អន្តរជាតិ
ប្រាក់យ័នក្លាយជារូបិយប័ណ្ណប្រើប្រាស់សកម្មទី៤ ក្នុងការទូទាត់អន្តរជាតិ
25, Dec 2023 , 7:29 pm        
រូបភាព
រូបភាព ៖ Xinhua
រូបភាព ៖ Xinhua
ប្រាក់យ័នចិនបានក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់សកម្មធំទី៤ ក្នុងការទូទាត់អន្តរជាតិដែលតាមពីក្រោយប្រាក់ផោន អឺរូ និងដុល្លារ។ អត្រាការប្រាក់កម្ចីទាប លំហូរវិនិយោគបរទេស និងការទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសមួយចំនួន បានជំរុញការប្រើប្រាស់ប្រាក់យ័នកើនឡើង។ 

ប្រាក់យ័នចិនបាននាំមុខប្រាក់យ៉េនជប៉ុននៅក្នុងចំណែកនៃការទូទាត់សកលលើកដំបូងប្រមាណ២ឆ្នាំចុងក្រោយនេះ ដោយសារអត្រាការប្រាក់ទាបបានបង្កើនការទាក់ទាញនៃការប្រើប្រាស់ ដើម្បីទូទាត់ពាណិជ្ជកម្មជាមួយប្រទេសនេះ។ 
 
ទិន្នន័យដែលចេញផ្សាយដោយស្ថាប័នសង្គមសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (Swift) កាលពីសប្តាហ៍មុនបង្ហាញថា ចំណែកប្រាក់យ័នក្នុងការទូទាត់ជាសកលបានកើនឡើងដល់ ៤,៦ភាគរយនៅក្នុងខែវិច្ឆិកា ពីអត្រា ៣,៦ភាគរយកាលពីខែតុលា។ 
 
នេះជាលើកទីមួយហើយដែលប្រាក់យ័នបានក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនជាងគេលំដាប់ទី៤ លើលោកសម្រាប់ការទូទាត់អន្តរជាតិបន្ទាប់ពីប្រាក់ផោនអង់គ្លេស (៧,១៥ភាគរយ) អឺរ៉ូ (២៣ភាគរយ) និងដុល្លារ (៤៧ភាគរយ) ។
 
ប្រាក់យ័ន ជារូបិយប័ណ្ណដ៏សំខាន់បំផុតមួយរបស់ពិភពលោកក្នុងឆ្នាំនេះ។ វាបានធ្លាក់ថ្លៃប្រហែល ៣,៥ភាគរយធៀបនឹងប្រាក់ដុល្លារមកនៅប្រមាណ ៧,២យ័នក្នុង១ដុល្លារ ដោយសារតែសេដ្ឋកិច្ចបានធ្លាក់ចុះ ហើយវិបត្តិអចលនទ្រព្យកំពុងអូសបន្លាយ។ 
 
អ្នកវិភាគមើលឃើញថា ការកើនឡើងនៃប្រាក់យ័នក្នុងការទូទាត់អន្តរជាតិ អាចជាការអភិវឌ្ឍខ្លួនរបស់ចិន ដែលចង់ឃើញរូបភាពនៃរូបិយប័ណ្ណខ្លួននៅលើឆាកអន្តរជាតិ។ ជាពិសេសដើម្បីបង្ហាញជំហរលេចធ្លោរបស់ខ្លួននៅក្នុងហិរញ្ញវត្ថុសកល។
 
លោក Chi Lo អ្នកជំនាញយុទ្ធសាស្រ្តគ្រប់គ្រងទ្រព្យសកម្មរបស់ក្រុមហ៊ុន BNP Paribas បានប្រាប់កាសែត Financial Times ថាមានភាពអំណោយផលច្រើនដែលគាំទ្រការប្រើប្រាស់ប្រាក់យ័នក្នុងការទូទាត់អន្តរជាតិនៅឆ្នាំនេះ។ តួលេខខែវិច្ឆិកា អាចជាការចាប់ផ្តើមនៃនិន្នាការកើនឡើងប្រាក់យ័ននៅក្នុងចំណែកនៃការទូទាត់អន្តរជាតិ។
 
កំណើននៃការទូទាត់ប្រាក់យ័នក្នុងការទូទាត់អន្តរជាតិ មួយផ្នែកបានមកពីអត្រាការប្រាក់ទាបរបស់ចិន។ ការធ្លាក់ចុះអត្រាការប្រាក់បានជំរុញឲ្យដើមទុនវិនិយោគបរទេសហូរចេញពីទីផ្សារមូលបត្របំណុលក្នុងប្រទេស។ ទន្ទឹមនេះ វាក៏បានធ្វើឱ្យប្រសើរឡើងនូវភាពទាក់ទាញនៃប្រាក់យ័នក្នុងវិស័យហិរញ្ញវត្ថុពាណិជ្ជកម្មដែរ ។ អត្រាការប្រាក់មូលដ្ឋានសម្រាប់ប្រាក់កម្ចីរយៈពេល ១ឆ្នាំរបស់ចិនបច្ចុប្បន្នមាន ៣,៤៥ភាគរយ ខណៈការប្រាក់នៅអាម៉េរិក ៥,២៥ភាគរយ។
 
បើតាមទិន្នន័យរបស់ Swift ស្តីពីហិរញ្ញវត្ថុពាណិជ្ជកម្មបង្ហាញថា ចំណែកប្រាក់យ័នក្នុងវិស័យហិរញ្ញវត្ថុពាណិជ្ជកម្មសកលបានកើនឡើងដល់ ៥,៧ភាគរយនៅខែវិច្ឆិកា ពី ៥,១ភាគរយកាលពីខែតុលា។ ការណ៍នេះ ធ្វើឲ្យប្រាក់យ័នជាប់ចំណាត់ថ្នាក់លេខ២ ក្នុងហិរញ្ញវត្ថុពាណិជ្ជកម្មពិភពលោក តាមពីក្រោយប្រាក់ដុល្លារ ហើយរុញប្រាក់អឺរ៉ូទៅចំណាត់ថ្នាក់ទី៣។ 
 
យ៉ាងណាមិញ ទាំងប្រាក់យ័ន និងអឺរ៉ូស្ថិតនៅឆ្ងាយពីប្រាក់ដុល្លារខ្លាំងណាស់ ដោយសារប្រាក់ដុល្លារមានចំណែកច្រើនជាង ៨០ភាគរយនៃទីផ្សារហិរញ្ញវត្ថុពាណិជ្ជកម្មពិភពលោក។
 
ក្រៅពីនេះ​ ឱកាសសម្រាប់ប្រាក់យ័នក្នុងការទូទាត់អន្តរជាតិ ឬតាមបណ្តាញផ្សេងក្រៅពី Swift នៅពេលលោកខាងលិចដាក់ទណ្ឌកម្មលើប្រទេសមួយចំនួនរួមទាំងរុស្ស៊ី។ ការដាក់ទណ្ឌកម្មនោះ បានធ្វើឱ្យប្រទេសជាច្រើនមានការព្រួយបារម្ភអំពីលទ្ធភាពដែលអាម៉េរិកនឹងប្រើប្រាស់ប្រាក់ដុល្លារដើម្បីរារាំងពាណិជ្ជកម្មរបស់ពួកគេ ដោយចាប់ផ្តើមប្រើប្រាស់ប្រាក់យ័នជំនួស៕ 
 
 

Tag:
 ប្រាក់យ័ន
  ចិន
  ដុល្លារ
© រក្សាសិទ្ធិដោយ thmeythmey.com