RFI
អន្តរជាតិ
ហេតុអ្វីរបបសឹកនីហ្សេទាមទារឲ្យតែបារាំងដកទ័ព ប៉ុន្តែ លើកលែង​អាមេរិក?
26, Dec 2023 , 6:59 pm        
រូបភាព
កងទ័ពបារាំងចាប់ដឹកសម្ភារៈយោធាចេញពីប្រទេសនីហ្សេដែលធ្លាក់ក្នុងដៃរបស់របបសឹក AFP
កងទ័ពបារាំងចាប់ដឹកសម្ភារៈយោធាចេញពីប្រទេសនីហ្សេដែលធ្លាក់ក្នុងដៃរបស់របបសឹក AFP
ដោយ៖ឈាង បុប្ផា
ថ្ងៃសុក្រទី​២២​ធ្នូ​ជាថ្ងៃចុងក្រោយ ដែល​របបសឹក​នីហ្សេ​ដាក់​ឱសានវាទ​ឲ្យ​បារាំង​ត្រូវតែដកទ័ព​ចេញឲ្យអស់​ពី​ប្រទេស​នីហ្សេ។ ទំនាក់ទំនង​នីហ្សេ ជាមួយអតីតម្ចាស់អាណានិគម​បារាំងធ្លាក់ចុះល្អក់កករ ចាប់តាំងពី​បារាំង​ចេញមុខ​ថ្កោលទោស​ការធ្វើរដ្ឋប្រហារ និងទាមទារ​ឲ្យ​របបសឹក​ដោះលែង​ប្រធានាធិបតី​ដែលជាសម្ព័ន្ធមិត្តរបស់បារាំង។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បារាំង​គ្រោង​នឹង​បិទស្ថានទូត​របស់ខ្លួន​នៅទីក្រុង​នីអាមេ ដោយគ្មានកាលកំណត់ នៅក្នុង​ហេតុផលថា ស្ថានទូត​មិនអាច​ដំណើរការ​ដោយធម្មតា គិតចាប់តាំង​ពី​មាន​រដ្ឋប្រហារ​យោធា នៅ​នីហ្សេ។

 
ទៅតាម​ឱសានវាទ​របស់​របបសឹក​នីហ្សេ​ដែល​ធ្វើរដ្ឋប្រហារ​ទម្លាក់ប្រធានាធិបតី​ស៊ីវិល បារាំង​ត្រូវ​ដកកងទ័ព​របស់ខ្លួន​ឲ្យអស់ យ៉ាងយូរ​បំផុត នៅថ្ងៃ​សុក្រទី ២២​ធ្នូ។ របបសឹក​នីហ្សេ​បានទាមទារ​ឲ្យ​បារាំង​ដកកងទ័ព​ចេញពីទឹកដី នីហ្សេ បន្ទាប់ពីបារាំង​រិះគន់ និង​ទាមទារ​ឲ្យ​របបសឹក​ដោះលែង​លោក​ប្រធានាធិបតី​ លោកបាហ្ស៊ូម សម្ព័ន្ធមិត្ត​របស់​បារាំង ដែល​ត្រូវ​របបសឹកចាប់ខ្លួន​នៅថ្ងៃ​ធ្វើរដ្ឋប្រហារ។
 
មាន​កងទ័ពប្រចាំការ​នៅ​នីហ្សេ ប្រមាណ ១៥០០នាក់ បារាំងចាប់ផ្តើម​ប្រតិបត្តិការ​ដកកងទ័ព​របស់ខ្លួន​ចេញពីនីហ្សេ ជាដំណាក់កាលដំបូង នៅ​ខែ​តុលា នៅក្រោយ​ពី​លោក​ប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ថា នឹង​បញ្ជូនទ័ព​ត្រលប់​ចូលប្រទេស​វិញ​កាលពីខែ​កញ្ញា។
 
