ជាតិ
ពេទ្យជំនាញបេះដូង ដាស់តឿនពលរដ្ឋកុំឱ្យហូបផ្អែម ប្រៃ និងជាតិខ្លាញ់ច្រើន
24, Dec 2023 , 4:40 pm        
រូបភាព
 ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជាលោកវេជ្ជបណ្ឌិត សុខ ជួរ ក្នុងសិក្ខាសាលានៅខេត្តសៀមរាបនាថ្ងៃទី២៤ ខែធ្នូ នាសណ្ឋាគារសុខាសៀមរាប។
ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជាលោកវេជ្ជបណ្ឌិត សុខ ជួរ ក្នុងសិក្ខាសាលានៅខេត្តសៀមរាបនាថ្ងៃទី២៤ ខែធ្នូ នាសណ្ឋាគារសុខាសៀមរាប។
សៀមរាប៖ វេជ្ជបណ្ឌិតឯកទេសជំងឺបេះដូងនៃក្រសួងសុខាភិបាល លោក សុខ ជួរ បានក្រើនរំឭក និងដាស់តឿនពលរដ្ឋ កុំឱ្យហូបផ្អែម ហូបប្រៃ និងហូបជាតិខ្លាញ់ច្រើនពេក។ លោកបានបញ្ជាក់ថា ម្ហូបទាំងនេះ សុទ្ធសឹងជាដើមចមនៃការ កើតជំងឺបេះដូង និងជំងឺមិនឆ្លងផ្សេងៗ។

ជំងឺមិនឆ្លងកំពុងបង្កក្ដីបារម្ភសម្រាប់​ពិភពលោក ក្នុងនោះក៏មានកម្ពុជា ដែរ។ បើតាមលោក វេជ្ជបណ្ឌិត សុខ ជួរ ជំងឺប្រភេទនេះច្រើនកើតឡើងខ្លាំងនៅប្រទេស​កំពុងអភិវឌ្ឍន៍ ដោយសារមានការផ្លាស់ប្ដូររបបអាហារ និងរបបរស់នៅ។ 


 សិក្ខាសាលាស្ដីពីការធ្វើឱ្យប្រសើរឡើងនៃការព្យាបាលជំងឺលើសជាតិខ្លាញ់
 
អគ្គនាយករងបច្ចេកទេសនៃក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា រូបនេះបានបន្ថែមថា ៖« យើងដឹងហើយថា ជំងឺមិនឆ្លងវាសម្លាប់មនុស្សច្រើន ។​ ក្នុងនោះមានកត្តាគ្រោះថ្នាក់ជាច្រើន​ចូលរួម​ធ្វើឱ្យជំងឺមិនឆ្លងសម្លាប់មនុស្ស មានលើសជាតិខ្លាញ់ ជំងឺទឹកនោមផ្អែម និងជំងឺមហារីក»។ 
 
ការកើនឡើងនៃជំងឺលើសជាតិខ្លាញ់ មានទំនោរកើតឡើងខ្លាំង ពិសេសប្រទេសកំពុងអភិវឌ្ឍន៍ ដែលសម្បូរអាហារកែច្នៃ ឬប្រភេទអាហារសម្រន់ (Fast Food) ការផ្លាស់ប្ដូររបៀបរស់នៅ ហូបច្រើន តែបញ្ចេញកម្លាំងពលកម្មតិចតួច សុទ្ធសឹងជាមូលហេតុនៃជំងឺនេះ។  វេជ្ជបណ្ឌិត សុខ ជួរ បន្តពន្យល់ដូច្នេះ ៖« អ្វីដែលចាប់អារម្មណ៍មួយទៀត ការលើសជាតិខ្លាញ់ វាជាកត្តាគ្រោះថ្នាក់ខ្លាំងធ្វើឱ្យមានជំងឺបេះដូង និងសសៃឈាម ពិសេសស្ទះសសៃឈាមខួរក្បាល។ ប្រជាជនអាស៊ីជាពិសេស មានបញ្ហាលើសជាតិខ្លាញ់ និងការកើនឡើងមនុស្សលើទម្ងន់មានកាន់តែច្រើន គ្រោះថ្នាក់ច្រើន ទើបក្រសួងមានការយកចិត្តទុកដាក់ខ្លាំង ទប់ស្កាត់ជំងឺមិនឆ្លងទាំងនេះ»។
 
ក្រុមគ្រូពេទ្យដែលកំពុងផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានខេត្តសៀមរាបទាំងផ្នែករដ្ឋ និងឯកជនសរុបជិត១០០នាក់ បានចូលរួមក្នុងសិក្ខាសាលាស្ដីពីការធ្វើឱ្យប្រសើរឡើង​នៃការព្យាបាល​ជំងឺលើសជាតិខ្លាញ់  ដែលរៀបចំឡើងដោយសមាគមគ្រូពេទ្យបេះដូងកម្ពុជា សហការជាមួយមន្ទីរសុខាភិបាលខេត្តសៀមរាប។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែធ្នូ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់ថា ដ្បិតសិក្ខាសាលានេះរៀបចំត្រឹមមួយព្រឹក តែសិក្ខាកាមនឹងទទួលបានចំណេះដឹង​ដែលចែករំលែកដោយគ្រូពេទ្យជំនាញៗទាក់ទងនឹងប្រធានបទចំនួន៥ ជុំវិញបច្ចេកទេសព្យាបាលជំងឺលើសជាតិខ្លាញ់ឱ្យមានប្រសិទ្ធភាព និងបច្ចេកទេសត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ក្រុស សារ៉ាត់ ក៏បានណែនាំដល់គ្រូពេទ្យដែលជាអ្នកផ្តល់សេវា ក៏ត្រូវព្យាយាមធ្វើជាអ្នកប្រឹក្សា​ដល់អ្នកជំងឺ​ឱ្យបានល្អប្រសើរផងដែរ ដ្បិតថាការប្រឹក្សាជាមួយអ្នកជំងឺឱ្យបានត្រឹមត្រូវ ជួយឱ្យការព្យាបាលមានប្រសិទ្ធភាព និងឆាប់ធូរស្រាលមួយផ្នែកផងដែរ។
 
ក្នុងនាមជាគ្រូពេទ្យឯកទេសបេះដូងមួយរូប លោកវេជ្ជបណ្ឌិត សុខ ជួរ ក៏បានផ្តល់អនុសាសន៍មួយចំនួន​ដល់ប្រជាពលរដ្ឋ ដើម្បីចៀសឆ្ងាយ ឬបង្ការជំងឺលើសជាតិខ្លាញ់ និងជំងឺមិនឆ្លងផងដែរ។​ លោកវេជ្ជបណ្ឌិត ណែនាំកុំហូបផ្អែម ហូបប្រៃ និងជាតិខ្លាញ់ច្រើន ពិសេសប្រភេទអាហារសម្រន់ផ្សេងៗ។ គួរបរិភោគអាហារ​ជួយសុខភាពដូចជាម្ហូបអាហារដែលសម្បូរបន្លែ ផ្លែឈើ និងបង្កើនការហាត់ប្រាណជាប្រចាំថ្ងៃ​យ៉ាងហោចបាន៣០នាទីក្នុងមួយថ្ងៃ។ ការណ៍ទាំងនេះ ក៏គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់កុមារនៅតាមសាលារៀន និងនៅតាមសហគមន៍ជាដើម៕

Tag:
 ជំងឺបេះដូង
  ជំងឺលើសជាតិខ្លាញ់
© រក្សាសិទ្ធិដោយ thmeythmey.com