RFI
ជាតិ
សុខភាព
មនុស្ស​​ជិតកន្លះផែនដី មាន​បញ្ហា​សុខភាពមាត់​ធ្មេញ
25, Dec 2023 , 9:30 am        
រូបភាព
ធ្មេញរបស់កុមារ Bissa Kenda ។ RFI
ធ្មេញរបស់កុមារ Bissa Kenda ។ RFI
ដោយ៖ អៀង សុខម៉ិញ
 
បើ​តាមសេចក្តី​ប្រកាស​របស់​​អង្គកា​រសុខភាព​ពិភពលោក កាលពី​ថ្ងៃព្រហស្បតិ៍​ទី ១៧ វិច្ឆិកា ២០២២ ​មាន​ប្រជាពលរដ្ឋ​ ប្រមាណ​៣៥០០​លាននាក់ ពោលគឺ​ជិត​ពាក់​កណ្តាល​នៃ​ប្រជាជន​សរុប​នៅ​លើ​ភពផែនដី មាន​បញ្ហា​សុខភាពមាត់​និង​ធ្មេញ។ ដង្កូវស៊ីធ្មេញ ជា​ជំងឺ​ដែល​មាន​កើត​ច្រើន​ញឹកញាប់ជាង​គេ។

ក្នុង​ចំណោម​​ប្រជាជន​សរុបរស់​នៅលើ​ផែនដី​​ចំនួន ៨ពាន់​លាន​នាក់ (គិត​ត្រឹម​ថ្ងៃទី ១៥ ​វិច្ឆិកា ​២០២២) ៤៥%​ ឬ​ត្រូវ​ជា​៣៥០០​លាននាក់ មាន​ជំងឺ​ដង្កូវស៊ីធ្មេញ ជំងឺ​អញ្ចាញ (ហើម-រលាក ​អញ្ចាញ) និង​ជំងឺ​មហារីក​មាត់ធ្មេញ។ នេះ​បើ​តាម​​របាយការណ៍​​ថ្មី របស់​អង្គការ​សុខភាព​ពិភពលោក ទើប​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី ១៧ វិច្ឆិកា ២០២២ ដែល​លាត​ត្រដាង​ជា​លើក​ទី​មួយ អំពី​ទំហំ​នៃ​ជំងឺ​មាត់ធ្មេញ​លើ​​ផែនដី ក្នុង​១៩៤ប្រទេស​។ ក្នុងអំឡុង​​ពេល​៣០​ឆ្នាំ​ចុងក្រោយ​មកនេះ ករណី​អ្នក​មាន​បញ្ហា​មាត់​ធ្មេញ បាន​កើន​ឡើង​ចំនួន ១ពាន់​លាន​នាក់។



 
តួលេខ​នេះ ជា​សន្ទទស្សន៍​ដ៏ច្បាស់​លាស់​មួយ​បញ្ជាក់​ឱ្យ​ឃើញ​ថា មាន​មនុស្ស​ច្រើន​ខ្លាំងណាស់ ដែល​គ្មាន​លទ្ធភាព​ទទួល​បាន​ការ​ការពារ និង​ការ​ព្យាបាល​ជំងឺ​មាត់​ធ្មេញទេ ទើប​ត្រូវធ្លាក់​ខ្លួន មាន​ជំងឺ​ដង្កូវស៊ីធ្មេញ ហើម​រលាក​អញ្ចាញ បាក់​ធ្មេញ និង​មហារីក​។ នេះ​បើ​តាម​របាយការណ៍​ដដែល។ ធ្មេញ​ដង្កូវ​ស៊ី គ្មាន​ការ​ព្យាបាល ជា​ជំងឺ​មាត់​ធ្មេញ​ដែល​កើត​ឡើង​ច្រើន​ជាង​គេ និង​លើ​មនុស្ស​ជាង​២៥០០​លាន​នាក់​។ ចំណែក​១ពាន់​លាន​នាក់​ផ្សេង​ទៀត មាន​ជំងឺ​អញ្ចាញ ដែល​ជា​ដើម​ហេតុ​ដ៏​ចម្បង​នាំ​ឱ្យ​មនុស្ស​បាក់​ធ្មេញ​អស់។ បើ​តាម​អង្គការ​សុខភាពពិភពលោក​ ក្នុង​មួយ​ឆ្នាំៗ​ មាន​ករណី​ជំងឺ​មហារីក​មាត់ធ្មេញ​ថ្មី ចំនួន ​ប្រមាណ​៣៨០ ០០០នាក់។ ​កត្តា​ហានិភ័យ​ចម្បង​គេ នាំឱ្យ​មាន​បញ្ហា​មាត់ធ្មេញ គឺ​បណ្តាល​មក​ពី​​ការ​ទទួល​ទាន​ស្ករ​​ច្រើនជ្រុល និង​ជក់​បារី​ហើយ​ទទួល​ទាន​សុរា។
 