ឈរជើង នៅ​មូលដ្ឋានទ័ពអាកាស​របស់​នីហ្សេនៅទីក្រុង​នីអាមេ កងទ័ព​បារាំង​ប្រចាំការ នៅ​នីហ្សេ នៅ​ក្នុង​ក្របខ័ណ្ឌ​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាតអ៊ីស្លាម និងក្រុមអាល់កៃដា​នៅ​តំបន់សាហែល អាហ្រ្វិក។ កងទ័ព​បារាំង​ត្រូវ​ដក​ចេញ​អស់​ពី​នីហ្សេ ដោយ​នៅសល់​តែ​កងទ័ពអាមេរិក និង​កងទ័ពរបស់​ប្រទេស​អឺរ៉ុបមួយចំនួន ដូចជា​អាល្លឺម៉ង់ជាដើម។ នៅ​ដើមសប្តាហ៍នេះ រដ្ឋមន្រ្តីការពារ​ជាតិអាល្លឺម៉ង់​ធ្វើដំណើរ​ទៅទីក្រុង​នីអាមេ​ដើម្បី​និយាយ​ពី​ជោគវាសនា​របស់​កងទ័ពអាល្លឺម៉ង់ ១២០​នាក់​ដែល​ឈរជើង​នៅ​នីហ្សេ។ ចំណែកអាមេរិក​វិញ​នឹង​រក្សា​កងទ័ព​ទាំង ១០០០នាក់​របស់ខ្លួន​នៅ​នីហ្សេ និង​ត្រៀម​សហការជាមួយ​របបសឹក នៅក្នុងករណីដែល​របបសឹក​សន្យា​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​នៅក្នុងពេលឆាប់ខាងមុខ។
 
នៅ​ក្នុង​រយៈពេល​តែ​១ឆ្នាំ​កន្លះ នេះជាលើកទី​៣ដែលបារាំង​ដកទ័ពរបស់ខ្លួន​ចេញពី​ប្រទេស​នៅ​អាហ្វ្រិកដែលធ្លាប់ជាដៃគូប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅ​ទឹកដីអាហ្វ្រិក។
កាលពីឆ្នាំមុន បារាំង​ត្រូវបង្ខំ​ឲ្យដកទ័ពចេញពី​ម៉ាលី និង​បួគីណាហ្វាសូ បន្ទាប់ពីប្រទេស​អាហ្វ្រិកពីរនាក់​ធ្លាក់​ទៅក្នុង​កណ្តាប់ដៃគ្រប់គ្រង​របស់មេដឹកនាំធ្វើរដ្ឋប្រហារ។ ដូចជា​ម៉ាលី និង​ប៊ួគីណាហ្វាសូ នីហ្សេ ដោះដៃ​ចេញពី​អតីតអាណានិគមបារាំង ដោយ​ងាករំកិលខិតទៅជិត​រុស្ស៊ី។
 
បារាំង​នៅ​ចាំ​បទពិសោធដ៏ល្វីងជូរចត់​កាលពីឆ្នាំមុន ព្រោះថា មូលដ្ឋានទ័ពនៅម៉ាលី​ដែលបារាំង​គ្រប់គ្រង​នៅក្នុង​ប្រតិបត្តិការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​នៅតំបន់​សាហ៊ែល ត្រូវ​ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី វ៉ាក់ណែ​ចូលកាន់កាប់ភ្លាមៗ នៅក្រោយ កងទ័ពបារាំង​ត្រូវដកចេញពីម៉ាលី។
 
នៅមុន​ដកទ័ពចុងក្រោយ​ឲ្យអស់ពីនីហ្សេ នៅថ្ងៃសុក្រនេះ បារាំង​បាន​ប្រកាស​នៅសប្តាហ៍នេះ ថា នឹង​បិទស្ថានទូត​របស់ខ្លួន​នៅទីក្រុង​នីអាមេ ដោយ​គ្មានកាលកំណត់។ តាមសេចក្តីប្រកាស​របស់​ក្រសួងការបរទេស​បារាំង​ទៅកាន់​បុគ្គលិក​នៅទីក្រុង​នីអាមេ ដែល​ទីភ្នាក់ងារ ព័ត៌មានអង់គ្លេស​Reuters បាន​ទទួលអាន​នៅថ្ងៃ​ព្រហស្បតិ៍ នៅក្នុង​លក្ខខណ្ឌ​រឹតត្បិត​សព្វថ្ងៃ ដែលធ្វើ​ឲ្យ​ស្ថានទូត​មិនអាច​ដំណើរការ​ទៅ​ដោយធម្មតា បារាំង​ត្រូវ​បិទស្ថានទូតរបស់ខ្លួន​ដោយ​គ្មានកាលកំណត់។
 
គួរបញ្ជាក់ថា នៅក្រោយ​រដ្ឋប្រហារ​ប៉ុន្មានថ្ងៃ ស្ថានទូត​បារាំង​នៅទីក្រុង​នីអាមេ​បាន​រង​ការវាយប្រហារ​ពី​ក្រុមបាតុករ​គាំទ្រ​របបសឹក​នីហ្សេ។ តាំងពីពេលនោះមក បរិវេណជុំវិញស្ថានទូតស្ថិតក្រោមការយាមដ៏តឹងរ៉ឹង​របស់​កងកម្លាំងរបស់របបសឹកដែល​ភាគីបារាំង​ចាត់ទុកថា រឹតត្បិត បង្កការលំបាក ដល់ដំណើរការការងារ​របស់​ស្ថានទូត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com