ជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ឱ្យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ត្រូវហ៊ានចេញមុខទទួលខុសត្រូវ បើមិនចង់ចូលបញ្ជីខ្មៅ
25, Dec 2023 , 4:42 pm        
រូបភាព
លោកឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំឱ្យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅតាមដងផ្លូវ ត្រូវហ៊ានចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខចូលបញ្ជីខ្មៅ ដែលនាំឱ្យខូចអនាគត។

ពីទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ​នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៥​ ខែធ្នូ រដ្ឋមន្រ្តីមហាផ្ទៃ បានលើកយកករណីគ្រោះថ្នាក់ចរាចរណ៍មួយ នៅខណ្ឌទួលគោល កាលពីពេលថ្មីៗនេះ មកបង្ហើបថា ជនបង្កជិះរថយន្ត Jeep នោះ បានព្យាយាមរត់គេចខ្លួន ទៅដល់ព្រំដែនកម្ពុជា និងវៀតណាម។ ក្រោយអាជ្ញាធរសមត្ថកិច្ច ក្ដាប់ព័ត៌មានទាំងនោះបាន ក៏បានទាក់ទងទៅគ្រួសារជនបង្ក ឱ្យនិយាយលួងលោមនាំរូបគេទៅសមត្ថកិច្ច ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។ 
 
ក្នុងករណីនេះ លោក ស សុខា បានពន្យល់ថា ក្នុងកាលៈទេសៈនោះ បើសិនជាជនបង្ក នៅតែចចេសមិនព្រមចូលខ្លួនទេ រូបគេនឹងប្រឈមមុខចូលបញ្ជីខ្មៅ ដែលនាំឱ្យខាតបង់ធ្ងន់ធ្ងរទៀត។ «ខ្ញុំសូមបញ្ជាក់ដែរថា ឱ្យតែគេចង់រក មុននឹងក្រោយ គឺមិនពិបាកទេ។ អ៊ីចឹងបានដាក់ពេលវេលាឱ្យក្រុមគ្រួសារ (ជនបង្កជិះរថយន្តJeep) បែបសាមញ្ញទេ បើមិនចង់ឱ្យខូចអនាគតរបស់កូនខ្លួនឯង ត្រូវតែនាំមកសារភាព »។ នេះបើតាមលោក ស សុខា។
 
តែបើក្នុងករណីចចេសរឹងរូសវិញ រដ្ឋមន្រ្តីមហាផ្ទៃ បានសង្កត់ធ្ងន់លើករណីខាងលើទៀតថា ៖«ពីព្រោះមិនមានពិបាកទេ ដាក់ចូលបញ្ជីខ្មៅ ហោះហើរ(ចេញទៅក្រៅប្រទេស)ទៅណាមិនកើត។ (ក្រសួងមហាផ្ទៃ) ស្នើសុំដាក់មិនមានសុពលភាពទៅលើលិខិតឆ្លងដែនមួយចំនួន(របស់ជនបង្ក) គឺអស់អនាគតបាត់ហើយ។ ហើយតែដាក់ប៉ុណ្ណឹងហើយ គ្រប់អង្គភាពពាក់ព័ន្ធ ឬស្ថាប័នពាក់ព័ន្ធ ក៏មិនមានឱកាសដាក់ឈ្មោះ ឬស្នើសុំធ្វើការកន្លែងណាបានដែរ»។
 
បើតាមលោក ស សុខា បច្ចុប្បន្ននេះ រដ្ឋ មានប្រព័ន្ធគ្រប់លើអ្នកប្រព្រឹត្តល្មើសច្បាប់បែបនេះ សម្រាប់ឱ្យគ្រប់អង្គភាព ស្ថាប័នរដ្ឋ និងឯកជន អាចពិនិត្យមើលលើប្រវត្តិរូបរបស់បុគ្គលណាម្នាក់ មុននឹងសម្រេចចិត្ត​ឱ្យពួកគេចូលបម្រើការងារ។
 
ជាមួយគ្នានេះ រដ្ឋមន្រ្តីមហាផ្ទៃ ស្នើឱ្យពលរដ្ឋគ្រប់រូប ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនោះ ត្រូវចេញមុខសារភាពទទួលស្គាល់កំហុស ដើម្បីកុំឱ្យឈានដល់ការអនុវត្តចំណាត់ការធ្ងន់ធ្ងរ ពីសំណាក់សមត្ថកិច្ច ឬតុលាការ។
 
សូមជម្រាបថា កាលពីថ្ងៃទី១៤ធ្នូនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្ត​១គ្រឿង ម៉ាក Jeep overland បានបើកបុក​ជនរងគ្រោះ​ជាបុរសម្នាក់ដែលជិះម៉ូតូ ​បណ្ដាលឱ្យ​ស្លាប់​ នៅ​ចំណុចខណ្ឌ​ទួលគោក​​។ សមត្ថកិច្ចរកឃើញថា ​រថយន្ត​បង្កហេតុ ជារបស់ សុខ​ លីណា​ ប៉ុន្តែអ្នក​បើកបររថយន្ត​នាពេលនោះ ត្រូវគេ​សង្ស័យថា ជា​កូនប្រុសរបស់ម្ចាស់រថយន្ត។
 
តុលាការ បានចេញដីកាបញ្ជាបង្គាប់ឱ្យជនសង្ស័យ បង្កគ្រោះថ្នាក់ចរារណ៍មួយ នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ធ្នូ បង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ជនបង្កហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានគេផ្សព្វផ្សាយថា ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ជាកូនរបស់ម្ចាស់រថយន្ត ឈ្មោះ សុខ លីណា ។
 

Tag:
 នយោបាយ
  ស សុខា
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com