល រហូត​ដល់ចប់​លំហាត់​ហ្វឹក។
 
ពេល​​​ហាត់រត់ សូម​កុំភ្លេច​មេរៀនទីបី គឺ​ការ​ទាញ​ពន្លារសាច់ដុំ។ ត្រូវ​ទាញ​ពន្លារ​សាច់ដុំ​ភ្លៅ និង​កំភ្លួនជើង។ លាជើងឱ្យ​ត្រង់ លើកែងជើងដាក់លើជើងម៉ា ឬ​កំណាត់ឈើ រក្សាដងខ្លួន​ឱ្យ​ត្រង់ រួចទេរខ្លួន​ទៅ​មុខ ដើម្បី​ទាញ​សាច់​ដុំ​ភ្លៅ​ផ្នែកខាងក្រោម។ ម្តងជើងធ្វេងម្តងជើងស្តាំ។ ឈរឱ្យ​ត្រង់ យៃកដៃកាន់​ខ្នងបាតជើង បត់​ឱ្ស​ទល់​នឹង​កំប៉េះគូថ ម្តងឆ្វេងម្តាងស្តាំ ជា​ដើម។ល។
 
លំហាត់​រត់​​ថ្ងៃទីមួយ​របស់អ្នកប្រព្រឹត្ត​ទៅ​បានដោយ​រលូនហើយ សូម​ជួយ​អបអរ។ អ្នក​ក៏​សប្បាយ​ចិត្ត​ណាស់ដែរ និង​មាន​អារម្មណ៍​ចង់​រត់​ទៀត​។ តែកុំ​ទាន់​អាល​ទៅស្អែកភ្លាមអី ! ត្រូវ​ទុកពេល​ឱ្យ​សាច់ដុំ​បាន​សម្រាកយ៉ាងហោចក៏មួយ​ថ្ងៃសិន សឹម​ទៅហាត់រត់ទៀត ទើប​យើង​អាចទាញ​ផលល្អ​ពី​ការ​ប្រឹងធ្វើកីឡា​ផង​ និងធានា​សុវត្ថិភាព​ មិនប្រែក្លាយ​កីឡា​ជា​គ្រោះថ្នាក់ជា​យថាហេតុណាមួយ​ផង។ ដំបូង​គួរ​តែដាក់​កម្មវិធី​ ពីរ​ឬ​បី​​ថ្ងៃ​ បាន​រត់​ម្តង ដើម្បី​ឱ្យ​សរីរាង្គកាយ​មានពេលសម្រាក​និងប្រមូលកម្លាំង​ឱ្យ​ពេញ​លេញ​ឡើង​វិញ សម្រាប់​ទៅ​រត់​ជា​ថ្មី​ម្តង​ទៀត៕

Tag:
 (នាទីសុខភាពនិងអនាម័យ)
© រក្សាសិទ្ធិដោយ thmeythmey.com