ជាតិ
លោក ស សុខា៖ មន្ត្រីនគរបាល ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ មិនចេញមុខទទួលខុសត្រូវ ដកចេញពីក្របខណ្ឌ
25, Dec 2023 , 5:09 pm        
រូបភាព
កងកម្លាំងនគរបាលណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ បែរជារត់គេចខ្លួន មិនចេញមុខទទួលខុសត្រូវលើកំហុសខ្លួននោះ នឹងត្រូវដកចេញពីក្របខណ្ឌ។ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងបែបនេះ នៅក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ​នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៥​ ខែធ្នូ។


«ខ្ញុំប្ដេជ្ញាចិត្ត និងប្រកាសនៅទីនេះតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬមន្រ្តីរាជការក្រោមឱវាទ (បង្កគ្រោះថ្នាក់ចរាចរណ៍) បើអត់មកសារភាពទេ ខ្ញុំគិតក្របខណ្ឌមិនគួរទុកទេ»។ នេះបើតាមលោក ស សុខា ដែលបានបន្ថែមថា មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ ជាគំរូគេ ដែលគេត្រូវធ្វើតាម និងគោរពតាម ដូច្នេះបើសិនជាបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ រត់គេចខ្លួន វាជារឿងមិនសាកសមឡើយ។
 
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ស សុខា ក៏ណែនាំឱ្យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅតាមដងផ្លូវ ត្រូវហ៊ានចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខចូលបញ្ជីខ្មៅ ដែលនាំឱ្យខូចអនាគត។
 
ត្រង់ចំណុចនេះ រដ្ឋមន្រ្តីមហាផ្ទៃ បានលើកយកករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅខណ្ឌទួលគោល កាលពីពេលថ្មីៗនេះ មកបង្ហើបថា ជនបង្កជិះរថយន្ត Jeep នោះ បានព្យាយាមរត់គេចខ្លួន ទៅដល់ព្រំដែនកម្ពុជា និងវៀតណាម។ ក្រោយអាជ្ញាធរសមត្ថកិច្ច ក្ដាប់ព័ត៌មានទាំងនោះបាន ក៏បានទាក់ទងទៅគ្រួសារជនបង្ក ឱ្យនិយាយលួងលោមនាំរូបគេទៅសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ 
 
ក្នុងករណីនេះ លោក ស សុខា បានពន្យល់ថា ក្នុងកាលៈទេសៈនោះ បើសិនជាជនបង្ក នៅតែចចេសមិនព្រមចូលខ្លួនទេ រូបគេនឹងប្រឈមមុខចូលបញ្ជីខ្មៅ ដែលនាំឱ្យខាតបង់ធ្ងន់ធ្ងរទៀត។ «ខ្ញុំសូមបញ្ជាក់ដែរថា ឱ្យតែគេចង់រក មុននឹងក្រោយ គឺមិនពិបាកទេ។ អ៊ីចឹងបានដាក់ពេលវេលាឱ្យក្រុមគ្រួសារ (ជនបង្កជិះរថយន្តJeep) បែបសាមញ្ញទេ បើមិនចង់ឱ្យខូចអនាគតរបស់កូនខ្លួនឯង ត្រូវតែនាំមកសារភាព »។ នេះបើតាមលោក ស សុខា។
 
តែបើក្នុងករណីចចេសរឹងរូសវិញ រដ្ឋមន្រ្តីមហាផ្ទៃ បានសង្កត់ធ្ងន់លើករណីខាងលើទៀតថា ៖«ពីព្រោះមិនមានពិបាកទេ ដាក់ចូលបញ្ជីខ្មៅ ហោះហើរ(ចេញទៅក្រៅប្រទេស)ទៅណាមិនកើត។ (ក្រសួងមហាផ្ទៃ) ស្នើសុំដាក់មិនមានសុពលភាពទៅលើលិខិតឆ្លងដែនមួយចំនួន(របស់ជនបង្ក) គឺអស់អនាគតបាត់ហើយ។ ហើយតែដាក់ប៉ុណ្ណឹងហើយ គ្រប់អង្គភាពពាក់ព័ន្ធ ឬស្ថាប័នពាក់ព័ន្ធ ក៏មិនមានឱកាសដាក់ឈ្មោះ ឬស្នើសុំធ្វើការកន្លែងណាបានដែរ»។
 
បើតាមលោក ស សុខា បច្ចុប្បន្ននេះ រដ្ឋ មានប្រព័ន្ធគ្រប់លើអ្នកប្រព្រឹត្តល្មើសច្បាប់បែបនេះ សម្រាប់ឱ្យគ្រប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជន អាចពិនិត្យមើលលើប្រវត្តិរូបរបស់បុគ្គលណាម្នាក់ មុននឹងសម្រេចចិត្ត​ឱ្យពួកគេចូលបម្រើការងារ។
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ ស្នើឱ្យពលរដ្ឋគ្រប់រូប ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនោះ ត្រូវចេញមុខសារភាពទទួលស្គាល់កំហុស ដើម្បីកុំឱ្យឈានដល់ការអនុវត្តចំណាត់ការធ្ងន់ធ្ងរ ពីសំណាក់សមត្ថកិច្ច ឬតុលាការ។
 
 

Tag:
 ស សុខា
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com