ជាតិ
សេដ្ឋកិច្ច
កម្ពុជា ទទួលបានការវិនិយោគ១៥គម្រោង មានទុនជិត២៥០លានដុល្លារ ក្នុងខែធ្នូ
24, Dec 2023 , 3:20 pm        
រូបភាព
ទីស្នាក់ការកណ្តាលនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នារាជធានីភ្នំពេញ។ រូបថត៖ CDC
ទីស្នាក់ការកណ្តាលនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នារាជធានីភ្នំពេញ។ រូបថត៖ CDC
ក្នុងរយៈពេល២សប្តាហ៍នៃខែធ្នូ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន១៥ ដែលមានទំហំទុនជាង ២៤៧លានដុល្លារអាម៉េរិក។ បើតាមCDC គម្រោងវិនិយោគទាំងនេះ អាចបង្កើតការងារឱ្យពលរដ្ឋកម្ពុជាបានប្រមាណ១៦,០០០កន្លែង។


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នាថ្ងៃទី២០ធ្នូ ថា គម្រោងដែលមានអនុម័តនោះ គឺមាន៤គម្រោងនៅខេត្តស្វាយរៀង ដោយមានគម្រោងបង្កើតរោងចក្រផលិសម្ភារតុបតែងគេហដ្ឋាន សម្ភារតុបតែងដើមណូអែល, គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារប្រើប្រាស់ក្នុងផ្ទះ ក្នុងបន្ទាប់ទឹក អំពូលលំអរ​ និងគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្រោមដៃ នានា។  



ជាមួយគ្នានេះ ខេត្តកំពង់ស្ពឺទទួលបាន៤គម្រោងលើការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និងរោងចក្រផលិតសម្ភារសត្វចិញ្ចឹម, ខេត្តកណ្តាលទទួលបាន២គម្រោងលើការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ និងរោងចក្រផលិតសម្ភារវេចខ្ចប់កាតុង និងថង់ប្លាស្ទិក។ ដោយឡែក ខេត្តតាកែវ ក៏បានគម្រោង១​ផងដែរ។ នោះគឺជាការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកត្រាំកក់។



រីឯ ខេត្តពោធិ៍សាត់ ទទួលបានគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង ១៥០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទូកថាមពលអគ្គិសនីនៅក្នុងស្រុកក្រគរ ខណៈខេត្តកំពង់ចាម  ទទួលបានគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ហាលទឹក  កន្លែង​ ម៉ាស និងគ្រឿងបន្សំនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦។ សម្រាប់ខេត្តព្រះសីហនុក៏ ទទួលបានគម្រោងវិនិយោគលើការបង្កើតរោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះបាយ បន្ទប់ទឹក និងសម្ភារប្រើប្រាស់ក្នុងសួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផងដែរ។ នេះបើតាម CDC៕ 

Tag:
 វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com