អន្តរជាតិ
តៃវ៉ាន់ថា យន្តហោះចិនចំនួន ៨គ្រឿងហោះឆ្លងបន្ទាត់ព្រំដែនពុះច្រកសមុទ្រតៃវ៉ាន់ រូបភាព AP
× ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី២៤ ខែធ្នូ បានអះអាងថា ក្នុងរយៈពេល ២៤ម៉ោង ខ្លួនចាប់បានសញ្ញាយន្តហោះចម្បាំងចិនចំនួន ៨គ្រឿងហោះ និងបាឡុងចិនមួយ បានឆ្លងបន្ទាត់កណ្តាលពុះច្រកសមុទ្រតៃវ៉ាន់។
មុនការបោះឆ្នោតប្រធានាធិបតីតៃវ៉ាន់ និងសភា នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ចិន បានបង្កើនការដាក់សម្ពាធយោធាយ៉ាងខ្លាំង។ តាមការប្រកាសរបស់ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃទី២៤ ខែធ្នូ យន្តហោះចម្បាំង J-10, យន្តហោះចម្បាំង J-11 និងយន្តហោះចម្បាំង J-16 របស់ចិនចំនួន ៨គ្រឿង បានឆ្លងបន្ទាត់ព្រំដែនពុះច្រកសមុទ្រតៃវ៉ាន់ នៅចំណុចភាគខាងជើង និងកណ្តាល។
ជាការឆ្លើយតប តៃវ៉ាន់ បានពង្រាយកងកម្លាំងរបស់ខ្លួន ដើម្បីត្រួតពិនិត្យ។ បន្ថែមពីនេះ តៃវ៉ាន់ បានរាយការណ៍ពីបាឡុងរបស់ចិនចំនួនមួយផងដែរ ប៉ុន្តែតៃវ៉ាន់អះអាងថា ទំនងជាបាឡុងមើលអាកាសធាតុ។ កន្លងមក បាឡុងចិន បានក្លាយជាប្រធានបទនៃចារកិច្ចយ៉ាងខ្លាំង ហើយបាឡុង ក៏បានធ្វើឱ្យចិន និងអាម៉េរិកមានភាពតានតឹងផងដែរ។
សូមបញ្ជាក់ថា ចិន តែងតែចាត់ទុកតៃវ៉ាន់ ជាដែនដីមួយរបស់ខ្លួន និងតែងអំពាវនាវឱ្យដែនកោះមួយនេះ ទទួលយកគោលការណ៍ប្រទេសមួយ ប្រព័ន្ធពីរថែមទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com