ជាតិ
សង្គមជាតិ
អាកាសធាតុនៅកម្ពុជា ចុះត្រជាក់ពី ១៦ទៅ២២អង្សាសេ ដល់ខែមករា
25, Dec 2023 , 8:00 am        
រូបភាព
អាកាសធាតុនៅកម្ពុជា ចុះត្រជាក់ក្នុងសីតុណ្ហភាពពី១៦ទៅ២២អង្សាសេ រហូតខែមករា ឆ្នាំ២០២៤។ ក្នុងនោះ​​ ខេត្តដែលមានអាកាសធាតុចុះត្រជាក់ខ្លាំង គឺខេត្តស្ថិតនៅខាងជើងក្បែរជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ដូចជា៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ជាដើម។​

បើតាមការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង របស់ក្រសួងធនធានទឹក និងឧតុនិយម ពីខែធ្នូ ដល់ខែមករា ឆ្នាំ២០២៤ បណ្តាខេត្តនៅភាគខាងជើងជាប់ក្បែរជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន នឹងមានអាកាសធាតុចុះត្រជាក់ដល់១៦-១៨ អង្សាសេ។ ចំណែកឯ បណ្តាខេត្តផ្សេងៗ មានសីតុណ្ហភាពពី១៩-២២អង្សាសេ។​
 
រហូតចូលដល់ខែកុម្ភៈ អាកាសធាតុនឹងកើនឡើងកម្តៅវិញជាលំដាប់។ ក្រសួងធនធានទឹក បានបញ្ជាក់ថា ៖«  អាកាសធាតុនឹងក្តៅខ្លាំង នៅក្នុងខែមេសាដល់ដើមខែឧសភា ជាមួយនឹងសីតុណ្ហភាពមធ្យមអតិបរមា ៣៨អង្សាសេ​។  ថ្ងៃខ្លះ កម្តៅអាចឡើងដល់ ៤១អង្សាសេ» ។
 
ពាក់ព័ន្ធនឹងការប្រែប្រួលធាតុអាកាសនេះ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់សាធារណជន សហការថែរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានោះ ក្រសួងក៏ប្រាប់ឱ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលនឹងអាចកើតមានច្រើនក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com