ជាតិ
សេដ្ឋកិច្ច
លោក​ ហេង សួរ៖ កម្ពុជា មានឆន្ទៈកាត់បន្ថយការចំណាកស្រុកខុសច្បាប់ និងការពារសិទ្ធិពលករខ្មែរ
24, Dec 2023 , 11:20 am        
រូបភាព
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ។ រូបថត៖ ក្រសួងការងារ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ។ រូបថត៖ ក្រសួងការងារ
រដ្ឋាភិបាល មានឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋខ្មែរដោយខុសច្បាប់ ព្រមទាំងការពារសិទ្ធិពលករដែលធ្វើការនៅបរទេស។  លោក ហេង សួរ បានអះអាងបែបនេះ ក្នុងពិធីបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ នាថ្ងៃទី២២ធ្នូ។

 
បើតាមលោក ហេង សួរ ​​ការតាំងចិត្តក្នុងការកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ គឺធ្វើឡើងតាមរយៈយន្តការផ្តល់ភាពងាយស្រួល មិនស្មុគស្មាញចំពោះពលករ និងការផ្តល់អត្ថប្រយោជន៍ខ្ពស់តាមរយៈការធ្វើចំណាកស្រុកដោយស្របច្បាប់។  ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ  បានពង្រីកជាបន្តបន្ទាប់នូវអនុព័ន្ធការងារនៅតាមបណ្តាប្រទេសគោលដៅ ដែលពលករកម្ពុជាដើម្បីដោះស្រាយបញ្ហា និងការពារសិទ្ធិជូនពលករក្នុងករណីមានការរំលោភបំពាន។ 
 
« ទាំងនេះ គឺសុទ្ធសឹងតែជាការបង្ហាញពីការតាំងចិត្ត និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ដែលមិនព្រងើយកន្តើយចំពោះពលករកម្ពុជានៅបរទេសឡើយ »។ នេះជាការលើកឡើងរបស់លោកលោករដ្ឋមន្ត្រីក្រសួងការងារ ដោយបានបន្ថែមថា លើសពីនេះ ក្រសួងការងារ ក៏បានរៀបចំពិធីសាសនាផ្សេងៗដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំថ្មី និងពិធីបុណ្យប្រពៃណីផ្សេងទៀត នៅតាមបណ្តាប្រទេសគោលដៅ ដើម្បីផ្តល់ភាពកក់ក្តៅដល់ពលករដែលនៅឆ្ងាយពីស្រុកកំណើត។
 
លោក ហេង សួរ បានបញ្ជាក់ថា ផ្នែកទេសន្តរប្រវេសន៍ បានក្លាយជាកម្មវិធីដ៏សំខាន់ និងជាអាទិភាពសម្រាប់ក្រសួងការងារក្នុងការយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់ និងគាំពារសិទ្ធិពលករខ្មែរនៅក្រៅប្រទេស ក៏ដូចជាជនបរទេសដែលធ្វើការនៅកម្ពុជា។ ជាមួយគ្នានេះ លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ក៏ដូចជាមួយក្រសួងការងារ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានក្រមសីលធម៌ និងមនសិកាវិជ្ជាជីវ: ដើម្បីរួមគ្នាសម្រេចបាននូវគោលដៅរួម ដែលចង់បានការលើកកម្ពស់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់នានាជូនពលករទេសន្តរប្រវេសន៍៕

Tag:
 ពលករ
  លោក ហេង សួរ
© រក្សាសិទ្ធិដោយ thmeythmey.com