ដោយ​មិនចម្លែក​ បើ​តាម​របាយការណ៍​ដដែល បីភាគបួន​នៃ​អ្នក​ជំងឺ​មាត់ធ្មេញ​រស់​នៅ​ក្នុង​ប្រទេស​ក្រីក្រ​និង​មធ្យម។ ប៉ុន្តែ​នៅលើ​ពិភពលោក​ទាំងមូល​ មិនថា​នៅក្នុង​ប្រទេសណា​ តំបន់​ណា​ទេ គឺ​អ្នក​ក្រ  ជនពិការ ឬ​មនុស្សចាស់ និង​អ្នកងាយរងគ្រោះ ដែល​ពុំអាច​ទទួល​បានការ​ព្យាបាល​និង​ថែទាំ​សុខភាព​មាត់​ធ្មេញ​ត្រឹម​ត្រូវ ព្រោះ​គ្មាន​មធ្យោបាយ។ ការព្យាបាល​ធ្មេញ​ ថ្លៃ​ខ្លាំងណាស់។
 
របាយការណ៍​នេះ​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ជា​ថ្មី និង​យ៉ាង​ក្រឡែត អំពី​វិសមភាព​ក្នុង​សេវា​សុខភាព​មាត់​ធ្មេញ​ និង​គូស​បញ្ជាក់​ដោយ​ចំៗ​អំពីបន្ទុក​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​ ចំពោះ​ការ​ថែរក្សា​ព្យាបាល​សុខភាព​​មាត់​ធ្មេញ រហូត​បណ្តោយ​ឱ្យ​ជំងឺ​លេច​ឡើង​យ៉ាង​ច្បាស់​ និង​មិន​អាច​លាក់​បាំង​បាន ក្នុង​ចំណោម​ប្រជាជន​ក្រីក្រ​ និង​ទន់ខ្សោយងាយរងគ្រោះ​ខ្លាំង។
 
សម្រាប់​​លោក​អគ្គលេខាធិការ​អង្គការ​សុខភាពពិភពលោក​ Tedros Adhanom Ghebreyesus ពិភពលោកធ្វេសប្រហែស​នឹង​បញ្ហា​​សុខភាព​មាត់​ធ្មេញ តាំងពីដើម​​មក បើ​ទោះបី​ជា​ដឹង​ថា វិធានការ​​ការពារដែល​ចំណាយអស់​​តិចសោះ អាច​បញ្ចៀស​មនុស្ស​មួយ​ចំនួន​ធំ​មិន​ឱ្យ​មាន​បញ្ហា​សុខភាព​មាត់​ធ្មេញ​ក៏ដោយ។​ ​ហេតុ​ដូច្នេះ​ហើយ​បាន​ជាលោក ចេញ​សេចក្តី​ថ្លែងការណ៍ លើក​ទឹក​ចិត្ត​ឱ្យ​អាជ្ញាធរ​គ្រប់​ប្រទេស ​ប្រយុទ្ធ​ប្រឆាំង​នឹង​កត្តា​ហានិភ័យ​ប្រចាំ​ថ្ងៃ ដោយ​ត្រូវ​អប់​រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​អំពី​របប​អាហារ​ត្រឹម​ត្រូវ មាន​ជាតិ​ស្ករ​តិច ឈប់​ជក់បារី​​ចុក​ថ្នាំ កាត់​បន្ថយ​ការ​ទទួល​ទាន​សុរា និង​មាន​ថ្នាំ​ដុះ​ធ្មេញល្អ សម្បូរ​ជាតិ​Fluore​ ដែល​​ថោក​ល្មម​ឱ្យ​​ពល​រដ្ឋ​គ្រប់​ស្រទាប់​វណ្ណៈ​មាន​លទ្ធភាព​​ទិញ​បាន។ នៅក្នុង​អនុសាសន៍ អង្គការ​សុខភាព​ពិភពលោក បាន​ធ្វើ​ប​ញ្ជី​រាយ​សំណើ​មួយ​ចំនួន​ធំ សម្រាប់​ឱ្យ​គ្រប់ប្រទេស​ដោះស្រាយ​និង​គិត​គូរ​បញ្ហា​សុខភាព​មាត់​ធ្មេញ មាន​ជា​អាទិ៍​ការ​អំពាវនាវ​ឱ្យ​បញ្ចូល​សេវាថែទាំមាត់​ធ្មេញ ទៅ​ក្នុង​ប្រព័ន្ធ​កម្មវិធីថែទាំ​​សុខភាព​បឋមតែម្តង។
 
