ជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ហួសចិត្តដែលមេចរាចរណ៍ភ្នំពេញ អត់ដឹងរឿងបុកគ្នាស្លាប់ពីពេលយប់
25, Dec 2023 , 9:29 pm        
រូបភាព
គ្រោះថ្នាក់ចរាចរណ៍ នៅតែជាក្តីព្រួយបារម្ភ ដែលត្រូវយកចិត្តទុកដាក់ថែមទៀត។ ករណីគ្រោះថ្នាក់ជារឿងមួយហើយ ប៉ុន្តែអ្វីដែលធ្វើឱ្យរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា ហួសចិត្តនោះ ប្រធានការិយាល័យចរាចរណ៍រាជធានីភ្នំពេញ អត់ដឹងរឿងបុកគ្នាស្លាប់ ដែលកើតឡើងតាំងពីពេលយប់មក។

«នៅភ្នំពេញទេ រាងប្លែកដែរ ប្រធានការិយាល័យចរាចរណ៍ភ្នំពេញ រឿង(គ្រោះថ្នាក់ចរារចរណ៍) កើតមានតាំងពីម៉ោងជាង៣ ម៉ោងជាង៤ ហើយម៉ោងជិត១០ សួរទៅឧត្តមស្នងការរាជធានី លោកប្រធានការិយាល័យផ្នែកចរាចរណ៍ អត់ដឹងរឿងគេបុកគ្នាស្លាប់ផង»។ នេះបើតាមលោក ស សុខា នៅក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ​នៅទីលានតេជោ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៥​ ខែធ្នូ។
 
 
មិនតែប៉ុណ្ណោះលោក ស សុខា ក៏ហាក់ងឿងឆ្ងល់លើករណីបុកគេស្លាប់ហើយ តែនៅតែរត់គេចខ្លួនបាន។ រដ្ឋមន្រ្តីមហាផ្ទៃ ក៏យល់ថា មូលហេតុរត់គេចខ្លួនបាននេះ អាចមកពីមានការអន្តរាគមន៍ណាមួយ។ ត្រង់ចំណុចនេះ លោក ស សុខា បានរម្លឹកប្រាប់កងកម្លាំងទាំងអស់ឱ្យចាប់ខ្លួន អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បាននៅនឹងកន្លែង ដោយមិនឱ្យមានការអន្តរាគមន៍ឡើយ។
 
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ នៅតាមដងផ្លូវ ត្រូវហ៊ានចេញមុខទទួលខុសត្រូវតាមផ្លូវច្បាប់ បើមិនដូច្នេះទេ ពួកគេនឹងប្រឈមមុខចូលបញ្ជីខ្មៅ ដែលនាំឱ្យខូចអនាគត។ 
 
ចំណែកកងកម្លាំងនគរបាលណា ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយ បែរជារត់គេចខ្លួន មិនចេញមុខទទួលខុសត្រូវលើកំហុសខ្លួននោះ នឹងត្រូវដកចេញពីក្របខណ្ឌ។ នេះបើតាមលោក ស សុខា៕
 
 
 

Tag:
 ស សុខា
  ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com