នៅ​ពេល​មាត់​ធ្មេញ អញ្ចាញ មាន​សុខភាព​មិន​ល្អ​នោះ សុខភាព​រាង​កាយ​ក៏​ត្រូវ​ប្រឈម​នឹង​គ្រោះថ្នាក់​ដែរ ដោយ​ផ្តើម​ដំបូង ជា​អាការៈ​ធុំ​​ក្លិនមាត់ រលាក បំពង់​ក ក្រពះ ឬ ​​បេះដូង​។ ហើយ​នៅពេល​ថ្មីនេះៗ អ្នកស្រាវជ្រាវ​អាមេរិក បាន​ទម្លាយ​ការ​សម្ងាត់ តាម​រយៈ​ការ​សិក្សា​ពីរ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៥​វិច្ឆិកា ក្នុង​ទំព័រ​ទស្សនាវដ្តី Cell Report និង​នៅថ្ងៃ​ទី ១៦​វិច្ឆិកា ក្នុង​ទំព័រ​ទស្សនាវដ្តី Nature ដែល​បញ្ជាក់​ថា មាន​បាក់តេរី ​នៅក្នុង​មាត់ កប់​ក្នុង​កំណក​ជើង​ធ្មេញ របស់​មនុស្ស​គ្រប់រូប​ ប្រភេទ Fusobacterium nucleatum​​ អាចបណ្តែត​​និង​ទៅ​ផ្តុំ​ ក្នុង​បរិមាណ​ដ៏​ច្រើន​លើសលុប ក្នុង​ដុំ​សាច់​មហារីក​នៅមាត់ និងនៅ​ពោះវៀនធំ។ អាច​លាក់​ខ្លួន​ក្នុង​សរីរាង្គ​មហារីក​ហើយ បាក់តេរី​នេះមាន​សមត្ថភាពបំប៉ន​កោសិកា​មហារីក​ឱ្យ​រីក​រាលដាល​ទៅ​ជា​ជំងឺ​មហារីក​ដំណាក់កាល​មេតាស្តាយ៉ាង​លឿន​រហ័ស។ ជាង​នេះទៅទៀត បាក់តេរី​នេះ ចេះ​ពង្វក់​ប្រព័ន្ធការពារ​ខ្លួន​ ឱ្យ​លែង​ចេះ​ការពារ​សរីរាង្គ​​ទៀត។ សម្រាប់​អ្នក​ស្រាវជ្រាវ​ ការ​សិក្សា​នេះ បង្ហាញ​ឱ្យ​ឃើញ​អំពី​ទំនាក់ទំនង​ជា​យថាហេតុ​នៃ​សុខភាព​មាត់​ធ្មេញ​និង​ហានិភ័យ​កើត​ជំងឺ​មហារីក៕

Tag:
 (នាទីសុខភាពនិងអនាម័យ)
© រក្សាសិទ្ធិដោយ thmeythmey.com